website_news:2020070502

ពលករខ្មែរចេញមកពីប្រទេសថៃកើនឡើងដល់ជាង១ម៉ឺន៧ពាន់នាក់ហើយ តាមច្រកទ្វារព្រំដែនជាប់ខេត្តបាត់ដំបង

https://www.cen.com.kh/archives/ May 7, 2020

បាត់ដំបង៖ ពលករខ្មែរចេញមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនជាប់បាត់ដំបងនិងមកពីក្រៅប្រទេស បានមានការកើនច្រើនឡើងវិញ ដល់ជាង១ម៉ឺន៧ពាន់នាក់ ខណៈក្នុងអំឡុងពេលការរីលរាលដាលជំងឺកូវីដ១៩។

បើយោងតាមរបាយការណ៍របស់សាលាខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ថា ពលករមានទីលំនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ចេញពីប្រទេសថៃ ចូលមកតាមច្រកទ្វារព្រំដែនក្នុងខេត្តនិងក្រៅខេត្ត មានចំនួន ១០០នាក់ ស្រី ៤៨នាក់ ខណៈដែលពលករមានទីលំនៅតាមបណ្តារាជធានីខេត្ត ដែលចូលមកវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង មានចំនួន ៣១០នាក់ ស្រី ៤២នាក់ ដែលចំនួនការវិលត្រឡប់នៅពេលនេះ បើធៀបនឹងមុនពេលបុណ្យចូលឆ្នាំគឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ក្រោយពីចប់ចូលឆ្នាំខ្មែរមក ចំនួនគឺកើនឡើងច្រើនជាង។

លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការនៅតែបន្តវិលត្រឡប់របស់ពលករខ្មែរចេញពីប្រទេសថៃ ឆ្លងកាត់ខេត្តបាត់ដំបងនេះ គឺត្រូវបានមន្ត្រីសុខាភិបាលពិនិត្យ សុខភាពគ្រប់ៗគ្នា មុននឹងអនុញ្ញាតឲ្យទៅកាន់ស្រុកកំណើតវិញ។ចំពោះពលករ ទើបចេញមកពីប្រទេសថៃនេះ ត្រូវពិនិត្យឃើញមិនប្រក្រតី ហើយក៏យកសំណាកចំនួន ១៣១សំណាក ទៅពិនិត្យរកមើលជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់។ សម្រាប់ពលករនៅក្នុងខេត្តបាត់ដំបង ពួកគាត់ក៏បានធ្វើចត្តាឡីស័កតាមផ្ទះ ឬតាមទីតាំងសមស្របណាមួយ ជាបន្តបន្ទាប់ផងដែរ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាការឆ្លងដែនរបស់ពលករខ្មែរពីប្រទេសថៃ តាមច្រកជាប់នឹងខេត្តបាត់ដំបង ចាប់ពីមានការបិទច្រកព្រំដែន តាំងពីថ្ងៃទី២៣ខែមីនា រហូតដល់ថ្ងៃទី០៦ឧសភាឆ្នាំ២០២០គឺពុំមានបញ្ហាអសន្តិសុខអ្វីកើតឡើង ចំពោះពលករនោះទេ ព្រោះពេលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ ពួកគេត្រូវបានយកចិត្តទុកខ្លាំងពីសំណាក់សមត្ថកិច្ចនៅតាមច្រក ដែលមានទាំងការពិនិត្យសុខភាព និងការដឹកជញ្ជូនដោយឥតគិតថ្លៃជាដើម ។សម្រាប់ខេត្តបាត់ដំបងនេះ មិនថាពលករ ឬពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងស្រុកនោះទេ គឺត្រូវបានអាជ្ញាធរចុះពិនិត្យមើលពីស្ថានភាពគ្រួសារ បើរកឃើញថាមានជួបបញ្ហាខ្វះខាតស្បៀង អាជ្ញាធរនឹងផ្ដល់ស្បៀងដល់ពួកគាត់ ដោយការផ្ដល់នេះគឺធ្វើឡើងជាបន្តបន្ទាប់ នៅគ្រប់ក្រុងស្រុកទាំងអស់ ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋ និងពលករ មានទីលំនៅក្នុងខេត្តបាត់ដំបង បានត្រឡប់មកពីក្រៅប្រទេសវិញ រហូតមដល់ត្រឹមថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ មានចំនួន១៧.០៤៨នាក់ ដោយក្នុងចំណោមនេះបានឆ្លងកាត់រយៈពេល១៤ មានចំនួន១៥.៦៤៧នាក់ផងដែរ ៕ ដោយ៖អ៊ុងសារុំ

website_news/2020070502.txt · Last modified: 2020/05/07 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki