website_news:2020070405

ពលករខ្មែរនៅប្រទេសថៃជាច្រើននាក់ដាច់ស្បៀង បន្ទាប់ពីថៅកែផ្អាកការងារដោយជំងឺកូវិដ១៩

https://www.rfa.org/khmer/news/ ដោយ មាន ឫទ្ធិ 2020-04-05

ពលករខ្មែរធ្វើការងារនៅប្រទេសថៃមួយចំនួន ចាប់ផ្ដើមដាច់ស្បៀងបណ្ដើរៗ ហើយ និងមួយចំនួនទៀតប្រឈមនឹងដាច់ស្បៀងនៅពេលដ៏ខ្លីខាងមុខ។ ពួកគាត់អះអាងថា មូលហេតុដែលនាំឱ្យដាច់ស្បៀងនេះ គឺដោយសារអត់ការងារជាច្រើនថ្ងៃហើយ បន្ទាប់ពីថៅកែបានផ្អាកការងារដោយសារខ្លាចឆ្លងជំងឺកូវិត១៩។

ពលករខ្មែរធ្វើការនៅខេត្តជាប់ទីក្រុងបាងកកម្នាក់ លោក ជិន វិទ្ធ ថ្លែងនៅថ្ងៃទី៥ មេសាថា លោកពុំមានប្រាក់ចាយវាយប្រចាំថ្ងៃ និងបង់ថ្លៃបន្ទប់ជួល និងប្រាក់ទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃនោះទេ ពីព្រោះថៅកែបានផ្អាកការងារប្រមាណ ២សប្ដាណ៍មកហើយ។ លោកបន្តថា នៅពេលនេះលោកចង់ទៅផ្ទះវិញក៏ទៅមិនបាន ព្រោះគ្មានប្រាក់ធ្វើដំណើរ ហើយម្យ៉ាងទៀត អាជ្ញាធរកម្ពុជាថៃក៏បានបិទព្រំដែនរួមមកហើយដែរ ដូច្នេះលោកសម្រេចចិត្តស្នាក់នៅក្នុងបន្ទប់ជួល ២នាក់ពលករខ្មែរមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ៖ «ខ្ញុំនិយាយការពិតហ្នឹងឯង ព្រោះអីបើខ្ញុំអត់មានអីហូបមែន ហើយខ្ញុំទៅខ្ចីប្រាក់អ្នកណាបាន បើសុទ្ធតែអ្នកអត់ដូចគ្នា។ បើយើងទៅផ្ទះក៏ទៅមិនរួច ព្រោះអីបើគេបិទច្រកអស់ហើយ បើទៅមានតែគេឃាត់ទុក ១៤ថ្ងៃបានគេឱ្យទៅបាន អីចឹងបានខ្ញុំមិនហ៊ានទៅ។ ខ្ញុំមិនដឹងគិតយ៉ាងម៉េចទេ បើយើងអត់លុយ ហើយម្ចាស់បន្ទប់ជួលក៏គេមិនលើកលែងឱ្យយើងដែរ។ ខ្ញុំអត់មានអីហូបអីចឹង មានអារម្មណ៍ថា ទៅមុខទៀតអាចនឹងស្លាប់ដោយសារដាច់បាយ»។ ស្រដៀងគ្នានេះពលករខ្មែរធ្វើការនៅផ្សារទំនើបនៅប្រទេសថៃមួយចំនួនទៀត ឱ្យដឹងថា ពួកគាត់ក៏គ្មានប្រាក់ចំណូលសម្រាប់ចាយវាយនៅពេលខាងមុខនេះដែរ ហើយនាំគ្នាស្នាក់នៅតែក្នុងបន្ទប់ជួល ដោយពុំហ៊ានចេញទៅខាងក្រៅឡើយ ព្រោះខ្លាចឆ្លងជំងឺកូវិដត១៩។ ប្រភពដដែលបន្ថែមទៀតថា សព្វថ្ងៃពួកគាត់នៅសល់អង្ករប្រមាណ ៥គីឡូក្រាម និងមី ១០កញ្ចប់ សម្រាប់ហូបចុកប្រចាំថ្ងៃ៖ «ចាប់ពីគេបិទខ្ញុំដេកក្រោកៗ រហូត អ្នកផ្សេងក៏ដូចគ្នាដែរ មានរាប់រយនាក់ ប៉ុន្តែអ្នកខ្លះទៅផ្ទះ អ្នកខ្លះមិនបានទៅទេ។ ខ្ញុំដាច់ការងារ២អាទិត្យហើយ ដោយសារថៅកែបិទហាងព្រោះលក់មិនដាច់ ខ្ញុំទៅមុខទៀតក៏គ្មានអីហូប ទៅផ្ទះក៏មិនរួចចេះខ្ញុំភ័យណាស់ បើគេបិទមិនឱ្យដើរហើយ។ ខ្ញុំមិនដឹងទៅខ្ចីប្រាក់ពីណាទេ បើពីមុនចេះតែជួយគ្នាបាន ដល់ពេលនេះអត់ការងារដូចគ្នាមិនដឹងជួយយ៉ាងណាទេ យករួចតែខ្លួន»។ ក្រុមពលករទាំងនេះបន្តថា ពលករខ្មែរនៅតំបន់ដទៃទៀត ចាប់ផ្ដើមដាច់ស្បៀង និងខ្លះទៀតនៅសល់ប្រាក់ចន្លោះពី ៥០០បាតទៅ ១ពាន់បាត ឬប្រមាណ ៣០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារអត់ការងារធ្វើជាច្រើនថ្ងៃហើយ ស្របពេលដែលប្រាក់ខែធ្វើការកន្លងមកមួយចំនួនផ្ញើទៅឱ្យឪពុកម្ដាយនៅស្រុកកំណើត និងមួយទៀតបង់ថ្លៃបន្ទប់ជួល និងចាយវាយអំឡុងពេលអត់ការងារធ្វើនៅក្រៅប្រទេស។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ លោក គឹម ចំរើន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាប្រឈមរបស់កម្មករទាំងនេះបានទេ នៅថ្ងៃទី៥ មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

ថ្មីៗ នេះ ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានចេញសេចក្ដីជូនដំណឹងអំពី បម្រាមគោចរទូទាំងប្រទេសថៃ ចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៤ព្រឹក ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បម្រាមនេះចូលជាធរមាន ពីយប់ថ្ងៃទី៣ ខែមេសា រហូតដល់ស្ថានការណ៍វិលមកប្រក្រតីឡើងវិញ។ ជនណាល្មើសបម្រាមនេះ នឹងត្រូវជាប់ពន្ធនាគារពីរឆ្នាំ និង/ឬពិន័យជាប្រាក់ ៤ម៉ឺនបាត ឬស្មើនឹងជាង ១.២០០ដុល្លារ។ ក្នុងករណីពលរដ្ឋខ្មែរនៅថៃមានបញ្ហា អាចទំនាក់ទំនងមកស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកតាមរយៈហ្វេសប៊ុកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ ០៩២ ៨០ ៥០ ៥៦១ និងលេខ ០៩៤ ០៩២ ៥៩ ០៥។

ប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលជួបការលំបាកខ្លាំងជាងគេ គឺពលករធ្វើការខុសច្បាប់ និងពលករដែលមិនបានចុះកិច្ចសន្យាអត្ថប្រយោជន៍ការងារ។ លោកបន្ថែមថា បញ្ហាអាជ្ញាធរកម្ពុជាគួរតែជួយដល់ពលករខ្មែរទាំងនោះជាបន្ទាន់ ធ្វើយ៉ាងណាឱ្យពួកគាត់មានស្បៀងអាហារហូបចុកក្នុងពេលស្នាក់នៅប្រទេសថៃ ពីព្រោះប្រសិនបើពុំដូច្នោះទេ ពួកគាត់នឹងវិលត្រឡប់ទៅកម្ពុជា ហើយធ្វើឱ្យកកស្ទះនៅតំបន់ព្រំដែននៅពេលដ៏ខ្លីខាងមុខ៖ «ប្រសិនបើវាឈានដល់វិបត្តិធ្ងន់ធ្ងរ ដែលគាត់មិនអាចរស់បានមែននោះ ចង់មិនចង់ទោះបីបិទព្រំដែនយ៉ាងណា ក៏បិទមិនជិតដែរ គាត់ត្រូវត្រឡប់ទៅខ្មែរហើយ។ បើសិនមិនចង់ឱ្យវាកើតវិបត្តិហ្នឹងរដ្ឋាភិបាលថៃនិងកម្ពុជាគួរសហការគ្នាធានាបាននូវស្បៀង ដែលគាត់អាចរស់នៅបាននៅក្នុងប្រទេសថៃ»។

របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា សព្វថ្ងៃមានពលករខ្មែរប្រមាណ ២លាននាក់(២.០០០.០០០) ធ្វើការនៅប្រទេសថៃ។ កាលពីថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទើបតែមានពលករខ្មែរធ្វើការនៅប្រទេសថៃជាង ៥ម៉ឺន (៥០.០០០) ប៉ុណ្ណោះ ដែលបានត្រឡប់មកដល់ស្រុកកំណើតវិញ អំឡុងពេលរាតត្បាតជំងឺកូវិដ១៩៕

website_news/2020070405.txt · Last modified: 2020/04/07 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki