website_news:2020080402

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរឱ្យបន្តស្នាក់នៅប្រទេសថៃ កុំវិលមកស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីបង្ការការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩

https://grandnewsasia.com/ 07-04-2020

ប្រសិនបើមានការងារធ្វើ ឬកន្លែងស្នាក់នៅត្រឹមត្រូវ សូមទាន់កុំត្រឡប់មកកម្ពុជាវិញនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ពីព្រោះបើទោះជាមកកម្ពុជាក៏ត្រូវតែដាក់ឱ្យនៅដោយ ឡែក ១៤ថ្ងៃ ហើយពេលចេញទៅប្រទេសថៃវិញក៏គង់តែគេតម្រូវឱ្យនៅរយៈពេល ១៤ថ្ងៃ ទៀតដែរ។ នេះជាសារអំពាវនាវរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងទៅកាន់ពលករខ្មែរនៅប្រទេសថៃ។ លោកបានសំណូមពរយ៉ាងដូច្នេះនៅក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋា ភិបាលកម្ពុជាពិតជាមានកង្វល់ចំពោះសុខភាព សុវត្ថិ ភាព និងការធ្វើដំណើរចល័តរបស់ពលករដែលមកពីប្រទេសថៃ ទោះបីថាពលករជាង ៦ម៉ឺននាក់ ដែលចូលមកកម្ពុជាហើយនោះ មានការគ្រប់គ្រងបានល្អយ៉ាង ណាក៏ដោយ ប៉ុន្តែសម្រាប់ពលករដែលបន្តចូលមក និងគ្រោងចូលមកកម្ពុជាទៀតនោះ គឺពិតជាមានការព្រួយ បារម្ភណាស់ដែរ។ ដូច្នេះហើយ បានជារាជរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ប្រសិនបើនៅមានការងារធ្វើ មានកន្លែងស្នាក់នៅត្រឹមត្រូវនៅទីនោះ សូមកុំទាន់ត្រឡប់មកកម្ពុជាវិញអី ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះប្រសិនបើចូលមកដល់មាតុភូមិវិញ ក៏គង់តែត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ហើយដល់ពេលត្រូវត្រលប់ទៅធ្វើការនៅថៃវិញ ក៏គង់តែត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដូចគ្នាដែរ សរុបគឺមិនមែនជាការងាយស្រួលនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ទោះបីមានការព្រួយបារម្ភចំពោះការចល័តរបស់ប្រជាពលករខ្មែរមកពីថៃយ៉ាងនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជាមិនអាចបិទព្រំដែនមិនឱ្យប្រជាជនចូលមកក្នុងប្រទេសវិញនោះទេ តែត្រូវមានវិធានការកុំឱ្យជំងឺនេះឆ្លងមកដល់ក្នុងប្រទេស និងក្រុមគ្រួសាររបស់ខ្លួន ពិសេសអាជ្ញាធរត្រូវក្ដាប់ស្ថានការណ៍របស់ពលករមួយចំនួន ដែលចេញចូលតាមច្រករបៀងផ្សេងៗ៕

website_news/2020080402.txt · Last modified: 2020/04/08 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki