website_news:2020071206

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ៤ នាក់ សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស

https://www.rfa.org/khmer/news/ ហេង រស្មី 2020-12-05

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦ នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៤ នាក់ និងពីរនាក់ផ្សេងទៀត ជាជនជាតិវៀតណាម និងជនជាតិថៃ កាលពីថ្ងៃទី ៥ ធ្នូ កន្លងទៅនេះ ក្រោយពីបានសម្រុកចូលបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង មានទីតាំងនៅក្នុងខណ្ឌសែន សុខ ក្រុងភ្នំពេញ ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយថា សមត្ថកិច្ចសង្ស័យថា ទីតាំងម៉ាស្សា នេះជាប់ពាក់ព័ន្ធនិងការជួញដូរមនុស្ស ប៉ុន្តែមិនបានបញ្ជាក់លម្អិត ថាករណីនេះជាប់ពាក់ព័ន្ធយ៉ាងណានោះទេ។

ស្នងការរងប៉ូលិសក្រុងភ្នំពេញ ទទួលផែនការជួញដូរមនុស្ស លោក ចាន់ កិត្តិខុម មានប្រសាសន៍នៅក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិថា សមត្ថកិច្ចកំពុងរកអ្នកជួយបកប្រែភាសាចិន ដោយសារតែមានអតិថិជនម្នាក់បានចូលមករកសេវាផ្លូវភេទ ហើយសមត្ថកិច្ចក៏បានរកឃើញស្រោមអនាម័យដែលប្រើរួចចំនួនពីរផងដែរ។សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានស្ត្រីចំនួន ៥ នាក់ និងមនុស្សម្នាក់ មានអាយុចាប់ពី២៨ ឆ្នាំ រហូតដល់ ៤៧ ឆ្នាំ ហើយជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកឃុំឃាំងបណ្ដោះអាសន្ននៅស្នងការប៉ូលិសក្រុងភ្នំពេញដើម្បីរង់ចាំជំនុំជម្រះទោស។

ទាក់ទិននឹងរឿងបទល្មើសប្រព្រឹត្តដោយជនជាតិបរទេសនេះផងដែរ ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីថា តុលាការបានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ៣ នាក់ ពីបទមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា នៅក្នុងខេត្តព្រះសីហនុ។ សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ បានចាប់ខ្លួនជនជាតិចិនចំនួន៣ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅលើជនជាតិចិនដូចគ្នា រួចហើយយកសាកសពមកប្លុងចោលនៅក្នុងរថយន្ត។ លោក ថាជនសង្ស័យទាំង៣ នាក់ ជាសន្តិសុខ កាស៊ីណូមួយកន្លែង នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយស្ត្រីម្នាក់ក្នុងចំណោមជនសង្ស័យ អ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន នៅក្នុងកាស៊ីណូជាមួយគ្នា៕

website_news/2020071206.txt · Last modified: 2020/12/07 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki