website_news:2020061006

រដ្ឋាភិបាលកម្ពុជា ស្នើសុំថៃឱ្យទទួលយកពលករខ្មែរទៅធ្វើការវិញ និងសុំបញ្ចុះថ្លៃធ្វើចត្តាឡីស័ក

https://www.rfa.org/khmer/ 2020-10-05

មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល ខិតខំបង្កើនមុខរបរក្នុងស្រុក ឲ្យពលរដ្ឋធ្វើ ប្រសើរជាង បញ្ជូនពលរដ្ឋទៅធ្វើការជាពលករ។ ការលើកឡើងនេះ ក្រោយពេលរដ្ឋាភិបាលកម្ពុជា បន្តស្នើសុំរដ្ឋាភិបាលថៃជាថ្មី ឲ្យទទួលយកពលរដ្ឋខ្មែរ ទៅធ្វើការនៅប្រទេសថៃវិញ និងស្នើសុំឲ្យបញ្ចុះថ្លៃចត្តាឡឺស័កសម្រាប់ពួកគេ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលថៃ មិនទាន់ឆ្លើយតបសំណើកម្ពុជានៅឡើយទេ។

មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា សោកស្ដាយចំពោះរដ្ឋាភិបាល ដែលធ្លាប់បានប្រកាស ពីកិច្ចខិតខំប្រឹងប្រែង បង្កើនមុខរបរក្នុងស្រុក ឲ្យពលករ ដែលបាត់បង់ការងារធ្វើក្នុងសម័យកាលផ្ទុះជំងឺកូវីដ១៩ (Covid-19) តែពលរដ្ឋ នៅតែប្រថុយប្រថានលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃដដែល។ អ្នកឃ្លាំមើលសិទ្ធិពលកររូបនេះ ជំរុញឲ្យរដ្ឋាភិបាល ខិតខំបង្កើនមុខរបរក្នុងស្រុកបន្ថែមទៀត ដើម្បីធានាឲ្យបានថា ពលរដ្ឋពិតជាមានការងារធ្វើ និងប្រាក់ចំណូលសមរម្យ៖ «កត្តាក្នុងស្រុក វាមិនមានការគ្រប់គ្រាន់ ប្រាក់ឈ្នួលទាបជាងអ្វីអ៊ីចឹង វាជាជម្រើសគាត់ទៅក្រៅហើយ។ បើដឹងថា គាត់ទៅក្រៅហើយ ត្រូវតែបង្កើតគោលនយោបាយ យន្តការ គាំពារ ធ្វើម្ដេច ការពារផលប្រយោជន៍ ការពារសិទ្ធិរបស់ពួកគាត់ហ្នឹង ឲ្យបានល្អ។ កុំឲ្យចំណាកស្រុក ក្នុងន័យបង្ខំ(ចិត្ត) ក្នុងន័យជំពាក់បំណុលគេ ព្រោះយើងមើលភាពជាក់ស្ដែង ដែលយើងធ្វើការជាមួយពលករហ្នឹង ហេតុផលអ្វី បានមក(ធ្វើការ)ស្រុកគេ? ហេតុផល ដែលជំពាក់លុយគេហ្នឹង ៧០ភាគរយ ហើយ៧០ភាគរយហ្នឹង សួរថា មក (ស្រុកគេ) ហ្នឹង មានលុយ (ធ្វើដំណើរ) ខ្លួនឯង ឬខ្ចីគេ ហើយភាគច្រើនគឺខ្ចីគេ។ ដល់អ៊ីចឹងទៅ វាថែមបំណុលទៀត»។

កាលពីថ្ងៃទី២ ខែតុលា ក្រសួងការបរទេស និងស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក បានស្នើសុំជាថ្មីទៀត ទៅភាគីថៃ ក្នុងជំនួបដាច់ដោយឡែកគ្នា សុំឲ្យរដ្ឋាភិបាលថៃ ទទួលយកពលករកម្ពុជា ដែលកាន់ប័ណ្ណឆ្លងព្រំដែន (border passes) និង ពលករ ដែលចុះឈ្មោះធ្វើការតាមប្រព័ន្ធអនុស្សរណៈយោគយល់គ្នា (MOU) អាចវិលត្រឡប់ចូលទៅធ្វើការនៅប្រទេសថៃវិញ និងសុំឲ្យបញ្ចុះថ្លៃទិដ្ឋាការ និងថ្លៃធ្វើចត្តាឡីស័កជាដើម។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីឯកអគ្គរាជទូតប្រចាំទីក្រុងបាងកក លោក អ៊ូក សោភ័ណ បានទេ នៅថ្ងៃទី៤ តុលា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ប៉ុន្តែស្ថានទូតបានសរសេរក្នុងបណ្ដាញសង្គម (facebook) ថា ភាគីថៃបានទទួលយកសំណើទាំងអស់ ទៅពិភាក្សាផ្ទៃក្នុង និងប្រាប់ឲ្យ ត្រៀមបញ្ជូនពលករចំនួន១.០០០នាក់ តាមច្រកឡែម និងច្រកដូងចូលខេត្តចាន់ថាក់បូរី (Chanthaburi)។

ពលករម្នាក់ កំពុងធ្វើការនៅប្រទេសថៃ លោក នូវ ប៊ុនរ័ត្ន ប្រាប់ថា ថៃបន្តបិទប្រទេសបន្តទៀត ដូច្នេះ ជាគោលការណ៍ គឺថៃលែងទទួលយកពលករទាំងអស់ចូលធ្វើការ។ ប៉ុន្តែពលរដ្ឋខ្មែរនៅតែបន្តប្រថុយលួចឆ្លងដែនខុសច្បាប់រត់កាត់ព្រៃ ឆ្លងភ្នំ ស្ទឹង អូរ ចូលប្រទេសថៃ រាល់ថ្ងៃរាល់យប់ ដោយសារ គ្មានការងារធ្វើនៅស្រុកកំណើត។ ពលកររូបនេះឲ្យដឹងថា ការប្រថុយលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើ ទាំងស្ថានភាពថៃកំពុងបិទប្រទេសនៅឡើយនេះ បណ្ដាលឲ្យពលករខ្មែរ ត្រូវចំណាយលុយ អស់ច្រើនជាងការឆ្លងដែនស្របច្បាប់ គឺច្រើនជាងប្រហែលគុណនឹង១០ដង ដោយសារឈ្មួញ ឬមេខ្យល់ នាំដើរផ្លូវវៀងឆ្ងាយ លុកព្រៃជ្រៅ ឡើងភ្នំ ដើម្បីរត់គេចពីប៉ូលិសថៃ ហើយពេលខ្លះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំពោះឡានដឹកពលករឆ្លងដែនខុសច្បាប់ ជាដើម។ លោក បន្តថា អ្នកដែលអាចលួចឆ្លងដែនខុសច្បាប់នេះ ប្រឈមនឹងប៉ូលិសចាប់ខ្លួនបានយកទៅឃុំ ហើយបញ្ជូនចេញ ទៅប្រទេសកំណើតវិញ។ ឯអ្នកលួចឆ្លងដែនជោគជ័យ ចូលដល់ភាគកណ្ដាលប្រទេសថៃបាន ក៏នៅតែប្រឈមការអត់ការងារធ្វើដែរ ដោយសារ រោងចក្រខ្លះ ក្ស័យធន ឯរោងចក្រខ្លះ មិនត្រូវការរើសកម្លាំងពលកម្មបន្ថែម និងនិយោជកខ្លះ មិនយកអ្នកឆ្លងដែនខុសច្បាប់ជាដើម៖ «ប៉ុន្តែចំពោះម្យ៉ាងទៀត រឿងការងារនៅតែជាបញ្ហាសម្រាប់ពលករខ្មែរយើងដដែល ដោយសារអ្វី រោងចក្រខ្លះក្ស័យធន ត្រូវបិទទ្វារចោល។ រោងចក្រខ្លះ ក៏គេយក អ្នកចាស់។ ប៉ុន្តែ អ្នកថ្មី ដែលគាត់មកដាក់ពាក្យ ដាក់ CV រកការងារហ្នឹង គេអត់ទទួលយក។ អ៊ីចឹង ធ្វើឲ្យពួកគាត់ហ្នឹង អត់ការងារដដែល»។

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០១៩ បង្ហាញថា ពលករខ្មែរធ្វើការនៅប្រទេសថៃ មានប្រហែលមួយលាន (១.០០០.០០០) នាក់។

លោក ឌី ថេហូយ៉ា ឲ្យដឹងថា ស្ថានភាពជាក់ស្ដែង ពលករខ្មែរធ្វើការ ទាំងមានច្បាប់ និងខុសច្បាប់ នៅប្រទេសថៃ មានខ្ទង់ពីរលាន (២.០០០.០០០) នាក់ ភាគច្រើនក្នុងវិស័យសំណង់ និងកសិកម្ម។ លោក ប្រាប់ថា តាំងពីប្រទេសថៃ បិទប្រទេសដាក់ក្នុងភាពអាសន្ន ចាប់ពីខែមីនាមក ពលករខ្មែរ ជាងមួយម៉ឺន (១០.០០០) បានលួចឆ្លងដែន ចូលទៅប្រទេសថៃ រកការងារធ្វើជាបន្តបន្ទាប់ តែភាគច្រើន ត្រូវថៃចាប់បាន ហើយបញ្ជូនត្រឡប់មកវិញ៕

website_news/2020061006.txt · Last modified: 2020/10/06 12:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki