website_news:2020061111

មន្ត្រីកម្ពុជា-ថៃ រៀបចំស្នើរដ្ឋាភិបាលខ្លួនបើកច្រកព្រំដែនសម្រាប់បញ្ជូននិងទទួលពលករខ្មែរ

https://vodkhmer.news/ លោកស្រី ពេជ្រ សុធារី ០៦ វិច្ឆិកា ២០២០ ម៉ោង ១០:៤៩

ភាគីកម្ពុជា-ថៃ គ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកច្រកព្រំដែនសម្រាប់បញ្ជូននិងទទួលពលករកម្ពុជា និងប្រកាសរួមគ្នាទប់ស្កាត់ការឆ្លងដែនទៅធ្វើការដោយខុសច្បាប់ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ កាលពីរសៀលថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង បានជួបប្រជុំជាមួយលោក Surachai Chattrakulthong អនុរដ្ឋមន្ត្រីក្រសួងការងារថៃ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការនៃវិស័យការងារ និងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងការជ្រើសរើសនិងបញ្ជូនពលករ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសន្យារយៈពេល២ឆ្នាំទៀត សម្រាប់ពលករដែលបានបញ្ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាលនៃជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន ដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

ពាក់ព័ន្ធនឹងការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការតាមរដូវកាលនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រសួងការងារបញ្ជាក់ថា ភាគីទាំងពីរបានរៀបចំស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកច្រកព្រំដែន សម្រាប់បញ្ជូននិងទទួលពលករកម្ពុជា ដោយត្រូវអនុវត្តតាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។ ក្រសួងបានបន្តថា៖ «នឹងរួមគ្នាបង្ការនិងទប់ស្កាត់ភាពមិនប្រក្រតីនៃការផ្តល់ភាពស្របច្បាប់ជូនពលករ និងរួមគ្នាទប់ស្កាត់ការឆ្លងដែនទៅធ្វើការខុសច្បាប់»។ ក្រៅពីនោះ ក្រសួងការងារបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តល់ការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ជូនពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅពេលខាងមុខ និងពិភាក្សាបច្ចេកទេស និងនីតិវិធីនៃការជ្រើសរើសនិងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមអនុស្សរណៈនៃការយោគយល់គ្នា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

website_news/2020061111.txt · Last modified: 2020/11/06 13:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki