website_news:2020060416

ពលករខ្មែរស្លាប់ និង របួសជាច្រើននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តនន់ថៈបុរី

http://kampucheathmey.com/ 2/4/2020 2:33 Pm

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលការិនី ចំនួន២នាក់ដែរ ដែលបានបាត់បង់ជីវិត នៅក្នុងចំណោមពលករខ្មែរដែលរងរបួសជាច្រើននាក់ ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅក្នុងខេត្តនន់ថៈបុរី ប្រទេសថៃ កាលពីយប់មិញនេះ។ យោងតាមការបង្ហោះព័ត៌មានរបស់ក្រុមហ៊ុនមូលនិធិ « រួមកតញ្ញូ នន់ថៈបុរី » បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវកានចាក់ណា ភិសែក ក្បែរផ្លូវរថភ្លើង ត្រង់ចំណុចផ្លូវចូលវត្តសិរីប្រវត្តិ ក្នុងឃុំប្ល៉ាយបាង ស្រុកបាងគ្រួយ ខេត្តនន់ថៈបុរី ប្រទេសថៃ។

នៅកន្លែងកើតហេតុ គេសង្កេតឃើញថា មានមនុស្សស្លាប់ចំនួន៣នាក់ ព្រមទាំងមានអ្នករងរបួស ជាច្រើននាក់ផងដែរ ដោយអ្នកស្លាប់ គឺស្ថិតក្នុងសភាពជាប់ក្នុងរថយន្តតែម្ដង ដែលតម្រូវឲ្យក្រុមតម្រួត យកឧបករណ៍មកកាត់ជញ្ជាំងរថយន្តដើម្បីយកសពចេញមកខាងក្រៅ។ ដោយឡែករថយន្តដែលដឹកពលករខ្មែរនោះម៉ាក តួរីស ពណ៌ស ពាក់ស្លាកលេខ បាងកក ៤០៧៥។ ចំណែករថយន្តធុនធំដែលមានដឹកសសរគ្រឹះពេញ ពាក់ស្លាកលេខ ប៉ាធុំថានី ៧០-៣៩២៤។

លោក ស៊ុំ យ៉ុត អាយុ៥០ឆ្នាំ ជាអ្នកបើកបររថយន្តធំ បានរៀបរាប់ថា លោកបានដឹកសសរគ្រឹះនេះ មកពីខេត្តប៉ាធុំថានី ដោយយកមកទម្លាក់នៅកោះក្លាង ដើម្បីបុកគ្រឹះធ្វើស្ពានថ្នល់ ដោយលោកបានបើកភ្លើងវិល( ភ្លើងស៊ីរ៉ែន ) តាមផ្លូវមករហូត។ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តតួរីសនេះ បើកលឿនមកពីខាងស្តាំ ហើយក៏បានបុកនឹងកន្ទុយរថយន្តរបស់លោកយ៉ាងពេញទំហឹងតែម្តង ដោយសារតែឃើញមានអ្នកស្លាប់ផងនោះ ទើបលោកបានទូរសព្ទហៅប៉ូលិសតែម្តង។

ក្រោយពេលសមត្ថកិច្ចថៃចុះមកដល់ គេសង្កេតឃើញថា មានអ្នកស្លាប់ចំនួន៣នាក់ ដោយមានសភាពជាប់ក្នុងរថយន្តផង ម្នាក់ គឺជាអ្នកបើកបររថយន្តឈ្មោះ សុភក្ត្រ ព្រុំចាន់ អាយុ៤៧ឆ្នាំ និង នារី២នាក់ គឺជាពលការិនីខ្មែរ អាយុប្រហែល៣០ឆ្នាំដែលធ្វើការនៅក្នុងប្រទេសថៃ ព្រមទាំងមានអ្នករងរបួសមួយចំនួនទៀត ក៏ជាពលករខ្មែរដែរ។ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងរកមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវដើម្បីពិនិត្យ ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានបឋមថា អ្នកបើកបររថយន្តតូច អាចបើកទាំងងងុយដេក ព្រោះនៅលើផ្លូវគ្មានស្លាកស្នាមហ្វ្រាំងបន្តិចទាល់តែសោះ៕

website_news/2020060416.txt · Last modified: 2020/04/06 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki