website_news:2020051003

យោធាថៃចាប់ពលករខ្មែរចំណាកស្រុក ៧ នាក់ឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ ក្នុងស្ថានភាពកូវីដ-១៩មិនទាន់ធូរស្បើយ

http://nokorwatnews.com/ 04-10-2020

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន៧នាក់ ត្រូវសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះខណ:ស្ថានការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩មិនទាន់ធូរស្បើយនៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ។ ប្រភពពីព្រំដែនខ្មែរថៃបានឲ្យដឹងថា នៅថ្ងៃ៣តុលានេះ សមត្ថកិច្ចកងរយទាហានប្រាណទី1205 កងកម្លាំងបូរផា បានចាត់កម្លាំងល្បាតនិងតាមឃ្លាំមើលក្នុងតំបន់ទទួលខុសត្រូវ ហើយបានពិនិត្យឃើញពលរដ្ឋខ្មែរ កំពុងដើរចំនួន៣នាក់ ក្នុងនោះមានប្រុស២នាក់ស្រី១នាក់ នៅបរិវេណភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ក៏ឃាត់ខ្លួន។ពលករខ្មែរទាំង៣នាក់ នោះមានឈ្មោះ

១/ឈ្មោះប៊ុន ឌី ប្រុស អាយុ៣៧ឆ្នាំ។

២/ឈ្មោះ ខែម ឡា ប្រុស អាយុ២០ឆ្នាំ ។

៣/ឈ្មោះ ម៉ានី ស្រី អាយុ៤០ឆ្នាំ ។ អ្នកទាំង៣រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានឯកសារធ្វើដំណើរត្រឹមត្រូវ ហើយចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ស៊ីឈ្នួលទូទៅផ្នែកកសិកម្ម នៅទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដោយសារខាងកម្ពុជា មិនមានការងារធ្វើ ។

ពលករទាំងនោះនិយាយថា ពួកគាត់អ្នកខ្លះធ្លាប់ចូល-ចេញថៃ ២០លើកហើយ។ ទើបតែម្តងនេះសមត្ថកិច្ចថៃចាប់ខ្លួនពួកគាត់នាំខ្លួនទៅឲ្យកងរយទី127 ក្នុងភូមិ ណូន ម៉ាកមុន ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ។

ប្រភពមួយទៀតបានឲ្យដឹងថាថា ប៉ុន្មានម៉ោងមុននេះ អំឡុងពេលសមត្ថកិច្ចទាហានចេញល្បាត ក៏បានប្រទះឃើញបុគ្គលគួរឲ្យសង្ស័យចំនួន៤នាក់ទៀត ក្នុងនោះប្រុស២នាក់ ស្រី១នាក់និងក្មេងប្រុស១នាក់កំពុងដើរមកតាមផ្លូវក្នុងទឹកដីថៃ ព្រមទាំងស្ពាយសម្ភារៈផង ឆ្លងកាត់បរិវេណភូមិណង ញ៉ាផ្លង ឃុំប៉ារ៉ៃ ។ពលករទាំងនេះបានព្យាយាមរត់ឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិលំនៅឋានវិញ ទើបសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននាំមកសួរចម្លើយ ក្នុងនោះមានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ អ៊ាន ណេត ប្រុស អាយុ២៤ឆ្នាំ

២/ឈ្មោះអ៊ាន មេក ប្រុស អាយុ២៧ឆ្នាំ

៣/ឈ្មោះ គួង សាឡេន ស្រី អាយុ២០ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត។

អ្នកទាំង៤រស់នៅខេត្តបាត់ដំបង ចូល-ចេញ ប្រទេសថៃ២០-២២ លើកមកហើយ ដោយមិនមានឯកសារធ្វើដំណើរ ។ក្រោយពីសមត្ថកិច្ចសួរចម្លើយនឹងចុះក្នុងកំណត់ហេតុ ទើបនាំខ្លួនបញ្ជូនទៅឲ្យកងរយទី127 ក្នុងភូមិណូន ម៉ាកមុន ដើម្បីបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ៕ដោយ៖វណ្ណា

website_news/2020051003.txt · Last modified: 2020/10/05 12:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki