website_news:2020070503

អង្គការលីកាដូបង្ហាញវីដេអូស្ដីពីបំណុលមីក្រូហិរញ្ញវត្ថុនាំឱ្យមានការចំណាកស្រុក

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-05-05

អង្គការលីកាដូ ផ្សព្វផ្សាយវីដេអូមួយស្ដីពីបំណុលមីក្រូហិរញ្ញវត្ថុ ជំរុញឱ្យមានប្រជាពលរដ្ឋជាច្រើនចំណាកស្រុកឆ្លងដែន រកការងារធ្វើដើម្បីដោះបំណុលនោះ។ អំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩នេះ ពលរដ្ឋកំពុងព្រួយបារម្ភគ្មានលទ្ធភាពសងបំណុលទាំងនោះបន្តទៀត ដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាលជាបន្ទាន់។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាល មិនអាចដោះស្រាយតាមការត្អូញត្អែររបស់ប្រជាពលរដ្ឋបានទេ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចេញផ្សាយវីដេអូនេះ គឺជាការរម្លឹកដល់ភាគីពាក់ព័ន្ធជាពិសេសរដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ពិចារណាអនុគ្រោះបន្ថែមទៀតដល់ពលករចំណាកស្រុកដែលជំពាក់បំណុល។ លោក អំ សំអាត ពិនិត្យ ឃើញថា បច្ចុប្បន្ននេះ មានកម្មករប្រមាណជាង៩ម៉ឺននាក់ត្រឡប់ ពីប្រទេសថៃមកកម្ពុជាវិញ ដោយសារពួកគេ កំពុងរងគ្រោះបាត់បង់ការងារធ្វើបង្កឡើងជំងឺកូវីដ-១៩ ហើយពួកគេ កំពុងព្រួយបារម្ភគ្មានលទ្ធភាពសងបំណុលទាំងនោះបន្តទៅទៀត៖ «ការព្រយយបារម្ភរបស់គាត់ខ្លាចអត់មានលុយសងទៅធនាគារ ហើយគាត់អាចនឹងប្រឈមមុខនឹងការលក់ដីលក់ធ្លី ដើម្បីសងទៅធនាគារដោយសារគ្មានចំណូលហើយពួកគាត់ដែលខ្ចីទាំងអស់នេះ សុទ្ធតែមានដាក់ទ្រព្យធានាក្នុងការខ្ចីលុយ។ ការខ្ចីទាំងអស់នេះ គឺអ្នកខ្លះលីដើម្បីធ្វើផ្ទះ ធ្វើចម្ការ ប៉ុន្តែការសងនេះគឺអត់អាចសងបានទេ គឺពឹងពាក់ទៅលើកូនដែលធ្វើការនៅប្រទេសថៃ ផ្ញើលុយមកអ៊ីចឹងទៅ។ មួយទៀត គាត់ខ្ចីលុយធ្វើប៉ាស្ព័រដើម្បីឱ្យកូនចៅរបស់គាត់ចំណាក់ស្រុក ហើយអ្នកខ្លះទៀត ធ្វើចំណាក់ស្រុកដោយខុសច្បាប់ ដែលប្រឈមនឹងការធ្វើបាបពីថៅកែនិងការចាប់ខ្លួនពីប៉ូលិសថៃ»។

វីដេអូនេះ មានចំណងជើងថា បំណុលមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន។ វីដេអូនេះ ត្រូវបានក្រុម ការងារស្រាវជ្រាវរបស់អង្គការលីកាដូ ចុះសិក្សាតាំងពីចុងឆ្នាំ២០១៩ ដោយរកឃើញថា នៅភាគពាយ័ព្យ ឬភាគខាងលិចនៃប្រទេសកម្ពុជា គឺពលរដ្ឋប្រុស ស្រី និងកុមារ បានចាកចេញពីក្រុម គ្រួសាររបស់ពួកគេ ដើម្បីឆ្លងដែនរកការងារធ្វើនៅឯប្រទេសថៃ។ ការងារចំណាកស្រុកនេះ គឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ដោះបំណុល។ ប្រជាពលរដ្ឋដែលត្រូវបានសម្ភាសនៅក្នុងវីដេអូនេះ បានចែករំលែកពីការព្រួយបារម្ភរឿងគ្មានលទ្ធភាពសង បំណុលបន្តទៀត ហើយពួកគេត្រូវការការអនុគ្រោះជាបន្ទាន់ពីរដ្ឋាភិបាល៖ «ខ្មែរយើងមួយៗគ្មានពីណាគេចង់ទៅប្រទេសថៃទេ តែដោយសារអីដោយសារយើងជំពាក់លុយគេ គ្មានលុយផ្គត់ផ្គង់គ្រួសារអ៊ីចឹងទៅ ។ និយាយទៅ បើខ្ញុំមាន លុយដោះបំណុលគេរួច មិនជំពាក់លុយអង្គការសោះ ហើយខ្ញុំមានលុយត្រឹមពីរទៅបីម៉ឺនបាត គឺខ្ញុំអត់ទៅទេ ប្រទេសថៃ។ ខ្ចីលុយគេនេះ សុទ្ធតែការចាំបាច់មែនទែន បានខ្ញុំហ៊ានខ្ចី មិនមែនខ្ចីយក មកចាយលែងនោះទេ។ ខ្ចីនេះបើមិនឪពុកឈឺ ឬកូនឈឺអីចឹង»។ មិនមែនមានតែប្រជាពលរដ្ឋក្នុងវីដេអូនេះទេ ដែលព្រួយបារម្ភអំពីការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនោះ។ប្រជាពលរដ្ឋរស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង លោក ចាន់ យឿត ប្រាប់អាស៊ីសេរីថា កូនៗរបស់លោកចំនួនបីនាក់ដែលធ្លាប់តែធ្វើការក្នុងកាស៊ីណូនៅប៉ោយប៉ែត ដើម្បីរកប្រាក់សងធនាគារនោះ ពេលនេះពួកគេ បានបាត់បង់ការងារទាំងបីនាក់។ លោកមិនដឹងថា ពេលនេះ បានប្រាក់ឯណាសម្រាប់ដោះបំណុលជាង១ម៉ឺនដុល្លារនោះទេ៖ «បើបារម្ភគឺបារម្ភហើយដោយសារខ្ញុំទៅយកលុយនេះ គឺបានបញ្ចាំប្លង់ដីភូមិនិងដីស្រែ ហើយបើយើងអត់មានលុយបង់នេះ មិនដឹងប្រឈមមុខយ៉ាងម៉េច ដោយមិនដឹងថា គេរឹបអូសយកដីភូមិឬយកដីស្រែទេ។ ករណីនេះចង់សុំឱ្យប្រមុខរាជរដ្ឋាភិបាល ជួយឱ្យខាងមីក្រូហិរញ្ញវត្ថុពន្យារពេលសងប្រាក់យ៉ាងហោចណាស់៣ខែ ឬទៅ៦ខែអ៊ីចឹងទៅ ឱ្យកូវីដ-១៩នេះ វាធូរស្រាលសិនទៅ ដើម្បីឱ្យកូនមានការងារធ្វើនៅកាស៊ីណូប៉ោយប៉ែតវិញ គឺយើងមិនសូវភ័យទេ»។

ឆ្លើយតបនឹងករណីនេះ ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី នៅតែលើកឡើងដដែលថា បញ្ហា និងកម្រិតផលប៉ះពាល់របស់កូវីដ១៩ ទៅលើអតិថិជន មានស្ថានភាព និងកម្រិតខុសៗគ្នា ដូច្នេះមិនអាចប្រើប្រាស់ដំណោះស្រាយមួយ ដូចៗគ្នាសម្រាប់អតិថិជនគ្រប់ៗរូបបានឡើយ។ លោកអំពាវនាវដល់អតិថិជនណា ដែលគិតថា មានផលប៉ះពាល់ជាក់ស្តែង អាចទៅជួបជាមួយបុគ្គលិកគ្រឹះស្ថាននោះ ដើម្បីដោះស្រាយជាមួយគ្នា៖ «ហើយប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនជួយរកដំណោះស្រាយសមស្របហើយបើបងប្អូនប្រាកដថា បងប្អូនពិតជាមានលក្ខខណ្ឌដែលគួរតែទទួលបានដំណោះស្រាយសមរម្យណាមួយ គឺបងប្អូនអាចទាក់ទង់សមាគមយើងនូវទូរស័ព្ទទាន់ហេតុការណ៍លេខ ០១៥ ៣៦៥ ២២២ នោះសមាគមនឹងពិនិត្យមើលទៅលើករណីបងប្អូនហើយនឹងអាច ជួយអន្តរាគមន៍នៅក្នុងករណីខ្លះដែលបងប្អូនពិតជាគ្រប់តាមលក្ខខណ្ឌដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា»។

ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល មិន អាចដោះស្រាយតាមការត្អូញត្អែររបស់ប្រជាពលរដ្ឋបានទេ ប៉ុន្តែលោកអំពាវនាវឱ្យប្រជាពលរដ្ឋដែល បាត់បង់ការងារធ្វើនោះ អាចដាក់ពាក្យ ឬទៅជួបក្រសួងការងារឬមន្ទីរការងារតាមបណ្ដាខេត្ត ដើម្បីរកការងារធ្វើ។ លោកបន្តថា មកដល់ពេលនេះ រដ្ឋាភិបាល គ្មានវិធានការអ្វីបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋដែលជាប់បំណុលឡើយ ព្រោះកន្លងមក ធនាគារជាតិនៃកម្ពុជា ធ្លាប់បានដាច់ចេញ វិធានការមួយចំនួនរួចហើយ៖ «កុំភ្លេចថា កម្ពុជាមិនមែនជាស្រុកកុម្មុយនិស្តទេ គឺស្រុកទីផ្សារសេរី ដូច្នេះយើងអត់មានឥទ្ធិពលណាទៅសង្កត់សង្កិនខាងផ្នែកហិរញ្ញវត្ថុធ្វើការកញ្ចប់ តែគេ មានបច្ចេកទេសធ្វើការសម្រួលទីផ្សារនេះមិនឱ្យខូចទីផ្សារនេះទេ។ នេះគឺជាសំណូមពររបស់រាជរដ្ឋាភិបាល។ ការរអ៊ូនេះមិនមែនតែកម្ពុជាទេ សូម្បីតែនៅអាមេរិកដែលជាប្រទេសអ្នកមានក៏មានការរអ៊ូរទាំដែរ»។

អង្គការលីកាដូ រកឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ២លាន ៥សែននាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣ពាន់ ៨រយដុល្លារ (៣.៨០០ដុល្លារ) ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក។ បញ្ហានេះធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យ។ អង្គការមួយនេះ អះអាងថា ភាគច្រើននៃបំណុលទាំងនោះ មានការដាក់បញ្ចាំជាមួយប្លង់ដីធ្លីរបស់ពួកគេ ដូច្នេះ ប្រសិនបើមិនអាចរកប្រាក់ដោះបំណុលនេះបានទេ ពួកគេអាចនឹងបាត់បង់ដីធ្លី៕

website_news/2020070503.txt · Last modified: 2020/05/07 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki