website_news:2020060407

មតិពលរដ្ឋរឿងផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ពីកូនអត់ការធ្វើនៅប្រទេសថៃដោយសារជំងឺកូវីដ-១៩

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2020-04-04

គ្រួសាររបស់ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនចាប់ផ្ដើមត្អូញត្អែរអំពីជីវភាពខ្វះខាត បន្ទាប់ពីកូននិងប្ដីនៅក្រៅប្រទេសអត់ការងារធ្វើជាច្រើនថ្ងៃ ហើយគ្មានប្រាក់ផ្ញើទៅផ្ទះដោយសារជំងឺកូវីដ-១៩។ តើសាច់ញាតិរបស់ពលករខ្មែរទាំងនោះជួបការលំបាកយ៉ាងណាបន្ទាប់ពីកូន និងប្ដីបាត់បង់ការងារនៅប្រទេសថៃមួយរយៈមកនេះ។

ប្រជាពលរដ្ឋដែលមានកូន និងប្ដីធ្វើការងារនៅប្រទេសថៃលើកឡើងស្រដៀងគ្នាថា ពួកគាត់ព្រួយបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំនៅពេលខាងមុខ ព្រោះសព្វថ្ងៃគ្មានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ។ប្រជាពលរដ្ឋម្នាក់នៅរស់នៅខេត្តសៀមរាបលោកស្រី រើង សឿន ថ្លែងនៅថ្ងៃទី៤ មេសា ថាកូនរបស់លោកស្រីចំនួន៣នាក់បានត្រឡប់មកដល់ស្រុកកំណើតវិញប្រមាណ ៣សប្ដាហ៍ហើយ ដោយសារថៅកែរបស់ពួកគេផ្អាកការងារមួយរយៈព្រោះខ្លាចឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩។ លោកស្រីបន្ថែមថា សព្វថ្ងៃចាប់ផ្ដើមគ្មានប្រាក់ចំណូលបង់ធនាគារ និងប្រាក់ចាយវាយក្នុងគ្រួសារហើយ ដោយសារនៅផ្ទះគ្មានមុខរបររកប្រាក់ចំណូលពីព្រោះកន្លងទៅ ពឹងផ្អែកទាំងស្រុងទៅលើប្រាក់ចំណូលរបស់កូនធ្វើការនៅប្រទេសថៃ៖ «កាន់តែយ៉ាប់ហើយខ្ញុំកាលកូននៅថៃ មានហូបចុកបានគ្រប់គ្រាន់ ដល់ពេលឥឡូវនេះសូម្បីតែប្រាក់ទិញម្សៅស៊ុប ក៏គ្មានដែរ។ បើរកការងារមិនបានធ្វើមិនដឹងថា គិតធ្វើយ៉ាងម៉េចទេ គិតភ័យខ្លាចអត់មានលុយបង់ធនាគារ ប្រសិនជាធនាគារគេពន្យារបានខ្លះមកល្អ ដល់យើងអត់ការងារធ្វើរកប្រាក់ណាបង់ធនាគារបាន»។

ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យលោកស្រី សូត្រ មុំ រៀបរាប់ថា កូនរបស់លោកស្រី២នាក់ ធ្វើការនៅហាងលក់បាយម្ហូបនៅខេត្តជាប់ទីក្រុងបាងកកប្រទេសថៃ ត្រូវបានថៅកែផ្អាកការងារជាងកន្លះខែហើយ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩។ លោកស្រីបញ្ជាក់ថា ចាប់តាំងពីកូនអត់ការងារធ្វើមកបានប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារនៅស្រុកកំណើត ជាពិសេសគ្មានប្រាក់ទិញអង្កច្រកឆ្នាំង ហើយថាលោកស្រីមានជំងឺប្រចាំកាយដូច្នេះមិនអាចធ្វើការងារធ្ងន់បានឡើយ៖ «ខ្ញុំពិបាកណាស់ដល់ពេលនិយាយដល់កន្លែងហ្នឹង ខ្ញុំចង់តែយំទេ ដោយសារខ្ញុំអត់ពេក និយាយទៅវាលំបាកក្នុងរស់នៅបណ្ដោយ។ ម្យ៉ាងទៀតខ្ញុំភ័យលើសុវត្ថិភាពកូននៅក្រៅប្រទេសខ្ញុំទូរស័ព្ទសួរកូនថា ថៅកែអត់ទានឱ្យចេញទៅណាទេឱ្យនៅថៃសិន ក្រែងជំងឺបានធូរស្រាលវិញគាត់នឹងអាចបានការងារធ្វើវិញប៉ុន្តែបើសិនជំងឺមិនបានធូរស្រាលទេតើឱ្យខ្ញុំសង្ឃឹមអ្វីហើយកូនរបស់ខ្ញុំក៏ប្រឈមនឹងដាច់បាយដែរ»។

ចំណែកឯពលរដ្ឋនៅខេត្តកំពង់ធំគឺលោកស្រី ថាល សីន វិញ បានឱ្យដឹងដែរថា ប្ដីរបស់លោកស្រីធ្វើការនៅលើទូកនេសាទថៃ គឺត្រូវបានថៅកែថៃផ្អាកការងារជិត១០ថ្ងៃហើយដែរ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវិដ-១៩។ លោកស្រីបន្តថា ក្នុងខែនេះប្ដីរបស់ខ្លួនមិនបានផ្ញើប្រាក់មកឱ្យគ្រួសារនៅផ្ទះនោះទេ ព្រោះដើម្បីសន្សំប្រាក់ទុកចាយវាយនៅក្រៅប្រទេសអំឡុងពេលអត់ការងារធ្វើ៖ «ខ្ញុំដេកចាំតែលុយប្ដីផ្ញើមក បើប្ដីអត់ការងារមិនដឹងគិតយ៉ាងណាទេ។ ណាមួយគាត់ថា នៅប្រទេសថៃក៏អត់មានការងារធ្វើហើយដេកស៊ីដែរ បើដេកស៊ីទាំងសង្ខាងអីចឹងមិនដឹងទៅថ្ងៃមុខទៅ គ្រួសារខ្ញុំមិនដឹងទៅយ៉ាងម៉េច បើប្ដីក៏រកមិនបានហើយខ្ញុំនៅផ្ទះមើលកូនតូចគ្មានការងារអីធ្វើអីចឹង»។

កាលពីថ្ងៃទី៩ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុពិចារណាបន្ធូរបន្ថយលក្ខខណ្ឌនៃការសងត្រឡប់ទៅស្ថាប័នទាំងនោះវិញ ចំពោះកម្មករ ដែលជួបបញ្ហាដូចជារោងចក្របិទបណ្ដោះអាសន្ន ឬព្យួរការងារជាដើម។

ប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោក ឌី ថេហូយ៉ា (Central) មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនធំ អាចនឹងនាំគ្នាត្រឡប់ទៅកម្ពុជាវិញ នៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ១៩បន្តអូសបន្លាយពេលយូរទៅមុខទៀត ដោយសារនៅប្រទេសថៃអត់ការងារធ្វើហើយគ្មានប្រាក់បង់ចាយវាយប្រចាំថ្ងៃ និងប្រាក់បង់ថ្លៃបន្ទប់ជួល។

របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរកំពុងធ្វើការប្រទេសថៃមានជាង ១ លាន ១ សែននាក់(១.១០០.០០០) ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា មានពលករខ្មែរស្របច្បាប់និងខុសច្បាប់ប្រមាណ ២លាននាក់(២.០០០.០០០)កំពុងធ្វើនៅប្រទេសថៃ៕

website_news/2020060407.txt · Last modified: 2020/04/06 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki