website_news:2020060711

អាជ្ញាធរឃាត់ខ្លួនពលរដ្ឋ ១៩នាក់ ដោយសារតែពួកគេលួចឆ្លងដែនទៅថៃខុសច្បាប់

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-07-04

មន្ដ្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគិតគូរដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ដើម្បីបញ្ចៀសកុំឱ្យពួកគេធ្វើចំណាកស្រុក ស្វែងរកការងារធ្វើដោយខុសច្បាប់។ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលគួរតែសិក្សាពីមូលហេតុដែលធ្វើឱ្យពលករខ្មែរទាំងអស់នោះ ដែលបង្ខំចិត្ដធ្វើចំណាកស្រុកដោយខុសច្បាប់។ លោកបន្ថែមថា ដោយសារតែគ្មានការងារធ្វើ ការជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ គួបផ្សំនឹងវិបត្តិសេដ្ឋកិច្ច ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគេលួចធ្វើចំណាកស្រុកដោយខុសច្បាប់បែបនេះ៖ «យើងឃើញហើយថា ពួកគាត់ភាគច្រើនមានការលំបាក គួបផ្សំនឹងវិបត្តិកូវីដនេះផង ហើយវិបត្តិកូវីដនេះធ្វើឱ្យពួកគាត់កាន់តែប្រឈមខ្លាំង និងអត់ការងារធ្វើ មានជាប់ជំពាក់ខាងមីក្រូហិរញ្ញវត្ថុ ឬធនាគារទៅទៀត អ៊ីចឹងប្រសិនជាពួកគាត់មិនស្វះស្វែងរកការងារធ្វើទេ តើពួកគាត់ដោះស្រាយបញ្ហាទាំងអស់នោះដោយរបៀបម៉េច។ រដ្ឋាភិបាលគួរសិក្សាពីបញ្ហាទាំងនោះឱ្យបានច្បាស់ ហើយរកដំណោះស្រាយទៅជួនពលរដ្ឋរបស់ខ្លួន ជាជាងយើងប្រើវិធានការផ្លូវច្បាប់នានា ដែលធ្វើឱ្យប៉ះពាល់ដល់ពួកគាត់រងនូវទុក្ខលំបាកបន្ដទៀត»។

សំណើនេះធ្វើឡើងដោយសារតែ កាលពីថ្ងៃទី២ ខែកក្កដា អាជ្ញាធរខេត្ដឧត្ដរមានជ័យបានឃាត់ខ្លួនពលរដ្ឋ ១០នាក់ និងមេខ្លោង ២នាក់ នៅពេលដែលពួកគេបម្រុងនឹងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ អធិការនគរបាលក្រុងសំរោង លោក ហម ភិរម្យ បានប្រាប់អាស៊ីសេរីកាលពីថ្ងៃទី០៣ ខែកក្កដា ថា ពលករខ្មែរទាំង១០នាក់នោះ មកពីខេត្តកំពង់ធំ និងខេត្ដឧត្ដរមានជ័យ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅខេត្ដសុរិន្ទ និងទីក្រុងបាងកកប្រទេសថៃ។ លោក ហម ភិរម្យ ថា អាជ្ញាធរបានអប់រំដល់ពលរដ្ឋទាំងនោះ ហើយឱ្យពួកគេត្រលប់ទៅផ្ទះរបស់ពួកគេវិញអស់ហើយ ចំណែកមេខ្លោង អាជ្ញាធរបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកនៅឯខេត្ដបន្ទាយមានជ័យឯណោះវិញ អាជ្ញាធរខេត្ដនេះបានឃាត់ខ្លួនពលរដ្ឋខ្មែរ និងថៃ ៧នាក់ នៅច្រកអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី០៣ ខែកក្កដា។ សមត្ថកិច្ចខេត្ដនេះបានអប់រំពលរដ្ឋខ្មែរ ២នាក់ និងថៃ ៥នាក់នោះ ហើយឱ្យពួកគេត្រលប់ទៅផ្ទះរបស់គេវិញ។ ចាប់តាំងពីមានវិធានការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសថៃមក ពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចេញពីប្រទេសថៃទៅកម្ពុជាវិញ ហើយពលរដ្ឋខ្មែរមួយចំនួនទៀតត្រូវបានថៃចាប់បញ្ជូនមកកម្ពុជាវិញ ដោយសារតែពួកគេលួចចូលទឹកដៃថៃ ដោយខុសច្បាប់៕

website_news/2020060711.txt · Last modified: 2020/07/06 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki