website_news:2020060402

សម្តេច ហ៊ុន សែន ចេញបញ្ជាបន្ថែមដោះស្រាយជូនពលករដែលមកពីប្រទេសថៃ

http://kleykley.sabay.com.kh/ 06-04-2020 ម៉ោង 07:08

សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាលថា៖ «ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ។ ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា៖ «ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង។ ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និង កងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។ មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ»។ សម្តេច ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជា គ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕

website_news/2020060402.txt · Last modified: 2020/04/06 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki