website_news:2020050301

កម្ពុជាបង្កើតសន្ធិសញ្ញាបើកផ្លូវឱ្យមានការផ្ទេរអ្នកទោសទៅវិញទៅមកជាមួយរៀតណាម

http://www.rfi.fr/km/cambodia/ ចុះផ្សាយនៅថ្ងៃ: 04/03/2020 ដោយ៖វណ្ណ សុគន្ធា

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាការផ្ទេរអ្នកទោសរវាងកម្ពុជា និងវៀតណាម បានទៅដល់ដៃរដ្ឋសភាជាតិហើយ។ កាលពីថ្ងៃអង្គារ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ មុនបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីលើកទៅប្រជុំសភាពេញអង្គនាពេលខាងមុខ។ បើតាមរដ្ឋសភាកម្ពុជា សន្ធិសញ្ញាថ្មីនេះគឺអាចឱ្យកម្ពុជាមានសិទ្ធិស្នើសុំអ្នកទោសដែលជាជនជាតិខ្មែរហើយជាប់ទោសនៅវៀតណាមមកអនុវត្តទោសបន្តនៅកម្ពុជាវិញ។

លោកឡេង ប៉េងឡុង អគ្គលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា បានពន្យល់ពីសារៈសំខាន់នៃសន្ធិសញ្ញាថ្មីនេះថា ប្រសិនបើជនជាតិកម្ពុជាណាម្នាក់បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាមកាត់ទោសតាមច្បាប់នោះ គឺកម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសនោះពីវៀតណាមមកអនុវត្តទោសបន្តនៅប្រទេសកម្ពុជាវិញបានតាមរយៈសន្ធិសញ្ញាផ្ទេរអ្នកទោសរវាងកម្ពុជា និងវៀតណាមនេះ។ លោកថា សន្ធិសញ្ញានេះ គឺនឹងជួយការពារសិទ្ធិអ្នកទោសដែលជាជនជាតិខ្មែរ។

បើតាមលោកឡេង ប៉េងឡុង អ្នកទោសជាជនជាតិខ្មែរដែលជាប់ទោសនៅប្រទេសវៀតណាមអាចជួបការលំបាកច្រើន ទាំងការមិនចេះភាសាវៀតណាម ស្ថានភាពស្នាក់នៅ ហើយបងប្អូនសាច់ញាតិក៏ពិបាកក្នុងការទៅសួរសុខទុក្ខទៀត។ ដូច្នេះហើយ លោកសង្កត់ធ្ងន់ថា តាមរយៈសន្ធិសញ្ញាថ្មីនេះ គឺអ្នកទោសខ្មែរអាចយកមកកម្ពុជាវិញបានដែលផ្តល់ភាពងាយដល់ពួកគេ។ ចំពោះភាពខុសគ្នានៃទំហំដាក់ទោសទណ្ឌរវាងកម្ពុជា និងវៀតណាម តួយ៉ាង វៀតណាមមានទោសប្រហារជីវិត ឯកម្ពុជាមានត្រឹមទោសដាក់ពន្ធនាគារអស់ជីវិតនោះ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា បញ្ហានេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាមនឹងពិភាក្សា និងសម្របសម្រួលគ្នាបន្ថែមទៀត។

សូមជម្រាបជូនថា សន្ធិសញ្ញាផ្ទេរអ្នកទោសនេះ គឺកម្ពុជាធ្វើជាលើកទី១ហើយជាមួយនឹងប្រទេសវៀតណាម។ វៀតណាម ក៏ដូចជាថៃ និង ប្រទេសឡាវជាដើម គឺមានតែបត្យាប័នជាមួយគ្នាតែប៉ុណ្ណោះ។ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថា សន្ធិសញ្ញាផ្ទេរអ្នកទោស និងបត្យាប័ន គឺមានភាពខុសគ្នា។ ខុសគ្នានៅត្រង់ថា បត្យាប័ន គឺជាកិច្ចសហការចាប់បញ្ជូនជនល្មើសទៅកាត់ទោសនៅក្នុងប្រទេសដែលបានស្នើសុំ។

ចំណែក សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោសនេះវិញ គឺអនុវត្តទៅលើអ្នកដែលត្រូវបានកាត់ទោសជាស្ថាពរ ហើយកំពុងអនុវត្តទោស។ ដូច្នេះហើយ កម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសនោះ មកអនុវត្តទោសបន្តនៅក្នុងប្រទេសកំណើតវិញបាន ហើយវៀតណាមក៏អាចធ្វើបានដូចគ្នានេះដែរជាមួយកម្ពុជា។ បើតាមលោកជិន ម៉ាលីន ក្រៅពីប្រទេសវៀតណាមនេះ កម្ពុជាក៏គ្រោងនឹងធ្វើសន្ធិសញ្ញាផ្ទេរអ្នកទោសនេះជាមួយបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ៕

website_news/2020050301.txt · Last modified: 2020/03/05 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki