website_news:2020050803

ឃាត់ខ្លួនពលករខ្មែរឆ្លងដែនទៅថៃខុសច្បាប់ចំនួន៧នាក់

http://nokorwatnews.com/ 04-08-2020

ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុស ស្រីចំនួន៧នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសង្កែល្បាតឃើញនៅវេលាម៉ោង៤ល្ងាច ថ្ងៃ ទី៣ ខែសីហា ឆ្នាំ ២០២០ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍សង្កែ ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី បានចាញ់បោកមេខ្យល់ថា ជូនទៅស្រុកថៃរកការងារកន្លែងល្អៗឲ្យធ្វើ ។

លោកវរសេនីយ៍ត្រី ឡុក ធី នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនសង្កែបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោកបានដឹកនាំនគរបាលជាច្រើននាក់ចុះល្បាតនៅចំណុចភូមិសាស្ត្រសង្កែ ស្រាប់បានប្រទះឃើញពលករ ប្រុស ស្រីចំនួន៧នាក់ បម្រុងលួចឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើនៅ ប្រទេសថៃខណ:ដែលគេដឹងថា មកដល់ពេលនេះសមត្ថកិច្ចថៃមិនទាន់បានឲ្យដំណឹងថា តម្រូវការកម្មករធ្វើការនោះទេដោយសារជំងឺ កូវីដ-១៩រាតត្បាតពេញពិភពលោក ពិសេសប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង រួចបង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន។ ក្នុងនោះ រោងចក្រត្រូវបិទទាំងស្រុង ធ្វើឲ្យពលករខ្មែរខ្លះបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ មកស្រុកខ្មែរវិញ។ រហូតមកដល់សព្វថ្ងៃនេះដែរប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយ ប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ ជាមួយគ្នានេះដែរសមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។

យ៉ាងណាក្រោយពីឃាត់ខ្លួនពលករទាំង៧នាក់នេះ ដែលមកពីខេត្តបន្ទាយមានជ័យមានចំនួន៥នាក់ និងខេត្តតាកែវចំនួន ២នាក់ សមត្ថកិច្ចបាននបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កទី១ វិទ្យាល័យម៉ាឡៃដើម្បីពិនិត្យសុខភាពនិងបានធ្វើការណែនាំឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់កុំឲ្យចាញ់បោកមេខ្យល់ទៀត៕ ៖ប្រាថ្នា

website_news/2020050803.txt · Last modified: 2020/08/05 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki