website_news:2020070702

អភិបាលស្រុក ៖ ត្រូវចាប់មេខ្យល់បោកពលរដ្ឋធ្វើចំណាកស្រុកដោយខុសច្បាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ០៩:៣៤ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ «សមត្ថកិច្ចត្រូវស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបោកប្រាស់ប្រជាពលរដ្ឋនាំទៅធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល» លោកអភិបាលស្រុកអូរជ្រៅបានលើកឡើងបែបនេះក្នុងពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានមានប្រសាសន៍ថា នៅពេលដែលថៃបិទច្រកព្រំដែនកម្ពុជា-ថៃ គេសង្កេតឃើញពលករខ្មែរត្រូវបានភាគីថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅរាល់ថ្ងៃ ព្រោះតែពួកគាត់ចាញ់បោកមេខ្យល់អស់លុយ ហើយត្រូវថៃចាប់បញ្ជូនមកវិញទៀត ដូច្នេះសូមសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ និងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ដែលបោកប្រាស់ប្រជាពលរដ្ឋដើម្បីចាត់ការតាមច្បាប់អោយខាងតែបាន។ លោកបានបញ្ជាក់ថា ក្នុងឱកាសកូវីដ១៩នេះរាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភថវិការជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនេះជាការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ហើយជាក់ស្តែងប្រជាពលរដ្ឋចំនួន៣០គ្រួសារត្រូវបានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចែកជូននៅក្នុងឃុំចង្ហា ស្រុកអូរជ្រៅ។

លោក ម៉ាន់ ចាន់ឌី អនុប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងនាមរូបលោកតំណាងអោយលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត រួមជាមួយក្រុមការងារ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងជួបការលំបាកក្នុងពេលផ្ទុះជំងឺកូវីដ១៩ នៅឃុំចង្ហា ស្រុកអូរជ្រៅ នាពេលនេះរួមមាន អង្ករចំនួន៧៥០គីឡូក្រាម មីចំនួន៣០កេស ត្រីខចំនួន៣០យួរ ទឹកត្រីចំនួន៣០យួរ ទឹកស៊ីអ៊ីវចំនួន៣០យួរ ប្រេងឆចំណុះ៣០លីត្រចំនួន៣០ដប ស្កសរចំនួន៣០គីឡូក្រាម អំបិលអ៊ីយ៉ូដចំនួន៣០គីឡូក្រាម ប៊ីចេងចំនួន៣០ថង់ស្មើនឹងទម្ងន់៣០គីឡូក្រាម សាប៊ូចំនួន៣០ថង់ស្មើនឹងទំងន់៣០គីឡូក្រាម សារ៉ុងចំនួន៣០ ភេជ្ជៈចំនួន៣៥កេស ទឹកបរិសុទ្ធចំនួន១៥០យួរ ថវិការចំនួន១.៥០០.០០០រៀល និងឧបត្ថម្ភនគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិមានថវិកាចំនួន៣០០.០០០រៀល។

លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋត្រូវ ចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ព្រោះយើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩មិនអាចភ្លេចយើងឡើយគឺត្រូវធ្វើអនាម័យជាប្រចាំ និងហូបស្អាតផឹកស្អាត ត្រូវលាងដៃជាមួយសាប៊ូ ឬអាកុល ត្រូវពាក់ម៉ាស់អោយបានគ្រប់គ្នា ។ លោកក៏បានថ្លែងអំណគុណចំពោះសមាគមចលនាយុវជនក្រុម១៥៧ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារក្នុងឃុំចង្ហា ស្រុកអូរជ្រៅ កំពុងជួបការលំបាកក្នុងពេលផ្ទុះជំងឺកូវីដ១៩ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020070702.txt · Last modified: 2020/07/07 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki