website_news:2020051004

ពលករខ្មែរឆ្លងដែនខុសច្បាប់ មានចំនួន ៦៤នាក់ ត្រូវ អាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញ, ឯ១៣៧នាក់ទៀតបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

https://www.cen.com.kh/ October 5, 2020

ប៉ោយប៉ែត៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៦៤នាក់ ស្រី ១៦នាក់ និងកុមារ ៣នាក់។ ចំពោះពលករខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា។

ចំណែកនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១៣៧នាក់ ស្រី ៦៣នាក់ និងពលរដ្ឋថៃដែលបានចាកចេញមានចំនួន ៣នាក់ ស្រី ១នាក់ ដោយមានឯកសារចេញពីស្ថានទូតថៃ និងលិខិតបញ្ជាក់សុខភាព៕ ដោយ៖កូឡាប

website_news/2020051004.txt · Last modified: 2020/10/05 12:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki