website_news:2020070501

អ្នកនាំពាក្យក្រសួងអធិការកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកបន្តធ្វើចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ និងដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ

http://nokorwatnews.com/archives/ 06-05-2020

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច លោក ណុប ចាន់ណារិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានអំពានាវឲ្យប្រជាពលរដ្ឋផ្អាកបន្តការធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេង និងទៅក្រៅប្រទេស ព្រោះជំងឺឧត្បាតកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើងនៅឡើយទេ ។ លោក ណុប ចាន់ណារិន្ទ បន្តថា ការអនុវត្តបែបនេះ មានអត្ថប្រយោជន៍សម្រាប់ខ្លួនឯងផង និងគ្រួសារផង ដូចជាទប់ស្កាត់បានការចម្លងកូវីដ-១៩ និងធានាបាននូវការគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃ មិនលំបាកបង៉ថ្លៃឈ្នួលផ្ទះ ឬរកការងារធ្វើនោះឡើយ ព្រោះប្រទេសយើង ជាប្រទេសកសិកម្ម និងម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការគ្រប់យ៉ាង ដោយមិនឲ្យពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងមិនបានដឹងនោះឡើយ ។

ការលើកឡើងរបស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងក្នុងឱកាសដែលរូបលោកចុះជួបដោយផ្ទាល់ជាមួយប្រជាជនខ្វះខាតស្បៀងដោយឥទ្ធិពលកូវីដ-១៩ ចំនួន៦០គ្រួសារ មកពី៥ភូមិ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

លោក ណុប ចាន់ណារិន្ទ បញ្ជាក់ជូនពលរដ្ឋថា បច្ចុប្បន្ននេះអាជ្ញាធរមូលដ្ឋាននិងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយក្រុមការងារគណបក្សចុះជួយសង្កាត់កោះដាច់ បានតាមដានជាប់ជាប្រចាំ នូវរាល់ជីវភាពរស់នៅរបស់បងប្អូន និងធ្វើជំរឿនតាមខ្នងផ្ទះ ស្វែងរកអ្នកខ្វះខាតដោយទទួលឥទ្ធិពលពីកូវីដ-១៩ ដូចជាអ្នកបាត់បង់ការងារនៅតាមវិស័យឯកជន ហើយខ្វះខាតជីវភាពពិតប្រាកដ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែងដូចបងប្អូន ដែលនៅនេះស្រាប់ គឺរដ្ឋបាលសង្កាត់កោះដាច់ ក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ ពលរដ្ឋដែលមានជវភាពីធូរធារ និងក្រុមហ៊ុនមួយចំនួន បានចូលរួមជាថវិកា សម្ភារ ដើម្បីចែករំលែកដល់ការខ្វះខាតរបស់បងប្អូន ។

បើតាមរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការយល់ដឹងពីផលប៉ះពាល់នៃជំងឺឧត្បាតកូវីដ-១៩ រួមផ្សំនឹងការចុះផ្សព្វផ្សាយជាប់ជាប្រចាំស្តីពីសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានធ្វើឲ្យយើងបញ្ជៀសបាននូវការឆ្លង ឬកើតកូវីដ-១៩ បានទាំងស្រុង ។ នៅក្នុងរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ដដែល បានឲ្យដឹងថា មកដល់ពេលនេះក្រុមការងារ និងរដ្ឋបាលសង្កាត់ បានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតដោយឥទ្ធិពលកូវី-១៩ មានចំនួន១៤០គ្រួសារ ក្នុងចំនួនប្រាំភូមិទូទាំងសង្កាត់ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ និងរដ្ឋបាលសង្កាត់នៅតែបន្តចែកទៀត រហូតដល់ជំងឺផ្លូវដង្ហើម កូវីដ-១៩ ចេញផុតពីផែនដី ។ លោកបន្ដថា ប្រសិនបើបងប្អូន ណាមានការខ្វះខាតស្បៀងសូមអញ្ចើញមករករដ្ឋបាលសង្កាត់ជាបន្ទាន់ ដើម្បីដោះស្រាយជូនដោយឥតគិតថ្លៃ ។ អំណោយដែលប្រជាពលរដ្ឋទទួលពីក្រុមការងារនាថ្ងៃនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល ។

នៅក្នុងពិធីចុះសួរសុខទុក្ខនេះ លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាបាលចុះជួយរាជធានីភ្នំពេញ ដោយក្តីនឹករលឹក បើទោះជាសម្តេចទាំងពីរមិនបានចុះមកដោយផ្ទាល់ក៏ដោយ តែលោកបានផ្តាំផ្ញើឲ្យរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងារគ្រប់ទីកន្លែងឲ្យយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយតម្រូវការឲ្យបានទាន់ពេលវេលា ៕ ដោយ៖សំរិត

website_news/2020070501.txt · Last modified: 2020/05/07 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki