website_news:2020050603

អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ ចុះសួរសុខទុក្ខពលករមកពីក្រៅប្រទេស និងផ្សព្វផ្សាយជំងឺកូវីដ១៩

http://www.freshnewsasia.com/ 2020-06-05

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ អមដំណើរដោយលោកស្រីអភិបាលរងស្រុក និងក្រុមការងារ បានចុះសួរសុខទុក្ខពលករមកពីក្រៅប្រទេស និងផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ នៅក្នុងឃុំទ្រៀល ឃុំពង្រ ឃុំអណ្តូងពោធិ៍ ចំនួន៧នាក់ ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងបានឧបត្ថម្ភ ដល់គ្រួសារទីទ័លក្រផងដែរ។

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដែលបានផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកបន្តថា សុខទុក្ខប្រជាពលរដ្ឋជាសុខទុក្ខ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ពលករដែលមកពីក្រៅប្រទេសត្រូវដាក់ខ្លួននៅដោយឡែកពីគេ ហើយត្រូវសម្អាត និងរក្សាអនាម័យជាប្រចាំតាមការណែនាំរបស់ក្រុមការងារថ្នាក់ភូមិ ឃុំ ស្រុកនិងក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេល និងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ លោកក៏បានអំពាវនាវ និងសំណូមពរដល់បងប្អូនពលករសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាព សម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រសិនបើមានបញ្ហា ឬសង្ស័យលើសុខភាពមិនប្រក្រតីសូមរាយការណ៍ដល់អាជ្ញាធរ ឬទៅមណ្ឌលសុខភាព។

ជាមួយក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ក្នុងនោះផងដែរអភិបាលស្រុកបានជំរុញឲ្យមាតាបិតាបង្រៀនកូននៅ តាមផ្ទះជាពិសេសក្រសួងអប់រំបានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ទៅតាមដែលអាចធ្វើបាន៕

website_news/2020050603.txt · Last modified: 2020/06/05 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki