website_news:2020060401

សម្តេចតេជោ ហ៊ុន សែន : ពលករខ្មែរជិត ៦ម៉ឺន នាក់ បានត្រឡប់មកពីថៃ

http://www.rasmeinews.com/ April 5, 2020, 12:14 PM

ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងក្រុមការងារចំរុះ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រលប់ពីប្រទេសថៃ ត្រូវបានរៀបចំឲ្យសម្រាកបណ្តោះអាសន្នក្នុងរយៈពេលខ្លីនៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីពិនិត្យសុខភាព និងអប់រំផ្សព្វផ្សាយ វិធីបង្ការ ការឆ្លងជំងឺ កូវីដ១៩ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មកដល់ពេលនេះ ពលករខ្មែរជិត ៦ម៉ឺននាក់ បានត្រឡប់មកពីថៃ នឹងមានជាបន្តបន្ទាប់ទៀត ប៉ុន្តែពួកគេមិនទាន់បង្កហានិភ័យនៅក្នុងសហគមន៍នៅឡើយទេហើយមកដល់ពេលនេះ មិនទាន់មានអ្នកណាស្លាប់ទេ។ “…យើងបញ្ចេញកម្លាំងទាងអស់ដើម្បីធ្វើកិច្ចការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនយើង កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ។ នេះគឺជាបញ្ហាធំ បញ្ហាគ្រាន់តែបញ្ហាកូវីដទេ ក៏ប៉ុន្តែយើងក៏ត្រូវពិនិត្យមើលចំពោះប្រជាជនយើងដែលខ្វះខាតស្បៀង ត្រូវផ្តល់ស្បៀងឲ្យពួកគាត់បានបន្ទាន់ បានឆាប់ កុំឲ្យពួកគាត់ខ្វះស្បៀងអាហារឲ្យសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលនៅក្រៅប្រទេស និងនៅក្នុងប្រទេស យើងត្រូវគ្រប់គ្រងអ្វីៗដែលមាននៅក្នុងប្រទេសរបស់យើងននឹងចាត់ចែងប្រើប្រាស់ធនធាន ដែលមានរបស់យើងសម្រាប់បម្រើប្រជាជនរបស់យើង” ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា “… យើងជាប្រទេសក្រ ក៏ប៉ុន្តែយើងមិនក្រខាងចិត្តគំនិតនោះទេ ។យើងចេះគ្រប់គ្រងប្រជាពលរដ្ឋរបស់យើង មកដល់ម៉ោងនេះ មិនទាន់មានអ្នកណាមួយស្លាប់នោះទេ ។ លទ្ធផលថ្ងៃនេះ (៤ មេសា) គឺល្អប្រសើរណាស់ គ្មានអ្នកឆ្លង ហើយអ្នកដែលជាសះស្បើយរហូតទៅដល់ ១៥នាក់ ក្នុងពេលដែលអ្នកសរសេរកាសែតពីបរទេស ប្រទេសគេស្លាប់មួយថ្ងៃៗ រាប់រយ នឹងឡើងដល់ពាន់ ប៉ុន្តែគេបែរជាមកប្រដៅយើងថា យើងជាប្រទេសដែលមានហានិភ័យធំណាស់ បន្តិចទៀតខ្ញុំនឹងឲ្យហ្វេសប៊យករបស់ខ្ញុំបង្ហោះនូវរូបភាពមួយស្តីពីជនជាតិខ្មែរម្នាក់ត្អូញត្អែរនៅឯប្រទេសក្រៅ អំពីសេវាសុខភាពរបស់ប្រទេសក្រៅវាយ៉ាងម៉េច ប្រៀបធៀបទៅ និងសេវាសុខភាពរបស់ប្រជាជនកម្ពុជាដែលយើងក្រ ។ បញ្ហាវាមិនស្ថិតនៅត្រង់ថាសេវារបស់អ្នកឯងពូកែ ឬក៏មិនពូកែទេ វាស្ថិតនៅត្រង់ថា មេដឹកនាំណាពូកែពិតប្រាកដ។ សម្ភារៈទំនើបវាចេះតែទំនើបប៉ុន្តែមនុស្សវាមិនទំនើប វាក៏នៅតែមិនទំនើបចឹងដែរ វានៅតែងាប់ ។ យើងមិនទំនើប ក៏ប៉ុន្តែយើងមានវិធានការជាក់ស្តែងរបស់យើង យើងនៅតែអាចស្រោចស្រង់នឹងដោះស្រាយប្រជាពលរបស់យើងមិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាច ដែលគេតែងតែនិយាយថា លោកហ៊ុន សែន ហាក់ដូចជាខ្វះការយកចិត្តទុកដាក់ ក៏ប៉ុន្តែគេមិនស្គាល់នូវសិល្បៈ នៃការចាត់ចែង នឹងដោះស្រាយបញ្ហាបែបដោះស្រាយនោះទេ”៕ សរន

website_news/2020060401.txt · Last modified: 2020/04/06 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki