website_news:2020070802

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យក្រុមតាមដានស្រាវជ្រាវរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៦:៤៥ អ៊ាង ប៊ុនរិទ្ធ

រាជធានភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដាក់បញ្ជាឲ្យក្រុមការងារអនុវត្តច្បាប់ត្រូវបន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលាចៀសវាងឲ្យករណីជួញដូរមនុស្សកើតឡើងបន្តទៀត ។ លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ក៏ដូចជា ដាក់បញ្ជាមួយចំនួនដូចជា ៖

បានឲ្យដឹងថាទី១-ជំរុញការចងក្រង និងចែករំលែកទិន្នន័យជាប្រព័ន្ធឲ្យមានលក្ខណៈរលូន និង ជាទិន្នន័យរួមថ្នាក់ជាតិ ដែលឆ្លើយតបទៅនឹងការដោះស្រាយបញ្ហា ជាពិសេសសម្រាប់ចែករំលែកជាមួយអន្តរជាតិ ។

ទី២-កិច្ចការយុត្តិធម៌ត្រូវបានកែលម្អ តែសូមសំណូមពរ ក្រុមការងារមេត្តាពង្រឹងក្រុមការងារឲ្យមានទំនាក់ទំនងសហការល្អជាមួយអង្គភាពពាក់ព័ន្ធ និងធ្វើយ៉ាងណាឲ្យការប្រមូលទិន្នន័យអំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស និងបញ្ជូនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបានទាន់ពេលវេលា បញ្ចប់ការវាយតម្លៃ ដោយដាក់បន្ទុកលើចំណុចខ្វះខាតនៃប្រព័ន្ធយុត្តិធម៌ ។

ទី៣-សូមក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ។ លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងបញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយថាហេតុ ។

ទី៤-អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ក្រុមការងារអន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តការប្រឹងប្រែងអនុវត្តសកម្មភាព ដែលបានរៀបចំក្នុងការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខរយៈពេលខ្លី មធ្យម វែង ឲ្យអស់លទ្ធភាព ដោយរិះរកមធ្យោបាយ ជម្នះឧបសគ្គ ពង្រឹងកិច្ចសហការ ដើម្បីចំណាយធនធានតិចបានផលច្រើន និងសម្រេចគោលដៅជាអាទិភាព ។

និងទី៥-គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តចូលរួមសហការ និងគាំទ្រ អនុវត្តគោលនយោបាយ និងវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីជម្នះរាល់ឧបសគ្គ និងភាពប្រឈមទាំងឡាយ រក្សា សន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទប់ទល់នឹងសភាពការណ៍ដែលវិវត្តន៍ឥតឈប់ឈរ និងប្រធានសក្តិទាំងឡាយដែលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិ ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុជាប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពការងារតាមទិសដៅដែលបានគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពិសេសស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកក្នុងវិបត្តិកូវីដ-១៩ ។ លោកជំទាវបារាយការជូនអង្គប្រជុំថា ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារដោយផ្ដោតការយកចិត្តទុកដាក់លើបញ្ហាកើតចេញពីវិបត្តិកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ការអនុវត្តសកម្មភាពគ្រប់វិស័យធ្វើឲ្យរាំងស្ទះដោយអន្លើ និងទាមទារឱ្យមានការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកត្រឡប់ពីប្រទេសក្រៅដ៏ច្រើន ហើយភាគច្រើនជាអ្នកខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព និងងាយរងគ្រោះ ។

ឆ្លើយតបនឹងបញ្ហានេះ លោកជំទាវបានបន្តថា គ្រប់ភាគីបានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ដោយបានពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ និងត្រៀមមធ្យោបាយដឹកជញ្ជូនពួកគាត់ឱ្យបានដល់លំនៅដ្ឋាន ហើយបន្តតាមដានស្ថានភាពសុខភាព ជីវភាព ព្រមទាំងផ្ដល់សេវាតាមតម្រូវការផ្សេងៗជូនពួកគាត់។ លោកជំទាវក៏បានបន្តរាយការណ៍ជូនសម្ដេចព្រមទាំងអង្គប្រជុំអំពីលទ្ធផលការងារផ្នែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុទ្ធ និងកិច្ចសហប្រតិបត្តិការ, ការងារបង្ការទប់ស្កាត់, ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបនឹងអំពើជួយដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ, ការលើកកម្ពស់សមត្ថភាព និងការសម្របសម្រួល និងអំពីការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ខិតខំបំពេញការងារតាមជំនាញ និងតាមគោលដៅរៀងៗខ្លួនរបស់ក្រុមការងារទាំង៦ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទោះបីជាកម្ពុជា មានឧបសគ្គបន្ទុចបង្អាក់ពីមជ្ឈដ្ឋានអន្តរជាតិ ឬការប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងជំងឺឆ្លងកូវីដ១៩យ៉ាងណា ក៏មិនបានបោះបង់ការខិតខំប្រឹងប្រែងប្រកបដោយស្មារតីអត់ធ្មត់ តស៊ូ ព្យាយាមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែរ៕

website_news/2020070802.txt · Last modified: 2020/08/10 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki