website_news:2020080508

ឯកឧត្ដម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាជាមួយលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍ការងារ (IOM) ដើម្បីពិភាក្សាអំពីយន្តការបង្កើនកិច្ចសហប្រតិបត្តិបន្ថែមទៀត

https://www.facebook.com/General-Department-of-Labour 08-05-2020

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាជាមួយលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍ការងារ (IOM) និងសហការី ដើម្បីពិភាក្សាអំពីយន្តការបង្កើនកិច្ចសហប្រតិបត្តិបន្ថែមទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ហ៊ូ វុឌ្ឍី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានសហការការងារល្អជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមក៖

-សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយទេសន្តរប្រវេសន៍ការងារឆ្នាំ២០១៩-២០២៣

-សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករ ស្ដីពីការជ្រើសរើសពលករដោយអនុលោមតាមក្រមសីលធម៌ និងរាជបញ្ញត្តិរបស់ប្រទេសថៃ ស្ដីពីការនាំពលករទេសន្តរប្រវេសន៍ទៅធ្វើការជាមួយនិយោជកនៅប្រទេសថៃ។

-សិក្ខាសាលាប្រឹក្សាយោបល់ ស្ដីពីការដាក់បញ្ចូលការសិក្សាផ្នែកទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងជំនាញទន់ទៅក្នុងកម្មវិធីអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងខេត្តគោលដៅ។

លោកស្រី Kristin PARCO ក៏បានថ្លែងអំណរគុណដល់ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។ លោកស្រី ក៏បានជម្រាបផងដែរថា អំពីកិច្ចសហប្រតិការជាមួយរដ្ឋាភិបាលថៃ លើការអនុវត្តគម្រោង PROMISE មានដូចជា៖

-ផលិតជាសម្ភារ សម្រាប់ផ្សព្វផ្សាយអំពីចំណេះដឹងដល់ពលករក្នុងការផ្លាស់ប្ដូរថៅកែ

-សំណង អត្ថប្រយោជន៍ និងផលប៉ះពាល់អំពីការផ្លាស់ប្ដូរថៅកែ

-សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗពីការងារស្របច្បាប់

-ផលប៉ះពាល់ដែលជាពលករមិនមានឯកសារគ្រប់គ្រាន់

-ការផ្សព្វផ្សាយពាក់ព័ន្ធនឹងសុខភាព និងផ្សព្វផ្សាយព័ត៌មានបន្តរបស់រដ្ឋាភិបាលកម្ពុជា និងថៃដល់ពលករ ព្រមទាំងផលិតឃ្លីបអប់រំដល់ពលករផងដែរ។

លោកស្រី ក៏បានបន្ថែមផងដែរថា នៅអំឡុងការរីករាលដាលជំងឺកូវីដ-១៩ អង្គការ IOM សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរនៅខេត្តជាប់ព្រំដែន បានសម្រួលដល់អង្គការ IOM ក្នុងការជួយពលករកម្ពុជាឆ្លងកាត់ព្រមដែនកម្ពុជា-ថៃ និងដឹកពួកគាត់ដល់ស្រុកកំណើត ដោយរៀបចំកន្លែងចត្តាឡីស័ក និងវិធានអនាម័យស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសអង្គការ IOM មានគម្រោងអនុវត្តនៅខេត្តចំនួន ៦ គឺខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រៃវែង និងកំពង់ធំ។

ជាលទ្ធផល ក្រសួង និងអង្គការ IOM ប្ដេជ្ញាបន្តកិច្ចសហការការងារជាមួយគ្នានាពេលអនាគត ដូចខាងក្រោម៖

-សិក្សាស្រាវជ្រាវភាពងាយរងគ្រោះរបស់ពលករកម្ពុជាវិលត្រឡប់ពីបរទេសមកកម្ពុជាវិញ ក៏ដូចជាការគាំពារពលករកម្ពុជាឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅថ្នាក់តំបន់ និងអន្តរជាតិ

-អង្គការ IOM នឹងជួយគាំទ្រក្នុងការអនុវត្តន៍លើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រី ការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹង ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារស្តីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVT

-អង្គការ IOM នឹងបន្តផ្ដល់ជំនួយបច្ចេកទេសលើការពង្រឹងសមត្ថភាពដល់មន្រ្តីរបស់ក្រសួង និងបុគ្គលិកទីភ្នាក់ងារជ្រើសរើសពលករ

-បន្តពិភាក្សាលើការរៀបចំផែនការដើម្បីផ្ដល់ការបណ្តុះបណ្តាលជំនាញដល់ពលករទេសន្តរប្រវេសន៍កម្ពុជា (TVET)

website_news/2020080508.txt · Last modified: 2020/05/08 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki