website_news:2020060301

អនុវត្តនូវ ចំណុចសំខាន់ៗ ចំនួន៧ ជួយលើកកម្ពស់សិទ្ធិ សេរីភាព របស់ស្

ត្រី http://www.cen.com.kh/ March 6, 2020

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់ អនុវត្តនូវចំណុចសំខាន់ៗ ចំនួន៧ ដែលបង្ហាញឱ្យឃើញ ពីការដើរតួនាទីយ៉ាងសំខាន់ របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែក ជួយដល់ការលើកកម្ពស់ សិទ្ធិសេរីភាពរបស់ស្ត្រី ។ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ ដែលបង្ហាញឱ្យឃើញ ពីការដើរតួនាទី យ៉ាងសំខាន់ របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែក ជួយដល់ការលើកកម្ពស់សិទ្ធិ សេរីភាព របស់ស្ត្រី និងជួយឱ្យស្ត្រី មានតម្លៃកាន់តែខ្ពស់ឡើង នៅក្នុងសង្គម។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះទ័យ ទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់ សមភាពយែនឌ័រ របស់ស្ត្រី និងក្មេងស្រីកម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដែគូអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែក គាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខុមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្ម ជួយជនរងគ្រោះ ដោយអំពើហឹង្សា ប្រកដោយគុណភាព និងប្រសិទ្ធភាព។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់ អនុវត្តនូវចំណុចសំខាន់ៗ ចំនួន៧ ដូចខាងក្រោម៖

១)ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រី ដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។

២)ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្ត ដែលជាប់ទោសឱ្យទាន់ពេលវេលា គ្រប់គ្រងការ ប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេស ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយ ជាច្រើនដែល ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។

៣)ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំ ដល់គ្រប់ក្រសួងស្ថាប័ន ទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ ក្មេងស្រីនៅគ្រប់កម្រិត ជាពិសេសឪពុកម្តាយអប់រំ កូនចៅឲ្យមានសីលធម៌ល្អ នៅក្នុងសង្គម។

៤)ត្រូវបន្តការវិយោគ លើការសិក្សា របស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេស ក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអោយដើរ ទាន់សម័យបច្ចេកវិទ្យា ជឿនលឿន នៃសង្គមជាតិ។

៥)ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ ទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់ សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើង តាមរយៈការបង្កើត កម្មវិធីអប់រំ ដែលបង្ហាញអំពី អត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការស្លៀកពាក់ ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។

៦)រួមគ្នាទប់ស្កាត់ ការចម្លងមេរោគអេដស៍ថ្មី និងកុំឲ្យមានការរើសអើងស្ត្រី ផ្សព្វផ្សាយស្រាបៀរ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

៧)សម្តេចតេជោ បន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងជំងឺកូវីដ១៩ ទោះបីជាប្រទេសកម្ពុជា មិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សា សុខភាពឲ្យបានល្អប្រសើរតាមរយៈការធ្វើអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ ផ្ទុយទៅវិញ ការថែរក្សាសុខភាព គឺជាជម្រើសដ៏ល្អ ដើម្បីទប់ស្កាត់នៃជំងឺនេះ៕ដោយ៖កូឡាប

website_news/2020060301.txt · Last modified: 2020/03/06 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki