website_news:2020060203

របាយការណ៍បង្ហាញថា ពលកម្មកុមារបន្តកើតមានក្នុងឧស្សាហកម្មឡឥដ្ឋ

https://khmer.voanews.com/ 06 កុម្ភៈ 2020 ហ៊ុល រស្មី

មន្ត្រីសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលមានឆន្ទៈនយោបាយពិតប្រាកដដើម្បីកាត់បន្ថយពលកម្មកុមារ និងការជំពាក់បំណុលនេះដោយសន្សឹមៗ។ ភ្នំពេញ៖ ជាងពាក់កណ្តាលនៃចំនួនឡឥដ្ឋ នៅក្នុងប្រទេសកម្ពុជា បានប្រើម៉ាស៊ីនដែលប្រើដោយដៃដែលជាហានិភ័យធំបំផុតមួយនាំទៅរកគ្រោះថ្នាក់ខូចខាតទៅលើអវយវៈ របស់អ្នកដែលធ្វើការក្នុងឧស្សាហកម្មឡឥដ្ឋ។ នេះបើតាមសេចក្តីព្រាងនៃរបាយការណ៍មួយរបស់សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា ឬហៅកាត់ថា (BWTUC) ដែលជាអង្គការមួយធ្វើការដើម្បីលើកកម្ពស់សិទ្ធការងារ ។

របាយការណ៍ ដែលបានមកពីការសិក្សាស្រាវជ្រាវចាប់ពីខែកក្កដារហូតដល់ខែសីហា ឆ្នាំ២០១៩របស់សហព័ន្ធសហជីពដដែលបានសរសេរក្នុងអត្ថន័យដើមថា៖ «៥០,៤ភាគរយនៃឡឥដ្ឋនៅក្នុងប្រទេសកម្ពុជាប្រើម៉ាស៊ីនបញ្ជាដោយដៃ ដែលមានចំនួន២៣១ឡ ធៀបនឹង ២២៧ឡ ដែលមិនមានម៉ាស៊ីននេះ»។ របាយការណ៍ជាភាសាខ្មែរដែលមានកម្រាស់ជិត៤០ទំព័ររបស់សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា ក៏បានរកឃើញដែរថា មានកុមារប្រមាណ៦៣៨នាក់ដែលមានអាយុក្រោម១៨ឆ្នាំកំពុងធ្វើការនៅឧស្សាហកម្មផលិតឥដ្ឋ។ ចំនួននេះគឺស្ថិតក្នុងចំណោមមនុស្សចំនួន៦៨៦៣នាក់ ដែលបញ្ជាក់ថា មានការងារនៅក្នុងឧស្សាហកម្មឡឥដ្ឋ។ តាមការសិក្សានេះ ឧស្សាហកម្មផលិតឥដ្ឋ នៅតែពឹងផ្អែកខ្លាំងលើពលកម្មប្រពលវប្បកម្ម ដែលអាចបង្កគ្រោះថ្នាក់ ។ សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជាបានសរសេរនៅក្នុងរបាយការណ៍មានចំណងជើងថា «ជំរឿនឧស្សាហកម្មឥដ្ឋកម្ពុជា៖ ប្រជាជន ភូមិសាស្ត្រ ការអនុវត្ត»តាមន័យដើមបន្ថែមថា៖ «កង្វល់ចម្បងមួយចំពោះឧស្សាហកម្មឡឥដ្ឋនៅកម្ពុជាគឺជាលក្ខខណ្ឌនៅកន្លែងធ្វើការងារផ្ទាល់។ ក្នុងចំណោមគ្រោះថ្នាក់ជាច្រើនដែលកម្មករឡឥដ្ឋប្រឈមមុខ…គឺហានិភ័យដែលបង្កឡើងដោយម៉ាស៊ីនផលិតវាយពុម្ពឥដ្ឋដែលប្រើដោយដៃ ដែលបង្កការខូចខាតទៅលើអវយវៈ ឬធ្វើឲ្យមានការកាត់អវយវៈ»។

កាលពីដើមខែមីនា ឆ្នាំ២០១៩កន្លងទៅនេះកុមារីឈ្មោះ ឆេង ស្រីភ័ក្រ អាយុ១០ ឆ្នាំ ជាកូនកម្មករឡឥដ្ឋបានជួបគ្រោះថ្នាក់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្មោះ លាង ស្រ៊ុន ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គ្រោះថ្នាក់នេះបានបង្កឲ្យកុមារបាត់បង់ដៃម្ខាង។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេងបានចេញណែនាំហាមហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ។ ក្រសួងបានចាត់វិធានការសំខាន់ៗប្រាំក្នុងនោះគឺម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋានរបស់ខ្លួន ត្រូវរៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញដូចជា ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬជនណាដែលនាំក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។ លោក អ៊ិត សំហេង ក៏ស្នើឲ្យម្ចាស់សិប្បកម្ម «ត្រូវហាមឃាត់ដាច់ខាត ការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ» និង «ហាមឃាត់ដាច់ខាតរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល»។

កម្មករឡឥដ្ឋជាច្រើនត្រូវបានជាប់អន្ទាក់នៅក្នុងឧស្សាហកម្មនេះ ដោយសារបំណុលនេះ។ បើតាមការរកឃើញរបស់អង្គការលីកាដូកន្លងមក។ លោក វ៉ាន់ រតនា ប្រធានការិយាល័យផ្នែកពិនិត្យ និងអធិការកិច្ចពលកម្មកុមារនៃនាយកដ្ឋានការងារកុមារនៅក្រសួងការងារ ដែលបានចូលរួមកិច្ចពិភាក្សាយោបល់លើរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជានៅទីក្រុងភ្នំពេញនាថ្ងៃពុធនេះ បានបញ្ជាក់ថា ក្រុមអធិការកិច្ចក្រសួងការងារបានបង្កើនការខិតខំក្នុងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។

មន្ត្រីអធិការកិច្ចរូបនេះអះអាងថាតាមរយៈសកម្មភាពអធិការកិច្ចដែលធ្វើឡើងពីរដងក្នុងរយៈមួយឆ្នាំនេះ ក្រុមការងារអធិការកិច្ចរកមិនឃើញ ការជំពាក់បំណុលរវាងកម្មករឡឥដ្ឋ និងម្ចាស់សិប្បកម្មនោះទេ។ លោកបានទាត់ចោលរបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយគឺអង្គការលីកាដូ ដែលបានរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ ក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជាកាលពីឆ្នាំ២០១៦។ «បើតាមអង្កេតរបស់ក្រសួងការងារដែលមាននាយកដ្ឋានអធិការកិច្ចការងារ ដែលចុះទៅដល់សិប្បកម្មឡឥដ្ឋ យើងពិនិត្យឃើញថា ដូចអត់មានទាសភាពទាសករទេ អីចឹងបានក្រសួងបានចេញសេចក្តីព័ត៌មានហ្នឹងបដិសេធមួយបាទ បដិសេធនៅក្នុងឆ្នាំ២០១៦ហ្នឹង»។

អ្នកស្រី ហន ថារី វ័យ២៤ឆ្នាំ ដែលជាកម្មករនៅសិប្បកម្មឡឥដ្ឋមួយ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល និយាយថា អ្នកស្រីនៅជាប់បំណុលជាមួយថៅកែឡឥដ្ឋនៅឡើយ ហើយការសងបំណុលគឺកាត់ទៅតាមប្រាក់ឈ្នួលដែលរកបានពីការផលិតឥដ្ឋក្នុងសិប្បកម្មឡឥដ្ឋតែម្តង។ «និយាយទៅយើង ដូចថាយើងធ្វើបាន ប៉ុន្មាន យើងបើកលុយដូចថា ក្នុងមួយខែយើងបើកលុយបាន២០ ៣០ម៉ឺនអី យើងកាត់ឲ្យគេ ប្រាំម៉ឺនអីចឹងទៅ។ ហើយយើងអត់ទាន់កាត់ក៏បានដែរ ហ្នឹងគេអត់ទាមទារចឹង តែគ្រាន់ថា តែយើងមានជំងឺ យើងខ្ចីគេទៅ វាចេះតែកើន កើន»។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) យល់ថា បើរដ្ឋាភិបាលមានឆន្ទៈខាងនយោបាយនោះ ការប្រើប្រាស់ពលកម្មកុមារ និងបញ្ហាបំណុលក្នុងឧស្សាហកម្មផលិតឥដ្ឋអាចនឹងត្រូវបានកាត់បន្ថយ។ «វាអាស្រ័យទៅលើឆន្ទៈប្រាកដប្រជាណ៎ា ពីព្រោះរឿងទាំងអស់ យើងទទួលស្គាល់ហើយថាមិនមែនដោះស្រាយភ្លាមចប់ភ្លាម ប៉ុន្តែយើងធ្វើយ៉ាងណាឲ្យបានឆាប់ កាន់តែល្អ ជាពិសេស យើងចង់ដោះស្រាយបញ្ហាពលកម្ម ដែលកុមារធ្វើការនៅក្នុងឡឥដ្ឋ យើងត្រូវតែដោះស្រាយអំពីឫសគល់បានន័យថា គឺបំណុលរបស់ឪពុកម្តាយ ជាមួយនឹងថៅកែឡឥដ្ឋហ្នឹង ជាមុន។ អាហ្នឹង បើមិនចឹងទេ អាផលប៉ះពាល់ហ្នឹងនៅតែប៉ះពាល់ទៅដល់កុមារចឹង ពីព្រោះក្រុមគ្រួសារឪពុកម្តាយដែលធ្វើការទៅ គាត់ចង់បានកម្រៃច្រើន»។

របាយការណ៍សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជាបន្តឲ្យដឹងថា ភាគច្រើនអ្នកធ្វើការនៅក្នុងឡឥដ្ឋជាពលករចំណាកស្រុក ដែលជាង២៤ភាគរយ មកពីខេត្តកណ្តាល និងជាង២២ភាគរយ មកពីខេត្តព្រៃវែង ដែលស្ទើរតែជិតពាក់កណ្តាលនៃចំនួនប្រជាជនធ្វើការក្នុងឡឥដ្ឋបច្ចុប្បន្ន។ របាយការណ៍ដដែលបានបង្ហាញដែរថា ភាគច្រើនលើសលុបនៃឡឥដ្ឋដែលស្មើនឹង៨៨,៩ ភាគរយមិនមានដំបូល។ របាយការណ៍បានលើកឡើងថា៖«កង្វះខាតដំបូលធ្វើឲ្យមានបញ្ហាដល់ជីវភាពរស់នៅរបស់កម្មករដោយហេតុថា ផលិតកម្មត្រូវតែបញ្ឈប់់ទាំងស្រុងនៅពេលភ្លៀង។ បញ្ហានេះធ្វើឲ្យខាតបង់ពេលវេលាសម្រាប់កម្មករដែលអាររកប្រាក់បាននិងធ្វើឲ្យពួកគេពឹងផ្អែកលើបំណុលកាន់តែច្រើនថែមទៀត»។

តាមការបញ្ជាក់របស់លោក វ៉ាន់ រតនា ប្រធានការិយាល័យផ្នែកពិនិត្យ និងអធិការកិច្ចពលកម្មកុមារនៃនាយកដ្ឋានការងារកុមារនៅក្រសួងការងារ កាលពីឆ្នាំ២០១៩ ក្រុមមន្ត្រីក្រសួងការងារបានចុះយុទ្ធនាការផ្សព្វផ្សាយមិនឲ្យមានការប្រើប្រាស់ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋដល់ កម្មករចំនួន៧៥៥៨នាក់ និងក្រុមគ្រួសារកុមារ១២៥៩គ្រួសារ។ ក្រុមការងារក្រសួងក៏បានណែនាំឲ្យម្ចាស់សិប្បកម្មបង្កើនវិធានការនានាការពារមិនឲ្យកុមារចូលដល់កន្លែងនៃសង្វាក់ផលិតកម្មឥដ្ឋ។ លោកបន្ថែមថា នៅឆ្នាំ២០២០នេះ ក្រសួងនឹងបន្តការធ្វើអធិការកិច្ចដូចសព្វដង នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់មិនឲ្យមានការប្រើប្រាស់ពលកម្មកុមារអាយុក្រោម១៨ឆ្នាំ ឬក្រោម១៥ឆ្នាំ។ លោកអះអាងថា ក្រុមការងាររកមិនឃើញការប្រើប្រាស់ពលកម្មកុមារដែលមានអាយុក្រោម១៥ឆ្នាំនោះទេ ដែលការណ៍នេះគឺផ្ទុយពីការរកឃើញរបស់ក្រុមការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា៕

website_news/2020060203.txt · Last modified: 2020/02/06 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki