website_news:2020080104

សាច់ញាតិសម្រេចបូជាសពពលករខ្មែរម្នាក់នៅប្រទេសថៃ ដែលស្លាប់ដោយសាររថយន្តកិនក្នុងចម្ការអំពៅ

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2020-01-07

សាច់ញាតិពលករខ្មែរម្នាក់សម្រេចបូជាសពជនរងគ្រោះនៅខេត្តស្រះកែវ ប្រទេសថៃ ដែលស្លាប់ដោយសារឡានកិន ពេលធ្វើការក្នុងចម្ការអំពៅកាលពីថ្ងៃទី៦ មករា។ អ៊ុំស្រីបង្កើតជនរងគ្រោះ លោកស្រី ឈឿន ឈន់ ប្រាប់អាស៊ីសេរីថា ជនរងគ្រោះឈ្មោះ រាន ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានឡានកិនស្លាប់នៅលើគំនរអំពៅ កាលពីព្រឹកថ្ងៃទី៦ មករា។ លោកស្រីបន្តថា ក្រោយពេលស្លាប់ គឺប៉ូលិសថៃបានទៅពិនិត្យសាកសព និងបានបញ្ជូនសពទៅធ្វើបុណ្យនៅស្រុកអារញ្ញខេត្តស្រះកែវ នៅព្រឹកថ្ងៃទី៧ មករា។ លោកស្រីបញ្ជាក់ថា មូលហេតុដែលធ្វើបុណ្យនៅប្រទេសថៃ ដោយសារគ្មានប្រាក់ដឹកសពទៅធ្វើបុណ្យនៅស្រុកកំណើត ព្រោះគ្រួសារជនរងគ្រោះក្រីក្រ៖ «ថៅកែ និងប៉ូលិសអី គេមកជួយធ្វើបុណ្យជាច្រើននាក់។

ខ្ញុំយកកូនមក ដូចនាំកូនមកស្លាប់ស្រុកគេ។ ខ្ញុំយំបោកខ្លួនបោកប្រាណស្ដាយកូនស្លាប់ទាំងក្មេង។ ខ្ញុំឃើញកូនបែកក្បាល បែកមុខ ក៏វាស្លុតអស់និយាយមិនកើតទេ។ ដោយហេតុថា ក្រក៏នាំកូនមករកស៊ីខ្លាចបានប្រាក់ខ្លះ ព្រោះនៅផ្ទះគ្មានការងារធ្វើ មកដល់មិនទាន់បាន ១ខែផង ស្រាប់តែកូនស្លាប់វាវង្វេងអស់រលីងខ្ញុំ»។ លោកស្រីបន្ថែមថា ជនរងគ្រោះបានធ្វើដំណើររួមជាមួយពលករខ្មែរប្រមាណ ២០នាក់ ចេញពីឃុំមោង ដើម្បីទៅស៊ីឈ្នួលកាប់អំពៅនៅប្រទេសថៃ កាលពីខែធ្នូកន្លងទៅ។ លោកស្រីថា ពួកគាត់ធ្វើការបានប្រហែល ៣សប្ដាហ៍ ក៏ជួបគ្រោះថ្នាក់តែម្ដង។ ក្រោយពីបូជាសពហើយ គឺពលករទាំងនោះគ្រោងត្រឡប់ទៅកម្ពុជាវិញ ដើម្បីយកឆ្អឹងរបស់ជនរងគ្រោះទៅធ្វើបុណ្យនៅខេត្តសៀមរាបបន្តទៀត នៅដើមសប្ដាហ៍ខាងមុខនេះ៕

website_news/2020080104.txt · Last modified: 2020/01/08 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki