website_news:2020050802

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្ថានទូតអូស្រ្តាលី ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី

http://www.freshnewsasia.com/ 2020-08-04 10:24pm

(ព្រះសីហនុ)៖ នារសៀលថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោក Pablo Kang ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ នៅក្នុងឱកាសដែលលោកចូលបំពេញការងារនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយបានសម្ដែងនូវក្តីសង្ឃឹមថា លោកនឹងបន្តការងារក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តទៅទៀត។ ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសម្ដែងនូវអំណរគុណចំពោះការជួយឧបត្ថម្ភ គ្រប់បែបយ៉ាង ហើយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ ចំពោះកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ផ្នែកច្បាប់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី ។ល។លោកឧត្តមសេនីយ៍ស្នងការ បានវាយតម្លៃខ្ពស់ចំពោះជំនួបនេះដែលនឹងរឹតបន្តឹងបន្ថែមនូវ ទំនាក់ទំនងការងារដ៏ជិតស្និទ្ធរវាង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្ថានទូតអូស្រ្តាលី ជាពិសេសលើផ្នែកច្បាប់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី ។ល។ និងបានសម្ដែងនូវក្តីសង្ឃឹមថា ឯកឧត្តមឯកអគ្គរាជទូត នឹងបន្តនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ៕

website_news/2020050802.txt · Last modified: 2020/08/05 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki