website_news:2020080502

ពលករមកពីក្រៅប្រទេសជាង៣.០០០នាក់បានផុតចត្តាឡីស័គ១៤ថ្ងៃនៅតាមផ្ទះ

http://www.rasmeinews.com/ May 7, 2020, 8:09 PM

ដោយ: គង់ហេង/កំពង់ចាម: គិតត្រឹមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២០ ខេត្តកំពង់ចាម មានពលករ ពលការិនីពីក្រៅប្រទេសមកស្រុកកំណើរចំនួន ៣.០២៤ នាក់ បានរួចផុតពីចត្តាឡីស័កចំនួន ១៤ ថ្ងៃ។ គឺអនុញ្ញាតឱ្យុចេញក្រៅផ្ទះធ្វើទំនាក់ទំនងជាមួយបងប្អូនមិត្តភក្តិឬធ្វើដំណើរទៅកាន់ទីប្រជុំនៅក្នុងខេត្តបានហើយ។

នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២អាណត្តិទី៣ឆ្នាំ២០២០ក្រុមប្រឹក្សាខេត្តនៅក្នុងខេត្តនេះនាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាបញ្ហាជំងឺឆ្លងកូវីដ.១៩បើទោះជាក្នុងក្របខណ្ឌខេត្តកំពង់ចាមបានព្យាបាលអ្នកជំងឺបានជាសះស្បើយទាំង១៦នាក់ហើយ។ ក្នុងក្របខណ្ឌទូទាំងប្រទេសមានអ្នកជំងឺនេះចំនួន១២២នាក់ គឺបច្ចុប្បន្នគ្រូពេទ្យបានព្យាបាលជាចំនួន១២០នាក់ក៏ដោយក៏យើងនៅតែមានការព្រួយបារម្ភដដែល។ លោកប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩ បានបន្តថាយើងត្រូវព្រួយបារម្ភជំងឺនេះវាអាចកើតឡើងវិញ ដែលហៅថាជា«រលកទី២»។ ដោយស្ថានភាពបណ្តាលមកពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ និងមន្ត្រីរបស់យើងគឺមិនបានការពារអាងថាអស់មានអ្នកជំងឺហើយរស់នៅគ្មានអនាម័យការទំនាក់ទំនងកាន់តែជិតស្និទ្ធិ នៅជិតគ្នា។

លោកបានបន្ថែមថា ការនេះទាមទារឱ្យមន្ត្រីរបស់យើងត្រូវបន្តផ្សព្វផ្សាយ និងអប់រំនៅតាមសហគមន៍ ឬចុះតាមខ្នងផ្ទះប្រាប់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលជាពលករពលការិនីដែលមានកត្តាពីរធ្វេសប្រហែសខាងក្នុង និងកត្តាធ្វេសប្រហែសខាងក្រៅ ដែលនឹងបណ្តាលឳ្យមាន«រលកទី២» នៃជំងឺកូវីដ.១៩ ដូចប្រទេសសិង្ហបុរី។ លោកបានបន្តថារលកទី១យើងដឹងហើយថាជំងឺនេះឆ្លងតាមរយ:ការនាំចូលពីខាងក្រៅប្រទេស ។ដូច្នេះក្នុងក្របខណ្ឌខេត្តយើងនៅតែបន្តរក្សាការអប់រំការផ្សព្វផ្សាយពីវិធានការអនាម័យវិធានការការពារដល់ប្រជាពលរដ្ឋ។ ដោយបន្តគ្រប់គ្រងពលករមកពីក្រៅប្រទេស គឺបច្ចុប្បន្នមានចំនួន ៣.១០៤ នាក់។ ក្នុងនោះបានឱ្យធ្វើចត្តាឡីស័កទាំងអស់ ក្រោយពីពិនិត្យសុខភាពរួច គឺមកដល់ថ្ងៃទី ៧ ខែឧសភា នេះពួកគាត់ជាពលករពលការិនីចំនួន ៣.០២៤ នាក់បានផុតចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងនៅចំនួន ៧៨ នាក់ផ្សេងទៀតកំពុងធ្វើចត្តាឡីស័ក៕S/

website_news/2020080502.txt · Last modified: 2020/05/08 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki