website_news:2020060403

រាជរដ្ឋាភិបាលឲ្យក្រសួងត្រៀមសម្ភារៈជូនពលករមកពីថៃ ខណៈចំនួនអាចកើនដល់៦ម៉ឺននាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ០៩:១៨ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃ ដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកចេញផ្សាយនៅយប់ថ្ងៃទី៥ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនបងប្អូន កូនក្មួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់ ។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ សម្តេចតេជោ បានណែនាំក្រសួងសុខាភិបាល «ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ ។ ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់ ។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង , ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជា នៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម» ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា «ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង ។ ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និងកងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល» ។ មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ ដែលធ្វើអោយយើងគ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕

website_news/2020060403.txt · Last modified: 2020/04/06 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki