website_news:2020061002

ថៃចាប់ផ្សឹកព្រះសង្ឃខ្មែរ១០អង្គ ក្រោយឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៩:០៣ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរចំនួន១០អង្គត្រូវបានសមត្ថកិច្ចថៃចាប់ផ្សឹកនៅស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ នេះបើយោងតាមការចេញផ្សាយលើគេហទំព័រនិងកាសែតក្នុងស្រុកថៃមួយកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០២០។ គេពុំដឹងថាព្រះសង្ឃទាំង១០អង្គខាងលើនោះជាសង្ឃពិតប្រាកដ ឬក្លែងក្លាយនោះទេ ប៉ុន្តែកន្លងមកភាគីថៃតែងចាប់បានសង្ឃក្លែងក្លាយបញ្ជូនឲ្យមន្ត្រី និងសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតថែមទាំងដឹកក្នុងរថយន្តទ្រុងដូចជាគ្រហស្ថទៀតផង។ យោងតាមការសាកសួរ ព្រះសង្ឃទាំង១០អង្គខាងលើ ក្រោយឆ្លងព្រំដែនបានជិះម៉ូតូឌុបទៅរករថយន្តជិះប្រុងឆ្ពោះទៅវត្តមួយនៅក្រុងបាងកកដើម្បីបិណ្ឌបាតរកប្រាក់និងទេសចរ ។ ទោះជាយ៉ាងណា ករណីនេះសមត្ថកិច្ចថៃក៏បានឃាត់ខ្លួនជនជាតិថៃ៣នាក់ ដែលយករថយន្តមកចាំទទួលព្រះសង្ឃទាំងអស់នៅចំណុចកើតហេតុផងដែរ ។ ព្រះសង្ឃទាំង១០អង្គខាងលើត្រូវបានសមត្ថកិច្ចថៃប្រគល់ឲ្យមន្ត្រីជំនាញក្នុងស្រុកគោកធ្យូងផ្សឹកដើម្បីចាត់ការបន្ត ។ ចំណែកជនជាតិថៃ៣នាក់ត្រូវបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020061002.txt · Last modified: 2020/10/06 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki