website_news:2020060201

សម្ដេចក្រឡហោម ស ខេង អនុញ្ញាតឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចូលជួបសម្ដែងការគួរសម

http://cambodiapolice.com/policekh/ 5:15 pm 5 កុម្ភះ 2020

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ ដឹកនាំគណៈប្រតិភូ នៃក្រុមប្រទេសបញ្ជូនពលករទៅក្រៅប្រទេស រួមមាន កម្ពុជា,ឡាវ,មីយ៉ាន់ម៉ា និងវៀតណាម ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ជម្រាបប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា គណៈប្រតិភូ បានគោរពរាយការណ៍ជូនសម្ដេចក្រឡាហោម អំពីលទ្ធផលនៃកិច្ចប្រជុំ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់រយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសបញ្ជូនពលករទៅក្រៅប្រទេសទាំង៤។ លោកជំទាវបានមានប្រសាសន៍ថា ពលករនៃប្រទេសទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សុទ្ធតែមានស្ថានភាពប្រឈមដូចៗគ្នាក្នុងពេលចេញទៅធ្វើការនៅក្រៅប្រទេស ដែលជាប្រទេសគោលដៅ។ ដូច្នេះប្រទេសបញ្ជូនទាំង៤ បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍រៀងៗខ្លួន ទាំងចំណុចល្អ និងចំណុចខ្វះខាត ដើម្បីបានរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យពលករនៃប្រទេសរៀងៗខ្លួន បានចេញទៅបំពេញការងារដោយស្របច្បាប់ ទទួលបានអត្ថប្រយោជន៍ និងការការពារត្រឹមត្រូវ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅកម្ពុជា ប្រទេសទាំង៤ បានរួមគ្នារកឃើញនូវដំណោះស្រាយជាក់លាក់ជាច្រើន ប៉ុន្តែលោកជំទាវបានរាយការណ៍ជូនសម្ដេចថា យន្តការនេះត្រូវការការគាំទ្រពីថ្នាក់ដឹកនាំប្រទេស ទាំងការទទួលស្គាល់បញ្ហាដែលមន្ត្រីបច្ចេកទេសបានរកឃើញ និងការដាក់ចេញបន្ថែមនូវដំណោះស្រាយក្នុងកម្រិតសេចក្ដីសម្រេចផ្នែកនយោបាយ ពីព្រោះកន្លងមកប្រទេសបញ្ជូនទាំង៤ មានតែកិច្ចព្រមព្រៀងជាមួយប្រទេសទទួលពលករ ឬប្រទេសគោលដៅប៉ុណ្ណោះ ពោលគឺមិនមានយន្តការ ឬកិច្ចព្រមព្រៀងជាមួយគ្នាឡើយ។

បន្ទាប់ពីបានស្ដាប់នូវសេចក្ដីគោរពរាយការណ៍ ដូចដែលលោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់នេះមក សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ណែនាំបន្ថែមឱ្យមន្ត្រីពាក់ព័ន្ធទាំង៤ប្រទេស បន្តបង្កើនការសហការគ្នា ហើយអ្វីដែលបានរកឃើញនោះ សម្ដេចបានជំរុញឱ្យបន្តការអនុវត្ត និងគួរបើកចំហរការចូលរួមពីប្រទេសក្នុងតំបន់ផ្សេងទៀត ដែលមានបញ្ហាប្រហាក់គ្នា ដើម្បីបានចូលរួមចែករំលែកបទពិសោធន៍ និងរួមវិភាគទានជាគំនិត ក្នុងការបង្កើតយន្តការសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕

website_news/2020060201.txt · Last modified: 2020/02/06 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki