website_news:2020080403

សម្តេច ស ខេង សង្កេតឃើញថា ពលរដ្ឋខ្មែរទើបមកពីក្រៅប្រទេស សហការល្អជាមួយអាជ្ញាធរ ដើម្បីពិនិត្យ សុខភាព

https://dap-news.com/national/ BySS107 Posted on April 7, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ទើបមកពីក្រៅប្រទេស សហការល្អជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាព និងចូលរួមបញ្ចៀសការឆ្លងជំងឺ កូវីដ-១៩ ជាយថាហេតុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង ។ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមានការសង្ស័យ ពិសេសពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានសុខភាពពីក្រុមគ្រួពេទ្យ នៅខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពពលរដ្ឋ។

សម្ដេច សម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះទាំងការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានណែនាំដោយក្រសួងសុខាភិបាល។ សម្តេច ស ខេង មានប្រសាសន៍ថា “រំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុណាមួយដល់ក្រុមគ្រួសារសាញ់ញាតិ និងបងប្អូនក្នុងភូមិ”។ សម្ដេច បានចាត់ទុកការការចូលរួមសហការគ្នានេះថាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក៕ដោយ អេង ប៊ូឆេង

website_news/2020080403.txt · Last modified: 2020/04/08 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki