website_news:2020051002

ទូតខ្មែរប្រចាំប្រទេសថៃ ស្នើសុំ៤ចំណុច ទៅភាគីថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុង ការរីករាលដាលជំងឺកូវីដ១៩

https://dap-news.com/ ByVNT108 Posted on October 2, 2020

ភ្នំពេញ៖ ស្របពេលដែល រាជរដ្ឋាភិបាលថៃបាន ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេលមួយខែទៀត លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើសុំ៤ចំណុច ទៅកាន់លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩។ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក អ៊ូក សោភ័ណ បានស្នើសុំ៤ចំណុច ទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖

១-ស្នើសុំភាគីថៃជួយសម្រួល ដល់ពលករកម្ពុជា ដែលបានដំណើរការចូល មកធ្វើការក្នុងប្រទេសថៃ តាមប្រពន្ធ័ MoU ប៉ុន្តែមិនទាន់បានដំណើរការ ឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន នៅថៃសិន និងរង់ចាំក្រសួងការងារថៃ បើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។

២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការ ស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។ ៣-ស្នើសុំសម្រួលបើកឱ្យ នាំចូលពលករបរទេស ចូលមកធ្វើការក្នុងប្រទេសថៃ តាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយ លើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។

៤-ស្នើសុំការនាំពលករចូលមកធ្វើការ នៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយ ក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។

ជាការឆ្លើយតប ភាគីថៃបានឆ្លើយតប និងស្នើចំនួនពីរចំណុចដូចខាងក្រោម:

-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុង បន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជា វិញឲ្យបានឆាប់ ។

-ស្នើឲភាគីកម្ពុជា ជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕

website_news/2020051002.txt · Last modified: 2020/10/05 12:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki