website_news:2020080102

ខ្សែជីវិតអ្នកស្រី រុន រំដួល ដែលប្រថុយឆ្លងដែនខុសច្បាប់ទៅថៃ ដើម្បីរកការងារធ្វើ

https://thmeythmey.com/ 04, Jan 2020 , 6:59 pm ដោយ: ប៉ូ សាគុន

ឧត្តរមានជ័យ៖ បើទោះបីជាដឹងថា ការលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ប្រឈមនឹងបញ្ហាច្រើន ដែលអាចត្រូវមេខ្យល់បោកប្រាស់ ឬថៅកែរំលោភសិទ្ធិ ដោយមិនបើកប្រាក់ខែឱ្យ ឬអាចត្រូវគ្រោះថ្នាក់ដល់ស្លាប់ខ្លួន ដោយប្រការច្រើនយ៉ាងក្ដី ក៏អ្នកស្រី រុន រំដួល នៅតែខំផ្សង។ ហ៊ានប្រថុយមិនខ្លាចគ្រោះថ្នាក់ ក៏ព្រោះតែអ្នកស្រី រំដួល គិតថា នេះជាជម្រើសតែមួយដែលអាចរកប្រាក់មកចិញ្ចឹមកូន និងម្ដាយចាស់នៅផ្ទះ។

ស្រុកកំណើតនៅភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អ្នកស្រី រុន រំដួល បានសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ កាលពីប្រមាណជាង៥ឆ្នាំមុន។ ធ្លាប់ត្រូវប៉ូលិសថៃចាប់ដាក់គុកមួយខែកន្លះ ក្រោមបទចោទលួចឆ្លងដែនដោយខុសច្បាប់ ទាំងដែលអ្នកស្រីមានកូនខ្ចីនៅជាមួយផង។ តែក៏ថាការឆ្លងដែនដោយខុសច្បាប់ ប្រឈមនឹងបញ្ហាច្រើន ហើយឧបសគ្គដែលគួរឱ្យភ័យខ្លាចបំផុត គឺគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការផ្សេងៗ តែអ្នកស្រី រុន រំដួល ដែលមានកូនតូច និងម្ដាយចាស់នៅផ្ទះ នៅតែខំប្រថុយដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ជាច្រើនលើកច្រើនសារ។

តម្លៃធ្វើប៉ាស្ព័រ ឬលិខិតឆ្លងដែន និងឯកសារមួយចំនួនទៀត ដើម្បីអាចរកការងារបានធ្វើនៅប្រទេសថៃ ត្រូវចំណាយអស់ប្រមាណ ២៤,០០០ បាត គិតជាប្រាក់ខ្មែរ ប្រហែលជាង ៣លានរៀល។ នេះជាព័ត៌មានដែលអ្នកស្រី រំដួល ទទួលបានពីពលករដូចគ្នាដែលធ្លាប់បានធ្វើ ហើយស្ត្រីរូបនេះអះអាងថាខ្លួនមិនមានលទ្ធភាពចំណាយឡើយ។«ខ្ញុំប្រាប់ត្រង់ខ្ញុំមិនដែលបានធ្វើលិខិតឆ្លងដែនទេ។ ខ្ញុំដឹងថាការឆ្លងដែនខុសច្បាប់វាលំបាកមែន ត្រូវតម្រួតចាប់ ត្រូវគេធ្វើបាប ឬគេបាញ់ចោលក៏វាសមមុខ ប៉ុន្តែខ្ញុំក្រណាស់មិនមានលទ្ធភាពធ្វើទេ ខ្ញុំក៏ត្រូវតែធ្វើបែបនេះ។ ពេលខ្លះធ្វើបានហើយទៅដល់ទីនោះគេបោកទៀត គឺត្រូវជំពាក់គេច្រើន។ បងប្អូនរបស់ខ្ញុំដែលធ្វើលិខិតឆ្លងដែនទាំងអស់ ពេលខ្លះចង់ទៅធ្វើការងារកសាង បែរជាបានទៅធ្វើការងារចុះទូកទៅវិញ ដូច្នេះធ្វើហើយចោលតែប្រាក់ហ្នឹងឯង»។ អ្នកស្រី រំដួល រៀបរាប់ទាំងទឹកមុខស្រពោន។ ប៉ុន្តែទោះជាយ៉ាងណា ស្ត្រីកូនមួយរូបនេះមានក្ដីបារម្ភមួយទៀត៖«ខ្ញុំខ្លាចជំពាក់គេច្រើន មិនអាចរកប្រាក់មកសងគេវិញបាន។ ខ្ញុំទៅទាំងមិនមានសមត្ថភាព ទៅទាំងផ្សង បើគេល្អក៏បានលុយ បើគេអាក្រក់ក៏មិនបានលុយ។ ខ្ញុំទើបតែខ្ចីប្រាក់គេជាង២ម៉ឺនបាត យកមកដាំដំឡូងនៅឆ្នាំនេះ ហើយខ្ញុំមិនទាន់បានសងគេទេ»។

ចុះឡើងស្រុកថៃ ដូចជាចុះឡើងផ្ទះខ្លួនឯង អ្នកស្រី រំដួល ស៊ូទ្រាំធ្វើការទាំងប្រថុយប្រថាន ដោយពេលខ្លះថៅកែមិនបើកប្រាក់ខែឱ្យក៏មាន ហើយអ្នកស្រីក៏មិនហ៊ានតវ៉ាដែរ។ ភ្នែកសំឡឹងមើលមុខកូនប្រុសដែលអង្គុយនៅក្បែរទាំងស្រងូត ស្ត្រីដែលមានតែម្ដាយ ហើយឪពុកស្លាប់ចោលរូបនេះ បន្ថែមដូច្នេះ៖«ពេលខ្លះខ្ញុំមិនមានលុយមកផ្ទះវិញទេ។ ខ្ញុំទៅមកៗ ជួនកាលខ្ញុំទៅបានមួយឆ្នាំ មានការងារស្រួលក៏ខ្ញុំនៅបានយូរ ពេលខ្លះការងារលំបាកពេកខ្ញុំក៏មិនមានលុយសល់។ ទៅធ្វើការខុសច្បាប់បែបនេះថៅកែមិនឱ្យប្រាក់ឈ្នួលថ្លៃទេ ប៉ុន្តែខ្ញុំនៅតែតស៊ូ»។ មាឌធាត់បន្តិច សម្បុរស្រអែម អង្គុយក្រោមផ្ទះជាប់សសរ ជិតកូនប្រុសរបស់ខ្លួន អ្នកស្រី រុន រំដួល រៀបរាប់ពីដំណើរជីវិតឆ្លងដែនខុសច្បាប់ទាំងអួលដើមក ដោយសំដីរដឺនបែបអ្នកស្រុកលើថា«ខ្ញុំក្រក្សត់ណាស់មិនមានអ្វីហូប ហើយការធ្វើស្រែចម្ការក៏មិនសូវមាន។ ខ្ញុំឆ្លងដែនតាមគេ ដើរគ្រប់ទីកន្លែង បើត្រូវជាប់គុកច្រវាក់ក៏ជាប់ទៅចុះ។ ខ្ញុំមិនមានស្រែចម្ការធ្វើទេ ខ្ញុំទៅស៊ីឈ្នួលធ្វើការឱ្យអ្នកស្រុកបានតែ១ថ្ងៃឬ២ថ្ងៃក៏មិនសល់លុយ ព្រោះគេក៏មិនសម្បូរការងារ។ ដូច្នេះខ្ញុំក៏ទៅធ្វើការស្រុកគេទាំងប្ដីនិងប្រពន្ធ។ កូនខ្ញុំទុកនឹងម៉ែ ហើយម៉ែមិនមានការងារអ្វីធ្វើទេ ចាំតែកូនផ្ដល់លុយឱ្យ។ កន្លះខែខ្ញុំផ្ញើឱ្យម៉ែ១ពាន់បាត ហើយគាត់មើលចៅ៤ទៅ៥នាក់។ អស់ប្រាក់របស់ខ្ញុំ គាត់ចាយរបស់បង អស់របស់បង គាត់ក៏ចាយរបស់ប្អូន»។

មិនមានចំណេះដឹងជ្រៅជ្រះ ដូច្នេះអ្នកស្រី រំដួល បានត្រឹមធ្វើការជាកម្មករដកដំឡូងឱ្យអ្នកនៅក្នុងស្រុកភូមិជាមួយ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់ដែលរកបាន មិនអាចធ្វើឱ្យជីវភាពរបស់គ្រួសារអ្នកស្រី បានប្រសើរឡើយ ដូច្នេះការចំណាកស្រុកគឺជាជម្រើសចុងក្រោយរបស់ស្ត្រីវ័យ២៧ឆ្នាំរូបនេះ។«នៅស្រុកនេះខ្ញុំមិនដឹងទៅរកអ្វីបានទេ មានតែគេជួលដកដំឡូងមួយថ្ងៃបាន២រយបាត យកមកចាក់សាំងម៉ូតូ ផង ចាក់សាំងគោយន្តផង ណាម្ហូបកូន គឺចំណាយអស់គ្មានសល់ទេ។ បើខ្ញុំទៅធ្វើការនៅថៃ ខ្ញុំអាចសន្សំប្រាក់សល់ខ្លះផ្ញើមកផ្ទះ»។ នេះជាការរៀបរាប់របស់ អ្នកស្រី រំដួល។ ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងប្ដីនិងប្រពន្ធ ដោយទុកកូនប្រុសឱ្យនៅជាមួយម្ដាយអាយុជិត៧០ឆ្នាំ នារីពាក់អាវយឺតពណ៌ខ្មៅដៃវែង ដែលមានផ្ទៃមុខមូលក្រឡងបង្កប់នូវទុក្ខព្រួយរូបនេះ ទៅធ្វើជាកម្មករកាប់អំពៅនៅប្រទេសថៃ។ស្ត្រីវ័យ២៧ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំកាប់អំពៅមិនគិតថ្លៃទេ គឺម៉ៅយកតែម្ដង ថ្ងៃខ្លះខ្ញុំរកបានប្រាក់៧រយទៅ៨រយបាត ហើយប្ដីរកបានជាង១ពាន់ឬ២ពាន់បាត អាស្រ័យតាមថ្ងៃបានឬមិនបាន។ បើថ្ងៃដែលរកមិនបានវិញ មួយថ្ងៃបានតែ៣រយបាត ពីរនាក់បាន៦រយបាត។

ធ្វើការនៅទីនោះគេមានកន្លែងឱ្យស្នាក់ ជួនកាលគេទិញតង់ឱ្យស្នាក់នៅក្នុងព្រៃ»។ ក្រោមហេតុផលនៃសេចក្ដីទុក្ខវេទនា នៃការធ្វើទុកបុកម្នេញពីថៅកែផង ដោយការធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ ហើយត្រូវគេចពីតម្រួតថៃខ្លះផងនោះ ស្ត្រីដែលមានបងប្អូន៦នាក់ ដែលសុទ្ធតែចំណាកស្រុកដើម្បីរកការងារធ្វើ រូបនេះ ផ្ដាំទៅប្រជាជនខ្មែរ កុំឱ្យលួចឆ្លងចូលទឹកដីថៃដោយខុសច្បាប់ដូចជាខ្លួន។«ខ្ញុំចង់ប្រាប់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មានប្រាក់ក៏សូមធ្វើលិខិតឆ្លងដែនឱ្យបានគ្រប់ៗគ្នាកុំឱ្យដូចខ្ញុំ។ ខ្ញុំទៅថៃទាំងលំបាក ជួនកាលគេបោកជួនកាលក៏សល់លុយ។ អ្នកខ្លះទ្រាំធ្វើការមិនបានក៏រត់មកវិញជួបគ្រោះថ្នាក់ស្លាប់ក៏មាន។ ព្រោះតែខ្ញុំក្រពេកទើបខ្ញុំទៅទាំងផ្សងព្រេង»។ នេះជាខ្សែជីវិតរបស់ស្ត្រីចំណាកស្រុកខាងលើ៕

website_news/2020080102.txt · Last modified: 2020/01/08 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki