website_news:2020070901

កម្ពុជាមិនអស់ចិត្តការវាយតម្លៃរបស់អាមេរិកឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២រឿងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

http://btv.com.kh/ 07/09/2020

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានសម្តែងការមិនអស់ចិត្ត និងកំពុងតែឆ្ងល់ចំពោះអាមេរិក ដែលបានវាយតម្លៃដោយដាក់ចំណាត់ថ្នាក់លេខ២ដល់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងចាត់ទុកថា ការដាក់នេះជារឿងអយុត្តិធម៌បំផុតសម្រាប់កម្ពុជានោះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និងការធ្វើទេសសន្តប្រវេសន៍ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណាលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស ហើយរបាយការណ៍ដែលអាមេរិកបានដាក់ឲ្យ កម្ពុជានេះគឺមិនដឹងបានមកពីខាងណានោះទេ ខណៈរបាយការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នោះបែគេចោទថា មានការចន្លោះប្រហោងច្រើននោះ។

យោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។ របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១នេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ លើ ៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី ២២នាក់ អនីតិជន ៩នាក់ ជាជនបរទេស ១៤នាក់ សញ្ជាតិចិន ១២នាក់ និងអាមេរិក ២នាក់។ សង្គ្រោះជនរងគ្រោះ ចំនួន ២៦៣នាក់ (លើ១០៦នាក់) កើន ១៥៧នាក់ ស្មើនឹង ១៤៨% ក្នុងនោះមាន អាយុក្រោម ១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី ១៨ឆ្នាំឡើង ១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៧២នាក់ និងប្រគល់ទៅគ្រួសារ១ ៩១នាក់)។

ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាមេរិកចេញរបាយការណ៍វាយតម្លៃឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២អស់ រយៈពេលបីឆ្នាំជាប់ៗគ្នា ទាក់ទង និងអំពើជួញដូរមនុស្ស ដោយសហរដ្ឋអាមេរិកលើកឡើងថា មកពីកម្ពុជាមានភាពចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្រ្កាបជាដើមនោះ។ យ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា របាយការណ៍របស់អាមេរិកនេះធ្វើឡើងមានលក្ខណៈលំអៀង ហើយពុំដែល បានសួរដល់ប្រទេសកម្ពុជាមុននឹងចេញរបាយការណ៍នេះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាប និងទប់ស្កាត់ការជួញដូរមនុស្សបានយ៉ាងច្រើនជាបន្តបន្ទាប់នោះ៕

website_news/2020070901.txt · Last modified: 2020/09/07 15:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki