website_news:2020060802

សម្ដេច ស ខេង អំពាវនាវឲ្យបន្តទប់ស្កាត់ការជួញដូរមនុស្ស ខណៈអាមេរិកវាយតម្លៃកម្ពុជាជាប់ចំណាក់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើល

http://btv.com.kh/ 06/08/2020

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តយកទប់ស្កាត់ការជួញដូរមនុស្សឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើល ចំនួន២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធមិនមានការប្រឹងប្រែង ឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងនោះ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា«យើងទាំងអស់គ្នានឹងពិនិត្យពិភាក្សា លើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីស្តាមុខមាត់ប្រទេសជាតិ ដែលកន្លងមកនេះ ត្រូវបានសហរដ្ឋអាមេរិក វាយតម្លៃដោយដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើល ពីរឆ្នាំជាប់គ្នា ហើយនឹងត្រូវ ធ្លាក់ទៅលេខ ៣ ដោយស្វ័យប្រវត្តិ បើសិនជាមិនមានការប្រឹងប្រែង ឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងនោះ»។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម បានបន្ដថា កម្ពុជាមិនផ្ដេកផ្ដួលទៅលើការវាយតម្លៃរបស់អាមេរិកទាំងស្រុងទេ តែក៏ត្រូវទទួលស្គាល់ថា វាមានចំណុចជាច្រើន ដែលចង្អុលបង្ហាញអំពីភាពខ្វះចន្លោះរបស់យើង គួរឲ្យពិចារណា និងធ្វើការកែលម្អដែរ ដើម្បីជាប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងមូលនោះ។ សម្តេចក្រឡាហោម ក៏បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពិនិត្យពិភាក្សាលើចំណុចខ្វះខាតមួយចំនួនដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ដើម្បីកុំឲ្យគេមើលមកកម្ពុជាយើងជាប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីឃ្លាំមើលបន្តទៀតនោះ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកសរសេរដល់អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូនឲ្យបានដល់លំនៅឋានផងដែរ ដែលកត្តានេះសបញ្ជាក់ឲ្យឃើញនៅការខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងគោរពសិទ្ធរបស់បងប្អូនចំណាក់ស្រុកជាដើមនោះ៕ អត្ថបទ ៖ បាន ចក់

website_news/2020060802.txt · Last modified: 2020/08/06 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki