website_news:2020040903

បញ្ជូនស្ត្រីបង្ខំក្មេងឲ្យដើរសុំទានទៅតុលាការ

https://www.postkhmer.com/ គឹម សារុំ | Publication date 03 September 2020 | 13:13 ICT

ភ្នំពេញៈ សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំបញ្ជូនស្ត្រីចំណាស់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី១ កញ្ញា ពាក់ព័ន្ធករណីបង្ខំក្មេងប្រុស-ស្រី ៧ នាក់ឲ្យដើរសុំទាននៅរាជធានីភ្នំពេញ។

លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ពីម្សិលមិញថា ស្ត្រីសង្ស័យមាននោះ ឈ្មោះ អ៊ុ យឿន អាយុ ៥៨ ឆ្នាំជាជនជាតិខ្មែរ តែមិនមានមុខរបរ និងលំនៅច្បាស់លាស់ទេ។ សមត្ថកិច្ចរបស់លោកបានសាកសួរស្ត្រីសង្ស័យម្នាក់នោះរួចរាល់ហើយ ហើយត្រូវបញ្ជូនគាត់បន្តមកសាលាដំបូងរាជធានី-ភ្នំពេញនៅថ្ងៃទី ៣ កញ្ញានេះ។ លោកថ្លែងថា៖ «ស្ត្រីចំណាស់ម្នាក់នោះបានឲ្យកុមារៗដើរសុំទានហើយកុមារដែលខាងការិយាល័យខ្ញុំប្រមូលបាន ៧ នាក់នោះ ខ្ញុំបានបញ្ជូនទៅមន្ទីរសង្គមកិច្ចអស់ហើយ»។ លោក កែវ ធា ឲ្យដឹងបន្តថា បើតាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យថា ជារៀងរាល់ព្រឹកគាត់បាននាំក្មេងៗទៅសុំទាននៅតាមសួនច្បារម្តុំសណ្ឋាគារសុខាត្រើយខាងកើតរហូតដល់ពេលល្ងាច ទើបគាត់នាំពួកគេទៅដេកនៅតាមសំយាបផ្ទះពលរដ្ឋនៅម្ដុំសង្កាត់ជ្រោយចង្វារវិញ។ ចំពោះក្មេងម្នាក់ៗក្នុង ១ ថ្ងៃ ដើរសុំទានពីភ្ញៀវបានលុយចន្លោះពី ២ ម៉ឺន ទៅ ៣ ម៉ឺនរៀល ប៉ុន្តែស្ត្រីនោះយកទាំងអស់ដោយទុកឲ្យពួកគេម្នាក់ៗចាយពី ១ ពាន់ទៅ ២ ពាន់រៀលប៉ុណ្ណោះ។ លោកឲ្យដឹងដែរថា ប្រតិបត្តិការចាប់ខ្លួននេះគឺមានការចូលរួមសហការពីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការមេត្រីអន្តរជាតិ (AIM), អង្គការពន្លកថ្មី និងអាជ្ញាធរមូលដ្ឋានដែលនៅចំណុចតាមសួនច្បារ ម្តុំសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចលោកបានឃាត់ខ្លួនបានស្ត្រីម្នាក់ និងរំដោះបានកុមារា-កុមារីចំនួន ៧ នាក់។ បន្ទាប់មកបានប្រគល់កុមារទាំងនោះទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ភ្នំពេញឲ្យដឹងពីម្សិលមិញដែរថា កុមារទាំង ៧ នាក់នោះមាន ៥ នាក់ ជាកុមារា និង ២ នាក់ ជាកុមារី ដែលមានអាយុចន្លោះពី ២ ឆ្នាំទៅ ៦ ឆ្នាំ ប៉ុន្តែពួកគេសុទ្ធតែមិនចេះអក្សរ។ តាមចម្លើយរបស់កុមារនោះថា ពួកគេរស់នៅម្តុំច្រាំងចំរេះប៉ុន្តែលោកស្រីមិនទាន់យកជាការបានទេព្រោះខ្លាចក្មេងទាំងនោះនៅតូចមិនស្គាល់លំនៅច្បាស់លាស់។

លោកស្រីបានបន្តថា បន្ទាប់ពីទទួលបានកុមារទាំង ៧ នាក់មកគឺមន្ត្រីរបស់លោកស្រីកំពុងសួរពីប្រវត្តិរបស់ពួកគេជាមួយនឹងការពិនិត្យសុខភាព និងផ្តល់អាហារឲ្យហូបចុកផង។ ចំណែកម្តាយឪពុក ឬសាច់ញាតិរបស់ពួកគេវិញគឺ មន្ត្រីរបស់លោកស្រីកំពុងស្រាវជ្រាវរកមិនទាន់ឃើញទេ។ តែបើក្នុងករណីពួកគេមិនមានម្តាយឪពុកវិញ គឺខាងមន្ទីរសង្គមកិច្ចមានមណ្ឌលមួយសម្រាប់ឲ្យពួកគេស្នាក់នៅដែលហៅថាមណ្ឌលថែទាំជំនួស។ លោកស្រីបានឲ្យដឹងដែរថា បច្ចុប្បន្នខាងមន្ទីរសង្គមកិច្ចរាជធានីមានដៃគូសហការក្នុងការថែទាំក្មេងទាំងរដ្ឋ និងអង្គការព្រមទាំងមានមណ្ឌលគាំទ្រកុមារនៅតាមសហគមន៍ផងដែរ៕

website_news/2020040903.txt · Last modified: 2020/09/04 15:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki