website_news:2020061102

ក្រសួងការងារ ចេញប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំជាមួយក្រសួងការងារថៃ ពាក់ព័ន្ធនឹងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

https://www.cen.com.kh/ November 6, 2020

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងឯកឧត្តម Surachai Chaitrakulthong អនុរដ្ឋមន្ត្រីក្រសួងការងារ ដែលត្រូវបានផ្ទេរសិទ្ធិដោយឯកឧត្ដម Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ រួមទាំងតំណាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ។

បើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖ជំនួបនេះ ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនៃវិស័យការងារ, កិច្ចព្រម ព្រៀងស្ដីពីការប្រើប្រាស់កម្លាំងពលកម្ម, ការការពារពលករកម្ពុជា និងការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវី៥-១៩, ការជ្រើសរើស និងបញ្ជូនពលករតាមរដូវកាល សម្រាប់ការងារនៅបណ្តាខេត្តជាប់ព្រំដែន , និងការជ្រើសរើសនិងបញ្ជូនពលករតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នាឡើងវិញ។ ក្នុងឱកាសកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ ដ៏ល្អនាពេលកន្លងមកលើការគ្រប់គ្រង ការពារ និងអនុគ្រោះដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖

១. បន្តកិច្ចសន្យាការងាររយៈពេល ២ឆ្នាំបន្ថែមទៀត ចំពោះពលករ ដែលបានបញ្ជូនតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នា ហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល ៤ឆ្នាំ ចាប់ពីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេល ២ឆ្នាំរួចហើយ ពលករទាំងនោះនឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឱ្យបន្តកិច្ចសន្យាទៀតឡើយ។

២.បញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការតាមរដូវកាលនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយភាគីទាំងពីររៀបចំស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកច្រកព្រំដែន សម្រាប់បញ្ជូន និងទទួលពលករកម្ពុជាដោយត្រូវអនុវត្តតាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។

៣.ផ្តល់ការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ជូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅពេលដ៏ខ្លីខាងមុខនេះ។

ភាគីថៃស្នើសុំ និងបានត្រៀមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់ខ្លួនដើម្បីទទួលមន្ត្រី បច្ចេកទេសនៃគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃ ដើម្បីជួយបង្កើនល្បឿនក្នុងការផ្តល់សុពលភាពឯកសារ និងគ្រប់គ្រងទិន្នន័យពលករ ដើម្បីទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍សន្តិសុខសង្គមនៅពេលបញ្ចប់កិច្ចសន្យាការងារ។ ភាគីកម្ពុជានឹងស្នើសុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីបញ្ជូនក្រុមការងារបច្ចេកទេស នៃគណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលរួមមាន ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីធ្វើការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម និងសម្របសម្រួលជាមួយភាគីថៃក្នុងការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជា។

៤. ពិភាក្សាបច្ចេកទេស និងនីតិវិធីនៃការជ្រើសរើស និងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយ អនុលោមតាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។

៥. នឹងរួមគ្នាបង្ការ និងទប់ស្កាត់ភាពមិនប្រក្រតីនៃការផ្តល់ភាពស្របច្បាប់ជូនពលករ និងរួមគ្នាទប់ស្កាត់ការឆ្លងដែនទៅធ្វើការខុសច្បាប់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ក្នុងលក្ខណៈមិត្តភាព សហប្រតិបត្តិការ និងយោគយល់គ្នាទៅ វិញទៅមក ដោយឈរលើអត្ថប្រយោជន៍នៃប្រទេសទាំងពីរ៕ ដោយ៖បញ្ញាស័ក្តិ

7c43bf5a-a342-43ab-9e3a-1bf857be73c2.jpg 88.1kB e97f922b-8d87-4b22-a745-a70b9fe1f305.jpg

website_news/2020061102.txt · Last modified: 2020/11/06 13:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki