website_news:2020080409

ទោះថៃបិទច្រកព្រំដែន ក៏នៅតែហូរចូលពលករខ្មែរ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១០:០៧ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលដែលភាគីថៃបិទច្រកព្រំដែនមែន ប៉ុន្តែភាគីថៃនៅតែបន្តដឹកបញ្ជូនពលករខ្មែរឱ្យមកប្រទេសវិញតាមច្រកអូរបីជាន់ដែលក្នុង១ថ្ងៃជិត២០០នាក់ ហើយត្រូវបានមន្ត្រីខ្មែរឱ្យធ្វើការត្រួតពិនិត្យ មើលសុខភាពការពារទប់ស្កាត់វីរុសកូវីដ១៩ ក្រែងលោ វាមកតាមខ្លួនពលករខ្មែរ ។

គួររំលឹកថា ក្រោយពេលដែលរាជរដ្ឋាភិបាលថៃ បានបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដើម្បីការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តែអាចអនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃចេញចូលប៉ុណ្ណោះ ទោះបីជាបែបណា គេនៅតែឃើញមានពលករខ្មែរ បានធ្វើដំណើរមកដល់ព្រំដែន ក្នុង១ថ្ងៃមិនតិចជាង១០០នាក់នោះទេ អាចលើស២០០នាក់ក៏មាន ដែលធ្វើដំណើរមកស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលរួមបុណ្យចូលឆ្នាំ ។

ទោះជាបែបនេះក្តី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ប្រតិភូខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្នាជាមួយភាគីថៃ នៅស្នាក់ការគយនិងរដ្ឋាករច្រកខ្លងលឹកប្រទេសថៃ ដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានស្នើសុំទៅភាគីថៃ២ចំណុច គឺចំណុចទី១-ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលភាគីថៃចាប់បញ្ជូនមកវិញ ក្នុងសហប្រតិបត្តិការគ្នាល្អទប់ស្កាត់វីរុសកូវីដ១៩ សុំឱ្យយកទៅដាក់នៅច្រកតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ឬដាក់នៅច្រកតំបន់ម៉ាឡៃស្រុកម៉ាឡៃ ដើម្បីងាយស្រួយធ្វើការពិនិត្យសុខភាពដោយមន្ត្រីជំនាញ ។ និងចំណុចទី២-សុំឱ្យភាគីថៃសម្រួលការដឹកកសិផលរបស់ប្រជាពលរដ្ឋជាប់ជាយដែនដូចច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួករឺដាក់នៅច្រកព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ។

ជាការឆ្លើយតបរបស់ភាគីថៃឃើញថា កំណត់យកច្រកអូរបីជាន់ស្រុកអូរជ្រៅជាច្រកចូលពលករខ្មែរចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ រហូតមករយៈពេលជិត១សប្តាហ៍នេះក្នុង១ថ្ងៃភាគីថៃដឹកជញ្ជូនពលករខ្មែរប្រមាណជិត២០០នាក់ ចូលតាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅស្រុកគោកធ្យូង។ ការហូរចូលរបស់ពលករត្រូវបានមន្ត្រីជំនាញធ្វើការពិនិត្យដឹកជញ្ជូនទៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ដោយបានការយកចិត្តទុកដាក់ណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទឹសទី១បន្ទាយមានជ័យ ដើម្បីពិនិត្យសុខភាពគ្រប់គ្នាមិនឱ្យរបូតទេ ៕

website_news/2020080409.txt · Last modified: 2020/04/08 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki