website_news:2020080603

សូមប្រជាពលរដ្ឋកុំចាញ់បោក ការឃោសនាអូសទាញរបស់ក្រុមមេខ្យល់ក្នុងការឆ្លងដែនដោយខុសច្បាប់

http://www.matimohachunnews.com/ June 06, 2020

ខេត្តបាត់ដំបង៖ នៅក្នុងអំឡុងពេលដែលស្ថានភាពនៃការគំរាមកំហែងដោយករណីCovid-19 នៅតែបន្តមានជារៀងរាល់ថ្ងៃ រីឯការធ្វើដំណើរវិលចូលមកក្នុងប្រទេសវិញរបស់ប្រជាពលរដ្ឋយើងនៅតែមានជាបន្តបន្ទាប់នោះ បានកត់សម្គាល់ឃើញថា មានការលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រកបមុខរបរ ឬបំពេញការងារផ្សេងៗ នៅក្នុងប្រទេសថៃ ពីសំណាក់ប្រជាពលរដ្ឋ ក៏នៅតែកើតមានជាបន្តបន្ទាប់ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការវរៈ បានសហការណ៍ជាមួយកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងទាហ៊ានឈុនតខ្មៅនៃព្រះរាជាណាចក្រថៃ ក្នុងកងអនុសេនាធំលេខ១៣០៣ ធ្វើការទប់ស្កាត់ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ក្រោមការបំផុសឃោសនាអូសទាញដោយក្រុម (មេខ្យល់)ផងនោះមានចំនួន៣៨នាក់ ក្នុងនោះស្រីចំនួន១៧នាក់ ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន និងបញ្ជូនមកឱ្យសមត្ថកិច្ចយើងវិញ។

ចំពោះបញ្ហានេះលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវប្រជាពលរដ្ឋទាំង៣៨នាក់នេះ មន្រ្តីសុខាភិបាលដែលប្រចាំការនៅមូលដ្ឋានបានធ្វើការ តាមជំនាញ(ពិនិត្យសុខភាព) រួចរាល់ទើបប្រគល់មកឱ្យនគរបាលស្រុកធ្វើការសាកសួរបំភ្លឺ ហើយក្នុងចំណោមនោះមានក្រុម(មេខ្យល់)ចំនួន០៣នាក់ ដែលជាអ្នកដឹកនាំឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់នេះដែលក្នុងចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី រីឯប្រជាពលរដ្ឋចំនួន ៣៥នាក់ បានធ្វើការអប់រំណែនាំពួកគាត់កុំឱ្យចាញ់បោកការឃោសនា អូសទាញពីសំណាក់ក្រុមមេខ្យល់ទៀត រួចបានអនុញ្ញាតឱ្យពួកគាត់វិល ត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋយើង សូមកុំឱ្យចាញ់បោកការឃោសនាអូសទាញពីសំណាក់ក្រុម(មេខ្យល់) ដែលនាំបងប្អូនឱ្យចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នេះឱ្យសោះព្រោះនេះគឺជារឿងខុសច្បាប់ហើយក៏ប្រឈមខ្លាំងជាមួយនឹងការណីឆ្លង ជម្ងឺCovid-19ផងដែរ៕

website_news/2020080603.txt · Last modified: 2020/06/08 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki