website_news:2020041204

ផ្ទះសម្ភពក្លែងក្លាយបង្ខាំងស្រ្តីទុកឲ្យបុរសរំលោភយកកូនលក់

http://kampucheathmey.com/ December 3, 2020 By Sok Sovann

កាលពីថ្ងៃអង្គារ ប៉ូលិសបានវាយឆ្មក់ “រោងចក្រផលិតកូន” នីហ្សេរីយ៉ាមួយកន្លែងដែលនៅទីនោះ បុរសត្រូវបានគេជួលដើម្បីធ្វើឲ្យស្ត្រីមានកូនមុនពេលកូនទាំងនោះត្រូវបានគេលក់។ ជនរងគ្រោះចំនួន១០នាក់ត្រូវបានជួយសង្គ្រោះ។

អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានជួយសង្គ្រោះកុមារ៤នាក់និងស្ត្រី៦នាក់ដែលក្នុងនោះមាន៤នាក់មានផ្ទៃពោះ ចេញពីផ្ទះសម្ភពខុសច្បាប់មួយកន្លែង។ ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងនៅទីតាំងដែលគេហៅថា “រោងចក្រផលិតកូន” នៅភាគនិរតីរដ្ឋ Ogun ដោយស្ត្រីម្នាក់កំពុងជាប់ចោទពីបទជួញដូរមនុស្សរួចទៅហើយ។ អ្នកនាំពាក្យប៉ូលិសលោក Abimbola Oyeyemi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ដោយធ្វើសកម្មភាពតាមការឲ្យតម្រុយ ក្រុមរបស់យើងបានវាយឆ្មក់ចូលផ្ទះសម្ភពខុសច្បាប់មួយកន្លែង និងបានជួយសង្គ្រោះមនុស្សចំនួន១០នាក់ដោយក្នុងនោះមានក្មេង៤នាក់និងស្ត្រី៦នាក់ដែល៤នាក់មានផ្ទៃពោះ”។ គាត់និយាយថា ស្ត្រីទាំងនោះបានប្រាប់ប៉ូលិសថា ម្ចាស់ផ្ទះបានជួលបុរសមកធ្វើឲ្យពួកគេមានផ្ទៃពោះហើយបន្ទាប់មកលក់កូនដែលទើបនឹងកើតដើម្បីយកប្រាក់ចំណេញ។ ទីតាំងបែបនេះច្រើនតែជាកន្លែងខុសច្បាប់ដោយក្លែងធ្វើជាគ្លីនិកឯកជនដែលមានស្ត្រីមានផ្ទៃពោះហើយបង្កើតកូនសម្រាប់លក់។ ក្នុងករណីខ្លះ ស្ត្រីវ័យក្មេងត្រូវបានគេឃុំឃាំងប្រឆាំងនឹងឆន្ទៈរបស់ពួកគេហើយចាប់រំលោភមុនពេលកូនរបស់ពួកគេត្រូវបានលក់នៅលើទីផ្សារងងឹត៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Daily Mail

website_news/2020041204.txt · Last modified: 2020/12/04 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki