website_news:2020080410

ពលករខ្មែរមកពីថៃ ខ្លះដាក់ខ្លួននៅដោយឡែក ខ្លះមិនចេញពីផ្ទះ ដើម្បីសុវត្ថិភាពគ្រួសារនិងអ្នកភូមិ

https://thmeythmey.com/ 08, Apr 2020 , 11:38 am ដោយ: ប៉ូ សាគុន

ភ្នំពេញ៖ ពលករខ្មែរមួយចំនួនដែលមកពីប្រទេសថៃ បានរស់នៅដាច់ដោយឡែកពីគ្រួសារ ពីសាច់ញាតិជិតឆ្ងាយ និងពីញាតិក្នុងភូមិផងដែរ បើទោះបីជាពួកគេ មិនមានរោគសញ្ញានៃជំងឺកូវីដ១៩ក្ដី។ ការធ្វើបែបនេះ ក៏ធ្វើឱ្យពួកគេហាក់មានអារម្មណ៍ឯកាបន្តិចដែរ។ តែទោះជាយ៉ាងណា ដើម្បីសុវត្ថិភា ពនិងសេចក្ដីសុខយូរអង្វែង ពលករទាំងនោះ សុខចិត្តសម្របខ្លួនក្នុងស្ថានភាពលំបាក នៅក្នុងរយៈពេលខ្លី។ សារព័ត៌មានថ្មីៗបានសម្ភាសន៍ពលករមួយចំនួន ដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ពលករទាំងនោះ បានប្រាប់ពីស្ថានភាពរស់នៅ ក៏ដូចជាអារម្មណ៍របស់ខ្លួន នៅពេលដែលពួកគេដាក់ខ្លួននៅដោយឡែកពីសមាជិកគ្រួសារ និងអ្នកភូមិដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងតែព្រួយបារម្ភនេះ។

ជាពលករទៅធ្វើការនៅប្រទេសថៃ អស់រយៈពេលជិត៧ឆ្នាំ លោក ប៉ក់ សំណាង ដែលមានអាយុ៣៣ឆ្នាំ បានសម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ ដើម្បីមើលថែប្រពន្ធដែលមានកូនខ្ចី។ លោក សំណាង បានមកដល់ស្រុកកំណើតនៅខេត្តតាកែវ ក្នុងអំឡុងថ្ងៃទី១០ ខែមីនា ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅមិនទាន់ហ៊ានស្និទ្ធស្នាលជាមួយគ្រួសារឡើយ។ ខុសពីសព្វមួយដងការត្រឡប់ចូលស្រុកលើកនេះ លោក ប៉ក់ សំណាង ហាក់មានអារម្មណ៍កណ្ដោចកណ្ដែង ព្រោះមិនមានញាតិមិត្តជិតឆ្ងាយ ឬមិត្តភ័ក្ដិ អាចមកសួរសុខទុក្ខដូចគ្រាមុននោះ។ «ខ្ញុំមកស្រុកលើកនេះ មិនមានការជួបជុំមិត្តភ័ក្ដិដូចពីមុនឡើយ ព្រោះអ្នកភូមិគេខ្លាច គេមិនមកជិតទេ។ ពីមុនពេលខ្ញុំមក គេដើរទៅមកឃើញគេសួរ ហើយមិត្តភ័ក្ដិគេមកជួបជុំហូបស្រា តែម្ដងនេះ មិនមានមកក្បែរទេ។ មានអារម្មណ៍អន់ចិត្តដែរ តែបន្ទោសគេក៏មិនកើត ធម្មតា ទាំងគេទាំងយើង គឺខ្លាចដូចតែគ្នា។ តាំងពីខ្ញុំមក ខ្ញុំមិនទាន់បានកាន់ ឬពរកូនបន្តិចទេ»។ បើទោះបីជាក្រសួងសុខាភិបាល បានណែនាំឱ្យពលករដាក់ខ្លួននៅដាច់ដោយឡែក ឱ្យបាន១៤ថ្ងៃក៏ពិតមែន តែលោក សំណាង អះអាងថា លោកនឹងនៅតែដាក់ខ្លួននៅតែឯងឱ្យបានយូរជាងនេះ ដើម្បីឱ្យប្រាកដថា លោកមិនបានចម្លងជំងឺ ដល់អ្នកជាទីស្រឡាញ់ដោយអចេតនា បើទោះបីជាពេលនេះ លោកមិនមានសញ្ញានៃជំងឺនោះក្ដី។ បុរសកូន២ ដែលធ្លាប់ទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃរូបនេះ ប្រាប់ពីស្ថានភាពរស់នៅរបស់ខ្លួន ក្នុងអំឡុងពេលដាក់ខ្លួននៅដោយឡែកដូច្នេះ។ «ខ្ញុំមកនៅផ្ទះមួយតែឯងនៅក្រៅភូមិ។ ប្រពន្ធរបស់ខ្ញុំ នៅផ្ទះជាមួយម៉ែនៅក្នុងភូមិ។ ខ្ញុំដាំបានហូបដោយខ្លួនឯង ម្ហូបជួនកាលកូនដាក់ថង់យកមកឱ្យ ហើយពេលដែលខ្ញុំត្រូវការអ្វីខ្ញុំប្រាប់ទៅ គាត់យកមកឱ្យ»។

ចំណែកអ្នកស្រី ឡិន ជឿន ដែលចំណាកស្រុកទៅធ្វើការក្នុងប្រទេសថៃ ទើបតែបាន៣ខែនោះ ក៏បានមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងថ្ងៃទី១០ មីនាដែរ។ មានអាយុ៤៨ឆ្នាំ អ្នកស្រី ជឿន មិនបានដាក់ខ្លួននៅដោយឡែកពីគ្រួសារឡើយ ដោយអ្នកស្រីអះអាងថា ខ្លួនបានពិនិត្យជាញឹកញាប់ ក្នុងការរកជំងឺកូវីដ-១៩ តែមិនមានរោគសញ្ញាអាក្រក់នោះ។ អ្នកស្រីបញ្ជាក់ដូច្នេះ៖«ខ្ញុំមិនបានដាក់ខ្លួននៅដោយឡែកពីគ្រួសារទេ ព្រោះពេលខ្ញុំធ្វើការនៅក្នុងប្រទេសថៃ ពេលចូលធ្វើការគេពិនិត្យ ពេលចេញពីធ្វើការគេពិនិត្យ។ ពេលខ្ញុំចេញមកស្រុកគេពិនិត្យឱ្យទៀត ហើយពេលមកដល់ទល់ដែន ក៏គេពិនិត្យឱ្យ។ បើពិនិត្យឃើញមានរោគ ក៏ខ្ញុំមិនមកនៅជាមួយគ្រួសារដែរ តែពិនិត្យមិនឃើញ ទើបខ្ញុំហ៊ានមកនៅជួបជុំជាមួយកូន»។ បើទោះបីជាអ្នកស្រី ជឿន ពិនិត្យមិនឃើញសញ្ញាវិជ្ជមាននៃកូវីដ-១៩ក្ដី ក៏ស្ត្រីសម្ដីរដឺនដែលជាអ្នកស្រុកលើរូបនេះ មិនចេញក្រៅផ្ទះ ជួបជុំជាមួយអ្នកភូមិតាមទម្លាប់ចាស់ដែរ ហើយអ្នកស្រីពន្យល់ដូច្នេះ។ «ខ្ញុំមកបាន១៥ថ្ងៃហើយ។ ពិនិត្យតែរឿយៗ ពេទ្យគេមកពិនិត្យក្នុងភូមិ ៤ទៅ៥ថ្ងៃគេមកពិនិត្យម្ដង។ ពិនិត្យទាំងតូចទាំងធំ អ្នកមកពីថៃ គេពិនិត្យទាំងអស់គ្នា។ គេគ្រាន់តែវាស់កំដៅ។ ខ្ញុំនៅធ្វើការ នៅក្នុងផ្ទះរាល់ថ្ងៃ ខ្ញុំមិនសូវហ៊ានដើរផ្ទះគេទេ គឺនៅតែក្នុងផ្ទះខ្លួនឯង។ ខ្ញុំទៅធ្វើការនៅថៃ បានប្រាក់បន្តិចបន្ទួច ក៏ទម្លាក់ឱ្យយាយឱ្យតាចាយខ្លះផង ព្រោះគ្រួសាររបស់ខ្ញុំមានសមាជិកច្រើនណាស់»។

រីឯអ្នកស្រី សារឿន ស្រីយ៉ាំ អាយុ៣៦ឆ្នាំ ដែលមានកូន៣នាក់ បានទៅធ្វើការនៅក្នុងប្រទេសថៃ ផ្នែកលក់ម្ហួបអាហារ ឯទីក្រុងបាងកក។ ទើបតែធ្វើការបាន៩ខែ អ្នកស្រីក៏ត្រូវត្រឡប់មកស្រុកកំណើតវិញ ព្រោះហេតុផលដូចគ្នាគឺកូវីដ-១៩។ ក្រោយពីពិនិត្យមិនឃើញរោគសញ្ញាអ្នកស្រី សារឿន ស្រីយ៉ាំ ដែលរស់នៅខេត្តឧត្តរមានជ័យ បានត្រឹមដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកភូមិប៉ុណ្ណោះ។ «ខ្ញុំមកដល់ជាយដែន មានគេនៅចាំពិនិត្យនៅទល់ដែន ហើយពេលមកដល់ផ្ទះខ្ញុំទៅពិនិត្យបាន២ដង។ មេភូមិប្រាប់ថាបើសិនជាមានអ្នកដែលមកក្រោយខ្ញុំ ត្រូវទុកពួកគាត់នៅតាមសាលារៀន ដែលកូនសិស្សឈប់សម្រាករៀន ដើម្បីឱ្យនៅដោយឡែកសិន។ ប៉ុន្តែនៅក្នុងជំនាន់ដែលមកជាមួយខ្ញុំ មិនបាច់ដាក់ដោយឡែកទេ»។

លោក ម៉ុន ហៃ ដែលជាមេភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ពលករដែលមកពីធ្វើការនៅប្រទេសថៃ ប្រសិនបើមិនមានអាការសង្ស័យណាមួយទេនោះ គឺត្រូវបានអនុញ្ញាតឱ្យនៅជាមួយគ្រួសារ។ «គេដាក់នៅតាមផ្ទះរបស់គាត់ លុះត្រាណាតែមានអាការមិនស្រួលខ្លួន ទើបបានគេយកទៅពេទ្យ។ អ្នកមកពីថៃនៅភូមិរបស់ខ្ញុំ ប្រហែលជាចូលជិត៣០នាក់។ អ្នកខ្លះគាត់មកពីថ្ងៃទី១៦ នោះគឺគម្រប់១៤ថ្ងៃហើយ។ ដូច្នេះវាផុតហើយ។ ហើយអ្នកមកនៅថ្ងៃទី២០ គឺមិនមានគ្រុនរងាអ្វីទេ។ ប៉ុន្តែប្រសិនបើមានឈឺ ក្រសួងសុខាភិបាលខេត្តក្រុង ឬមណ្ឌលសុខភាព គាត់ឱ្យយើងតាមដានជាប់ ហើយត្រូវចាក់មេក្រូប្រចាំ ដើម្បីផ្សព្វផ្សាយឱ្យគាត់យល់»។ ក៏មានស្រុកកំណើត នៅខេត្តឧត្តរមានជ័យដែរ អ្នកស្រី ឡិន ជឿន អះអាងថា អ្នកស្រីនឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ នៅពេលដែលជំងឺឆ្លងនេះ ផុតរលត់ទៅ។ «បើជំងឺសះស្បើយពេលណា ក៏គេឱ្យខ្ញុំត្រឡប់ទៅវិញ។ គេឱ្យលេខទូរសព្ទមក ដើម្បីឱ្យហៅទៅរក ហើយខ្ញុំក៏ឱ្យលេខទូរសព្ទរបស់ខ្ញុំ ទៅគេវិញដែរ»៕

website_news/2020080410.txt · Last modified: 2020/04/08 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki