website_news:2020060305

កម្ពុជាឡាវ បន្តថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែន និងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន

http://www.cen.com.kh/ March 6, 2020

ឡាវ៖ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈឡាវបន្តពង្រឹងលើវិស័យសន្តិសុខ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន សំដៅគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែន និងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញដល់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការអញ្ជើញដល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ អមដំណើរនាឱកាសនោះ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ ពីសំណាក់លោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ និងមានរៀបចំពិធីត្រួតពល កងកិត្តិយស នៃក្រសួងសន្តិសុខសាធារណៈឡាវ។សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញជួបពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នា អំពីសភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការផ្លាស់ប្ដូរគណៈប្រតិភូ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការងារឃុំខ្លួនអ្នកទោស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខា លើកំណត់ហេតុ នៃសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។ កិច្ចប្រជុំដែលក្រសួងទាំងពីរ ផ្លាស់វេនគ្នារៀបចំជារៀងរាល់ឆ្នាំនេះ គឺដើម្បីអនុវត្តនូវយន្តការ សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅលើកកម្ពស់ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃប្រទេសទាំងពីរ។

សម្ដេចក្រឡហាម ស ខេង និងលោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង នៅតែបន្តចាត់ទុក កិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ថាជាកិច្ចការមួយដ៏មានសារសំខាន់ ក្នុងវិស័យសន្តិសុខ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន សំដៅគ្រប់គ្រងការចេញចូល ឆ្លងកាត់ព្រំដែន ការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែន និងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ។ ភាគីទាំងពីរក៏បានបង្ហាញការជឿជាក់ថា កំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២០ នឹងបន្តក្លាយជាឯកសារ តម្រង់ទិសសម្រាប់អាជ្ញាធរ ខេត្តជាប់ព្រំដែន និងបណ្ដាអង្គភាព ពាក់ព័ន្ធចំណុះក្រសួងទាំងពីរ យកទៅអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ស្ថិរភាពតំបន់ព្រំដែន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមបណ្ដោយព្រំដែន។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលោកឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសន្តិសុខសាធារណៈឡាវ បំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខា លើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ ក្នុងពេលវេលាសមស្រប ហើយជាការឆ្លើតតប លោកឧត្តមសេនីយ៍ឯក ក៏បានទទួលការអញ្ជើញនេះ ដោយក្ដីរីករាយបំផុត ៕ដោយ៖កូឡាប

website_news/2020060305.txt · Last modified: 2020/03/06 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki