website_news:2020071201

ពលករខេត្តបាត់ដំបង ដែលវិលពីថៃទទួលបានការបណ្ដុះបណ្ដាល ជំនាញកសិកម្ម និងមុខរបរ

http://btv.com.kh/ 04/12/2020

បាត់ដំបង ៖ ពលករនៅក្នុងខេត្តបាត់ដំបង ដែលបាត់បង់ការងារធ្វើ និងមិនអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ បាន ដោយសារវិបត្តិកូវីដ–១៩ ត្រូវបានបណ្ដុះបណ្ដាលជំនាញ កសិកម្ម និងចំណេះដឹងក្នុងការបើក និង ពង្រីកមុខរបរផ្សេងៗ ពីអាជ្ញាធរខេត្ត ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការអាយអូអិម (IOM) ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ក្នុងស្រុកសង្កែ កាលពីថ្ងៃទី០៣ ខែធ្នូម្សិលមិញ លោកស្រី ស៊ុំ ចិន្ដា អភិបាលរង ខេត្តបាត់ដំបង ទទួលបន្ទុកការងារពលករ បានឱ្យដឹងថា ការផ្ដល់នូវចំណេះដឹងផ្នែកកសិកម្ម និងមុខរបរ ដល់ពលករ គឺស្ថិតក្នុងគម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ–១៩ លើផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស។ លោកស្រី បានបញ្ជាក់ថា ពលករ និងពលរដ្ឋក្រីក្រ ត្រូវបានបណ្ដុះបណ្ដាលពីការចិញ្ចឹមមាន់ និង ដាំបន្លែ ហើយចំពោះជំនាញប្រកបមុខរបរនេះ សម្រាប់តែពលរដ្ឋជាពលករ មានមុខរបរលក់ដូរស្រាប់ ហើយក្នុងលក្ខណៈទ្រង់ទ្រាយតូច ឱ្យមានចំណេះដឹងសហគ្រិនភាពបន្ថែមទៀត។

ការចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជីវភាពពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ជនពិការ និងពលករខ្មែរដែលបានបាត់បង់ការងារធ្វើ ក្នុងដំណាកកាលវិបត្តិកូវីដ–១៩ នៅក្នុងខេត្តបាត់ដំបងនេះ ក៏ មានអង្គការដៃគូជាច្រើនទៀត បានបង្រៀននូវជំនាញដល់កសិករ ក៏ដូចជា ការផ្ដល់នូវពូជមាន់ ពូជសត្វ ចិញ្ចឹមផ្សេងៗ និងគ្រាប់ពូជដំណាំជាបន្តបន្ទាប់ ខណៈការផ្ដល់សាច់ប្រាក់ដល់ពលរដ្ឋក្រីក្រក្នុងខេត្ត ទទួល ផលប៉ះពាល់ពីវិបត្តិជំងឺដ៏កាចសាហាវនេះ មានជាង៧ម៉ឺនគ្រួសារ ៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2020071201.txt · Last modified: 2020/12/07 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki