website_news:2020040802

វេទិកាសាធារណ: និង ជួបសំណេះ សំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប !

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 3 ខែ សីហា ឆ្នាំ 2020

សៀមរាប៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨មករា ស្រុកស្រីស្នំ មានរៀបចំវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ មានការចូលរួមពី សមាជិក សមាជិកា ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លោកអភិបាលស្រុកស្ដីទី មន្ត្រី កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងវេទិកានោះ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដោតសំខាន់ទៅលើការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្នុងស្រុកស្រីស្នំ ខណៈស្រុកមួយនេះ នៅតែបន្តមានប្រជាពលរដ្ឋចេញចូលទៅធ្វើការនៅបរទេស ជាពិសេសប្រទេសថៃ ទោះបីមានការហាមប្រាមពីរាជរដ្ឋាភិបាលក៏ដោយ។ ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក និងគណៈគ្រប់គ្រងវិទ្យាល័យ ២៨មករា ដែលជាវិទ្យាល័យគម្រូ ត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយមួយ ដោយរៀបចំសិស្សានុសិស្ស និងយុវជនក្នុងស្រុក ធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ក្នុងស្រុក ដើម្បីឲ្យពួកគាត់ទទួលបានព័ត៌មានបន្ថែមអំពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងបញ្ឈប់ការទៅធ្វើការដោយខុសច្បាប់នៅបរទេស អំឡុងពេលនៃជំងឺកូវីដ-១៩។

ជាមួយនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានទទួលសំណួរ និងសំណូមពរ ចំនួន១០ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ការខ្វះខាតប្រព័ន្ធអគ្គិសនីក្នុងភូមិ-ឃុំមួយចំនួន ការធ្វើអត្តសញ្ញាណបណ្ណមានរយៈពេលយូរ ភាពមិនប្រក្រតីការផ្ដល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ ។ សំណួរទាំងអស់នោះ ត្រូវបានដោះស្រាយដោយមន្ត្រីជំនាញ និងមានការទទួលយកពីម្ចាស់សំណួរ ចំពោះបញ្ហាដីធ្លី និងអគ្គិសនី ឯកឧត្តមបានជម្រាបជូនប្រជាពលរដ្ឋថា ការងារទាំងអស់នេះ ត្រូវការរយៈពេលដោះស្រាយបន្តទៀត ដែលមានអង្គភាពជំនាញចូលរួម ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់ មន្ទីរ និងអង្គភាពជំនាញ ជួយពន្លឿនការចុះសិក្សា ក៏ដូចជាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ដោយឡែក ចំពោះសំណើសុំហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យ ២៨ មករា ការសាងសង់ផ្ទះស្នាក់លោកគ្រូ អ្នកគ្រូ និងបង្កើតភូមិ ឃុំថ្មី តាមរយៈភូមិឧបសម្ព័ន្ធដែលមានស្រាប់របស់ស្រុក ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបថា សំណើរមួយចំនួនត្រូវបានបញ្ជូនទៅកាន់រាជរដ្ឋាភិបាលរួចរាល់ហើយ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ សំណើទាំងនោះត្រូវការរយៈពេល ដើម្បីសម្រេចជក្រោយ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល សម្រាប់សិស្សស្ម័គ្រចិត្ត ទិញសម្ភារៈបណ្ណាល័យស្ថិតក្នុងឃុំជ្រោយនាងងួន និងឃុំប្រិយ៍៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

website_news/2020040802.txt · Last modified: 2020/08/04 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki