website_news:2020040606

ប្រទេសថៃអនុញ្ញាតឱ្យពលករចំណាកស្រុកនៅធ្វើការ នៅប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែកក្កដា

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 4 ខែ មិថុនា ឆ្នាំ 2020

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០៖ គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅធ្វើការនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីជួយកាត់បន្ថយ សក្តានុពល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីរក្សាបាននូវកម្លាំងពលកម្ម ខណៈដែលស្ថានភាពកាន់តែប្រសើរឡើងជាលំដាប់។ កន្លងមកក្រសួងមហាផ្ទៃ និងក្រសួងការងារនៃប្រទេសថៃ បានអនុញ្ញាតឱ្យពួកគេស្នាក់នៅ នឹងធ្វើការនៅក្នុងព្រះរាជាណាចក្រនេះរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកសាស្រ្តាចារ្យបណ្ឌិត Narumon Pinyosinwat ត្រូវបានដកស្រង់សម្តីដោយការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (NNT) កាលពីថ្ងៃទី៣ ខែមិថុនាថា ដោយវិធានការណ៍ទប់ទល់នឹងជំងឺនេះនៅតែជាធរមាន ក្រសួងការងារបានកោះហៅប្រជុំគ្រប់អង្គភាពផ្សេងៗ។ ពួកគេបានដោះស្រាយថា ពលករចំណាកស្រុកមកពីប្រទេស ជិតខាងទាំងបីអាចស្នាក់នៅនឹងធ្វើការនៅក្នុងប្រទេសថៃចន្លោះពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា។ ពលករចំណាកស្រុករួមមានពីរក្រុមដែលមួយក្រុមក្នុងនោះមានពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតិការងារដែលចេញក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីបញ្ហាការងារ។

ក្រុមទីពីរ គឺពលករខ្មែរនិងមីយ៉ាន់ម៉ា ដែលកាន់លិខិតឆ្លងដែនស្របតាមមាត្រា ៦៤ នៃច្បាប់ថៃ។ NNT បាននិយាយថា សេចក្តីសម្រេចនេះនឹងកាត់បន្ថយហានិភ័យនៃកម្មករដែលបានចុះកិច្ចសន្យា និងការរីករាលដាលនៃជំងឺកូវីដ-១៩ ការពារការខ្វះខាតកម្លាំងពលកម្មនៅពេលក្រោយ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពប្រសើរឡើង៕ (ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)

website_news/2020040606.txt · Last modified: 2020/06/04 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki