website_news:2020051001

លោក ប្រាក់ សុខុន ស្នើថៃ អនុញ្ញាតឲ្យពលករខ្មែរ អាចត្រឡប់ទៅធ្វើការវិញ និងសុំឲ្យបញ្ចុះតម្លៃចត្តាឡីស័ក

https://thmeythmey.com/ 04, Oct 2020 , 6:19 pm

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ដុន ប្រាមុដវីណៃ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានពិភាក្សាគ្នា តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ពិសេសរម្លឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ រួមទាំងផ្លាស់ប្តូរយោបល់គ្នាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។ ខ្លឹមសារនៃកិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ ត្រូវបានស្រង់យកទៅផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានលោក ប្រាក់ សុខុន បានស្នើភាគីថៃឲ្យអនុញ្ញាតពលករកម្ពុជាដែលកាន់បណ្ណព្រំដែន និងពលករកម្ពុជា ដែលចុះឈ្មោះធ្វើការតាមអនុស្សារណៈស្តីពីការយោគយល់គ្នា អាចវិលត្រឡប់ទៅធ្វើការនៅថៃវិញ និងស្នើឲ្យបញ្ចុះតម្លៃលើការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ តម្លៃជាទូទៅនៃការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅថៃ គឺប្រមាណជាង៤៤០ដុល្លារ។ ដោយសារតែជំងឺកូវីដ-១៩ អាជីវកម្ម និងកន្លែងធ្វើការនានា ក្នុងប្រទេសថៃ ត្រូវបានផ្អាក ដែលបណ្តាលឲ្យពលករខ្មែរ គ្មានការងារធ្វើ ហើយក៏សម្រុកមកកម្ពុជាវិញ។ របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរជាង១សែននាក់ បានត្រឡប់មកពីបរទេស ជាពិសេសពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក៏មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលទៅទឹកដីថៃវិញដែរ តាមខេត្ត ដែលនៅជាប់ប្រទេសថៃ។ ដោយសាតែកម្ពុជានិងថៃ នៅតែបន្តបិទព្រំដែន ដូច្នេះ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបង្ខំលបលួចចូលប្រទេសថៃ តាមច្រកផ្សេងៗ ដែលគ្មានសមត្ថកិច្ចឈរជើង ដើម្បីទៅស្វែងរកការងារធ្វើវិញ។ ពេលខ្លះពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជា ប្រទះឃើញ ហើយក៏រារាំង ហើយពេលខ្លះ បានចូលទៅដល់ទឹកដីថៃ ក៏ត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ។ បច្ចុប្បន្ន នៅតែមានពលរដ្ឋខ្មែរ បន្តលួចឆ្លងដែន ចូលទៅថៃ។

គេ ពុំដឹងថា រដ្ឋមន្ត្រីការបរទេសថៃ ឆ្លើយតបយ៉ាងណា ឬក៏មិនឆ្លើយតបនោះទេ ចំពោះសំណើរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលសុំភាគីថៃ ជួយសម្រួលឲ្យពលករកម្ពុជាបានទៅធ្វើការនៅថៃវិញ និងជួយបញ្ជុះតម្លៃនៃការធ្វើចត្តាឡីស័ក ដោយសារតែសេចក្តីប្រកាសព័ត៌មាន ពុំបានសរសេរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក ប្រាក់ សុខុន បានអរគុណភាគីថៃ ចំពោះការពន្យារសុពលភាពទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតឲ្យធ្វើការ ដល់ពលករកម្ពុជា ព្រមទាំងបង្កើតអត្ថប្រយោជន៍សម្រាប់អ្នកបាត់បង់ការងារនិងអត្ថប្រយោជន៍ផ្នែកសង្គមនានា ដល់ពលករ ដែលត្រូវបានព្យួរការងារ។ ជាមួយគ្នានេះ លោក បានសង្កត់ធ្ងន់ពីសារសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយសង្ឃឹមថា វ៉ាក់សាំងរបស់ថៃ នឹងត្រូវបានផលិតដោយជោគជ័យនិងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ។

បន្ថែមពីនេះ ប្រមុខការទូតកម្ពុជា បានអរគុណរដ្ឋាភិបាលថៃ ដែលបានផ្តល់ជំនួយថវិកានិងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សេចក្តីប្រកាសព័ត៌មាន សរសេរថា ប្រមុខការទូតថៃ បានអរគុណរដ្ឋាភិបាលកម្ពុជាវិញ ចំពោះការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តរបស់ពលរដ្ឋថៃ ក្នុងអំឡុងកូវីដ-១៩។ ប្រមុខការទូតទាំងពីរ បានសរសើរគ្នាទៅវិញទៅមក លើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លើសពីនេះ លោក ប្រាក់ សុខុន និង លោក ដុន ប្រាមុដវីណៃ បង្ហាញក្តីរីករាយ ចំពោះពាណិជ្ជកម្មដ៏រឹងមាំនៃប្រទេសពីរ បើទោះបីជាមានការរាលដាលជំងឺកូវីដ-១៩ក្តី។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ភាគីកម្ពុជា បានស្នើភាគីថៃ ឲ្យជួយសម្រួលការដឹកជញ្ជូនទំនិញឆ្លងដែន បង្កើនការនាំចូលកសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនឆ្លងដែន និងការងារសំខាន់ៗដទៃទៀត៕

website_news/2020051001.txt · Last modified: 2020/10/05 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki