website_news:2020041202

អាជ្ញាធរថៃដាក់កម្លាំងពិនិត្យតឹងតែងនៅតំបន់ព្រំដែនជាប់កម្ពុជាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

https://www.rfa.org/khmer/news/ ដោយ វែន សុមេធ 2020-12-03

អាជ្ញាធរថៃខេត្តស្រះកែវ (Sra Keao) បានបន្ថែមកម្លាំងត្រួតពិនិត្យនៅតំបន់ព្រំដែនជាប់កម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្រោយកម្ពុជាមានជំងឺកូវីដឆ្លងសហគមន៍។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ព្រំដែនជួបការលំបាកកាន់តែខ្លាំង ដោយសារបាត់បង់មុខរបររកប្រាក់ចំណូលដោះស្រាយជីវភាព។

អាជីវករខ្មែរមានតូបលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ថ្លែងនៅរសៀលថ្ងៃទី៣ ធ្នូថា ចាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតដល់ផ្សាររ៉ុងក្លឿ អាជ្ញាធរថៃបានដាក់ប៉ុស្តិ៍យាមយ៉ាងតឹងតែង ៣កន្លែង ដើម្បីត្រួតពិនិត្យពលរដ្ឋខ្មែរ ដែលថៃអនុញ្ញាតឱ្យបើករថយន្តចូលទៅមើលទំនិញក្នុងផ្សារថៃមួយថ្ងៃ ៥០គ្រឿង។ ពលរដ្ឋរូបនេះបន្ថែមថា នៅគ្រប់កន្លែងត្រួតពិនិត្យនោះ មានគ្រូពេទ្យថៃយកឧបករណ៍វាស់កម្ដៅ ដល់អ្នកធ្វើដំណើរនិងបាញ់ថ្នាំនៅលើកង់ឡានសម្លាប់មេរោគជាដើម៖ «និយាយវាមិនឱ្យយើងដើររហេតរហូតទេ ហើយបើពីណាអត់ពាក់ម៉ាស់អី ផាកលុយម្នាក់ ៥ពាន់បាត (៥.០០០)។ ដល់អីចឹង អ្នកណាក៏ពាក់ម៉ាស់ដែរ។ បានគេបើកឱ្យឡានខ្មែរចូល ៥០គ្រឿង ពួកខ្ញុំចូលទៅរកលុយបានតក់ៗ ខ្លះ បានអ្នកស្គាល់គ្នាគេផ្ញើអីវ៉ាន់គ្រាន់បានលុយទិញម្ហូបខ្លះ ហើយឥឡូវនៅក្នុងគេធ្វើបាបយើង មិនឱ្យយើងដឹកអីវ៉ាន់រញ៉េរញ៉ៃទៀត»។ លោកស្រីឱ្យដឹងថា អាជ្ញាធរថៃព្រមាននឹងបិទមិនឱ្យរថយន្តរបស់ខ្មែរចូលទៅក្នុងផ្សាររ៉ុងក្លឿនោះទេ ប្រសិនបើថៃរកឃើញពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺកូវីដ១៩។

ទូរទស្សន៍ថៃ ភីប៊ីអែស (Thai PBS) បានផ្សាយកាលពីថ្ងៃទី៣០ វិច្ឆិកាឱ្យដឹងថា អាជ្ញាធរថៃបានបន្ថែមកម្លាំងទាហានជាច្រើននាក់យាមការពារយ៉ាងតឹងតែងទាំងយប់ទាំងថ្ងៃ នៅតំបន់ព្រំដែនជាប់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ ប្រភពដដែលបន្ថែមថា ការធ្វើបែបនេះដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីជំងឺនេះបានឆ្លងចូលនៅក្នុងសហគមន៍នៅកម្ពុជា។

ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីថា ការរឹតបន្តឹងនេះអាជ្ញាធរថៃបានសហការគ្នាជាមួយសមត្ថកិច្ចរបស់កម្ពុជាបានអនុវត្តជាច្រើនខែមកហើយ គឺពុំមែនទើបតែអនុវត្តពេលមានឆ្លងជំងឺកូវីដនៅក្នុងសហគមន៍នោះទេ។ លោកបន្ថែមថា អំឡុងពេលនេះថៃក៏នៅតែបន្តចាប់ពលករខ្មែរប្រគល់មកឱ្យអាជ្ញាធរកម្ពុជាផងដែរ។ លោកប្រាប់ថា កាលពីថ្ងៃទី២ ធ្នូ សមត្ថកិច្ចថៃបានចាប់ពលករខ្មែរជាង ១០០នាក់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ៖ «តឹងរ៉ឹងទាំងខ្មែរទាំងថៃអីតឺងទាំងអស់គ្នា។ បាទគេតឹងរ៉ឹងទាំងអស់ គេខ្លាចខ្មែរយើងលួចចូលទៅ។ វាគ្រប់សព្វហ្នឹងឯង តាំងពីយើងផ្ទុះជំងឺកូវីដមក»។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ចាប់តាំងពីអាជ្ញាធរថៃបិទច្រកទ្វារព្រំដែនជាប់កម្ពុជាមកបានប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋនៅតំបន់ព្រំដែន។ លោកបន្តថា ការរឹតបន្តឹងព្រំដែននៅពេលថ្មីៗ នេះនឹងប៉ះពាល់ពលរដ្ឋកាន់តែខ្លាំងជាពិសេសអ្នកដែលមានតូបលក់ដូរនៅក្នុងប្រទេសថៃ និងពលរដ្ឋដែលស៊ីឈ្នួលលីសែងទំនិញឱ្យថៃធ្វើឱ្យបាត់បង់ប្រាក់ចំណូល៖ «ចង់និយាយថាការបិទច្រកនេះការប៉ះពាល់មានវិសាលភាពធំធេងណាស់សម្រាប់កម្មករនៅក្នុងប៉ោយប៉ែតនេះ គឺប៉ះពាល់ធ្ងន់មែនទែន។ ជីវភាពហ្នឹងគឺកាន់តែយ៉ាប់ទៅ ឥឡូវវាមហាសែនវេទនាដូចមមាចត្រូវភ្លើងអីចឹង។ ដូចខ្ញុំអីឥឡូវខ្ចីលុយគេចាយ ឥឡូវនិយាយអត់កើតទេ និយាយពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋហ្នឹង វាវេទនាមែនទែន មិនដឹងថានិយាយយ៉ាងម៉េចកើត បើនិយាយទៅគឺនៅដដែលអីចឹង»។

អាជ្ញាធរថៃបានបិទច្រកព្រំដែនជាប់កម្ពុជាចាប់តាំងពីចុងខែមីនា ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ហើយមកទល់ថ្ងៃទី៣ ធ្នូ មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ។ បច្ចុប្បន្នអាជ្ញាធរកម្ពុជា និងថៃបានអនុញ្ញាតឱ្យចំពោះតែរថយន្តដឹកទំនិញ និងអ្នកបើកបរ ២នាក់ក្នុងរថយន្តមួយគ្រឿងអាចចេញចូលតាមច្រកទ្វារព្រំដែនប្រទេសទាំងពីរបានជាធម្មតា៕

website_news/2020041202.txt · Last modified: 2020/12/04 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki