website_news:2020060204

អ្នកទោសខ្មែរ៤នាក់ត្រូវបានអាជ្ញាធរថៃដោះលេងហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១៦:៤៩ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរ៤នាក់ឱ្យមានសេរីភាពវិញនាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ (ដែលខាងថៃហៅថាឆងសាងាំ) កាលពីរសៀល ថ្ងៃទី០៤ កុម្ភៈ ២០២០ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃ ធ្វើការដោះលេងឈ្មោៈ វ៉ែន អ៊ឹម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈ្មោះ ភាព ចិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលទាំង០២នាក់ថៃចាប់ខ្លួនកាលថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ រម្យ រុណ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងគារ ឃុំជើងរស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ សីហា ឆ្នាំ២០១៧ ទាំង៣នាក់ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើក្រញួង ក្នុងទឹកដីថៃ និងម្នាក់ទៀតឈ្មោះពៅ ចាន់ឆើត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មីឃុំកំពុងប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាជនពិកាជើងខាងស្តាំ ថៃចាប់ខ្លួនថ្ងៃទី១៦ ធ្នូ ២០១៩ ពីបទឆ្លងដែនជួញដូរសត្វព្រៃ ទាំង៤នាក់ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។

ក្រុមអាជ្ញាធរកម្ពុជាដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលេងទាំង៤នាក់នោះ ក្រោយពីបានទទួលពីថៃសមត្ថកិច្ចបានធ្វើការអប់រំនឹងធ្វើកិច្ចសន្យាបញ្ឍប់ឆ្លងដែនដោយខុសច្បាប់បន្តទៀត ហើយបានឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល ៕

website_news/2020060204.txt · Last modified: 2020/02/06 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki