website_news:2020050602

ចុះជួបប្រជាពលរដ្ឋនិងស្ត្រីងាយរងគ្រោះ ប្រមាណ១០០គ្រួសារ នៅស្រុកមោងឫស្សី

https://www.rasmeinews.com/ June 5, 2020, 10:58 AM

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០លោកអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្រជាពលរដ្ឋ និងស្ត្រីងាយរងគ្រោះ ចំនួនប្រមាណ១០០គ្រួសារនៅស្រុកមោងឫស្សីខេត្តបាត់ដំបង។ ចូលរួមក្នុងពិធីចុះសួរសុខទុក្ខនេះដែរមានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក លោកស្រីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (ដែលហៅកាត់ថា គ.ក.ស.ក) លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព តំណាងអង្គការUNFPA លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងស្ត្រីងាយរងគ្រោះប្រមាណ ១០០គ្រួសារ លោកស្រីជូ ប៊ុនអេង ក៏បាននាំយកអំណោយផ្ទាល់ខ្លួននិងអង្គការUNFPA ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីងាយគ្រោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន។

សូមជម្រាបថាបន្ទាប់ពិធីសំណេះសំណាលនេះលោកស្រីរដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានបន្តដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោឫស្សី និងបានជូនកញ្ចប់ឃីតដល់អ្នកជម្ងឺដែលកំពុងសម្រាក និងសម្រាលកូនក្នុងមន្ទីរពេទ្យនោះផងដែរ។

ក្នុងឱកាសនោះដែរអង្គការUNFPAក៏បានឧបត្ថម្ភកញ្ចប់ឃីតដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (ដែលហៅកាត់ថា គ.ក.ស.) ចំនួន ២០០ ឃីត សម្រាប់ចែកចាយបន្តដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងជាកិច្ចការមនុស្សធម៌នៅមូលដ្ឋានក្នុងខេត្តផងដែរ៕/B

website_news/2020050602.txt · Last modified: 2020/06/05 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki