website_news:2020080610

ភ័ស្តុតាងដ៏លើសលប់ ពិពណ៌នាពីការរំលោភបំពានលើកុមារ និងការបន្លំប្រាក់ជាច្រើនលានដុល្លារ ដោយអតីតអ្នកដឹកនាំ និងអតីតបុគ្គលិក ក្នុងភូមិសុវណ្ណកុមារ

http://freshnewsasia.com/ 2020-06-07

(ភ្នំពេញ)៖ កាលពីខែតុលា ឆ្នាំ២០១៩ សុវណ្ណកុមារ Sovann Komar, LLC ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជុំវិញការរំលោភបំពានលើកុមារធ្ងន់ធ្ងរដោយ លោក សុធា អរុណ និងអតីតបុគ្គលិកនៅភូមិកុមារសុវណ្ណកុមារ ក្នុងរាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះរៀបរាប់លម្អិតអំពីការរំលោភបំពានធ្ងន់ធ្ងររួមមាន ការវាយដំលើរាងកាយ ការយាយីផ្លូវភេទ និងការធ្វើទារុណកម្ម។

ក្នុងរយៈពេល៨ខែចុងក្រោយនេះ លោក សុធា អរុណ អតីតនាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិបានប៉ុនប៉ងបង្វែរយុត្តិធម៌តាមរយៈយុទ្ធសាស្រ្តជាច្រើនប៉ុន្តែមិនកំណត់ការបញ្ចុះបញ្ចូលមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ឱ្យជ្រៀតជ្រែកក្នុងដំណើរការតុលាការប្រឆាំងនឹងលោក សុធា ដោយនាំយកករណីក្លែងបន្លំនៃអំពើប្លន់ប្រដាប់អាវុធប្រឆាំងនឹងមេធាវីសុវណ្ណកុមារ និងប្រើឧបាយកលគ្រប់គ្រងអនីតិជននៅភូមិសុវណ្ណកុមារ។ ទោះយ៉ាងណាក៏ដោយ បណ្តឹងព្រហ្មទណ្ឌពីរ (២) ត្រូវបានបញ្ជូនទៅតុលាការដើម្បីប្តឹងប្រឆាំងនឹង លោក សុធា និងបក្ខពួករបស់គាត់ គឺ៖ មួយករណីទាក់ទងនឹងការលួចបន្លំប្រាក់រាប់លានដុល្លារ និងមួយករណីទៀតទាក់ទងនឹងការរំលោភបំពានលើកុមារ។

កាលពីខែសីហា ឆ្នាំ២០១៩ លោក សុធា និងសមាជិកមួយចំនួននៃថ្នាក់គ្រប់គ្រងរបស់អង្គការសុវណ្ណកុមារ ត្រូវបានបញ្ឈប់ពីបទប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរ រួមមានការរំលោភបំពានលើកុមារ ការធ្វើទារុណកម្ម និងការបង្អត់ចំណីអាហារដល់អនីតិជន។ ឪពុកម្តាយចិញ្ចឹមមួយចំនួនក៏ត្រូវបានបញ្ឈប់ពីបទសមគំនិតជាមួយលោកសុធា។ ក្នុងខែមករាឆ្នាំនេះ អនីតិជនម្នាក់នៃសុវណ្ណកុមារ បានទទួលសារគំរាមពីគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនដែលត្រូវបានប៉ាន់ស្មានថា មានជាប់ទាក់ទងជាមួយ លោក សុធា។ សារទាំងនោះរួមមានការគំរាមកំហែងនៃការយាយីផ្លូវភេទ និងឃាតកម្ម ជាមួយនឹងការទាមទារឱ្យអនីតិជននោះគាំទ្រលោក សុធា ប្រឆាំងនឹងនីតិវិធីរបស់តុលាការដែលគាត់កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ ហ្វេសប៊ុកបានរកឃើញគណនីមួយចំនួនដែលមានប្រភពចេញពីម្ចាស់តែមួយ ហើយបិទគណនីទាំងនោះចោល។ ថ្នាក់គ្រប់គ្រងថ្មីរបស់សុវណ្ណកុមារ បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅរបស់អនីតិជននោះដើម្បីរក្សាសុវត្ថិភាពរបស់គាត់។

អនីតិជនដែលបានទទួលសារគំរាម គឺជាសាក្សីដ៏មានសក្តានុពលក្នុងបណ្តឹងព្រហ្មទណ្ឌ ដែលកំពុងប្រឆាំងនឹងលោក សុធា និងឪពុកម្តាយចិញ្ចឹមដទៃទៀត។ សារគំរាមកំហែងដែលអនីតិជនបានទទួលបានជំរុញឱ្យមានការស្រាវជ្រាវទូរស័ព្ទដៃរបស់កុមារ នៅឯសុវណ្ណកុមារ។ លទ្ធផលបានបង្ហាញពីសាររំខានដែលមានជាប់ទាក់ទងនឹង លោក សុធា និងបក្ខពួក។

វាបានបង្ហាញឱ្យឃើញថា លោក សុធា បានស្នើសុំដល់កុមារមួយចំនួនរួមទាំងកូនចិញ្ចឹមផ្ទាល់ខ្លួនរបស់គាត់នៅក្នុងកម្មវិធីនេះផងដែរ ដើម្បីប្រមូលសវនកម្ម និងសម្ភារខុសច្បាប់ ដូចជាការប៉ុនប៉ងធ្វើអត្តឃាតក្លែងក្លាយដោយអនីតិជន ដើម្បីគាំទ្រការប៉ុនប៉ងបញ្ឈប់នីតិវិធីប្រឆាំងនឹងគាត់។ កូនស្រីចិញ្ចឹមរបស់ លោក សុធា ថែមទាំងបានផ្តល់លេខទូរស័ព្ទ របស់មន្រ្តីរាជរដ្ឋាភិបាល និងទំនាក់ទំនងរបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីកុមារដទៃទៀតតវ៉ា ដោយមានការព្រមានមិនឱ្យប្រាប់នរណាម្នាក់ថាលេខទូរស័ព្ទនោះ គឺបានមកពីឪពុកនាង។ លើសពីនេះទៀតនៅក្នុងទូរស័ព្ទទាំងនោះ គេបានរកឃើញនូវវីដេអូនៃព្រឹត្តិការណ៍ ដែលបានរៀបចំរួចប្រកបដោយភាពរំខាននៃកុមារប្រាំបួន (៩) នាក់ ដែលកុមារទាំងនោះផ្តល់សក្ខីកម្មសរសើរលោក សុធា។ លោក សុធា បានបង្ហាញអាកប្បកិរិយាប្រកបដោយភាពមិនគោរពចំពោះសុវត្ថិភាពរបស់កុមារ ដែលកាលពីមុនស្ថិតក្រោមការមើលថែរបស់គាត់។ ក្នុងការប្រព្រឹត្តដ៏ឃោរឃៅមួយ ដែលត្រូវបានបញ្ជាក់ដោយសាក្សី កុមារាពីរ (២) រូបត្រូវបានឃុំឃាំង ធ្វើទារុណកម្ម និងបង្អាត់អាហារប្រមាណជាបីសប្តាហ៍ នៅឯអង្គការក្រៅរាជរដ្ឋាភិបាលនោះ ហើយខំរក្សាជីវិតដោយទទួលទានផ្លែស្វាយពីមែកឈើក្បែរៗ និងអាហារពីឪពុកម្តាយចិញ្ចឹមផ្សេងទៀតដែលលួចយកឲ្យ។

នេះគឺជាការដាក់ទណ្ឌកម្មរបស់ លោក សុធា ចំពោះកុមារម្នាក់ក្នុងចំណោមកុមារដទៃដែលប្រឆាំងនឹងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ និងភាពមិនសមរម្យក្នុងការមានទំនាក់ទំនងផ្លូវភេទជាមួយនឹងសមាជិកដទៃទៀតក្នុងភូមិ និងប្រតិកម្មរបស់គាត់ចំពោះការវាយធ្វើបាបយ៉ាងព្រៃផ្សៃលើកូនទាំងពីរដោយម្តាយចិញ្ចឹម (គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយ) និងស្វាមីរបស់គាត់។ ភាពបង្អត់អាហារបស់កុមារទាំងពីរ បានបញ្ចប់នៅពេលឪពុកម្តាយចិញ្ចឹមជាច្រើននាក់នៅក្នុងភូមិបានអំពាវនាវឲ្យ លោក សុធា អនុញ្ញ្ញាតឱ្យពួកគេផ្តល់អាហារដល់កុមារទាំងនោះ ដែលលោកបានផ្តល់លក្ខខណ្ឌតម្រូវឲ្យឪពុកម្តាយចិញ្ចឹមចុះហត្ថលេខាលើលិខិតអនុញ្ញាតិជាផ្លូវការដែលផ្តល់ដោយ លោក សុធា។ ឯកសារនេះដែលមានភ្ជាប់ជាមួយនឹងហត្ថលេខារបស់ លោក សុធា ត្រូវបានរកឃើញឡើងវិញ រួមជាមួយនឹងសៀវភៅបញ្ជីដែលត្រូវបានរក្សាទុកដោយចុងចោទម្នាក់គឺ អ្នកស្រី ជាតិ ចាន់ មរកត អតីតគណនេយ្យករដែលបានចងក្រងឯកសារ ស្តីពីថ្ងៃដែលកុមារមិនទទួលបានអាហារ។

កុមារដទៃទៀតដែលប្រឆាំងនឹងសកម្មភាពរបស់ លោក សុធា ក៏ត្រូវបានដាក់ទណ្ឌកម្មដែរ។ យោងតាមគោលការណ៍ដែលបានពិពណ៌នាដោយ លោក សុធា ជា «ការធ្វើការជួបជុំឡើងវិញ» រវាងក្រុមគ្រួសារបង្កើតរបស់ពួកគេ កុមារមួយចំនួនត្រូវបានគេបណ្តេញចេញពីភូមិ។ កុមារីម្នាក់ដែលត្រូវបានបណ្តេញចេញត្រូវបានគេរកឃើញនៅក្នុងស្ថានភាពគួរឱ្យស្ញែងខ្លាចនៅក្នុងតំបន់អនាធិបតេយ្យនៃរាជធានីភ្នំពេញ។ នាងត្រូវបាន លោក សុធា កំណត់ជាគោលដៅដាក់ទណ្ឌកម្ម បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ថាបានធ្វើការលួចពីបុគ្គលិកស្រីម្នាក់ដែលគាត់ជិតស្និទ្ធជាមួយ។ កុមារម្នាក់ទៀតដែលត្រូវបាន «ជួបជុំឡើងវិញ» ដោយ លោក សុធា គឺកុមារាអាយុ ១៥ ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងពន្ធនាគារមនុស្សពេញវ័យមួយនៅក្នុងរាជធានីភ្នំពេញ។ លោក សុធា បានលាក់បាំងកន្លែងស្នាក់នៅរបស់គាត់ពីក្រុមស៊ើបអង្កេតនៅឆ្នាំ ២០១៩។ ដោយមានការយល់ព្រមពីពួកគេ អនីតិជនទាំងនោះត្រូវបានវិលត្រឡប់ទៅក្នុងភូមិវិញ។ ចំពោះកុមារពីរនាក់ក្នុងចំនោមកុមារបីនាក់ ដែលបាន «ធ្វើការជួបជុំឡើងវិញ» ដោយ លោក សុធា បានអះអាងថា «ឪពុកម្តាយ» មិនមែនជាឪពុកម្តាយបង្កើតទេ។

ក្រុមច្បាប់ដែលមានអំណាចមេធាវីពីសុវណ្ណកុមារអិលអិលស៊ី កំពុងប្រមូលភស្តុតាងនិងពិនិត្យឯកសារនានា ដែលបញ្ជាក់ព័ត៌មានដែលបានចាប់យកនៅក្នុងរបាយការណ៍មុន ដែលធ្វើឡើងដោយស្ថាប័នឯករាជ្យ ហើយត្រូវបានបង្ក្រាបដោយ លោក សុធា និងបក្ខពួក។ បន្ថែមលើសក្ខីកម្ម ភ័ស្តុតាងថ្មីបានលេចចេញមកដែលបង្ហាញពីភាពធ្ងន់ធ្ងរ និងទំហំនៃកាវាយដំធ្វើបាបដែលកុមាររងគ្រោះនៅក្នុងភូមិ។ ភ័ស្តុតាងបង្ហាញថា លោក សុធា អរុណ មានការជួយជ្រោមជ្រែងពីអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ និងទីប្រឹក្សាជាច្រើនរូប ដែលធ្លាប់បានគ្រប់គ្រងភូមិដូចជាសក្ដិភូមិ ការបង្កើតឲ្យមានបរិយាកាសវាយដំធ្វើបាប ដែលកុមារជាជនរងគ្រោះទទួលរងនូវការវាយដំធ្វើបាប និងការធ្វេសប្រហែសលើការយកចិត្តទុកដាក់ពីគ្រួសារចិញ្ចឹម ខណៈដែលកុមារដទៃទៀតត្រូវបានគេថែរក្សាយ៉ាងល្អទៅតាមទំនាក់ទំនងដែលពួកគេមានជាមួយ លោក សុធា។

ឪពុកម្តាយចិញ្ចឹមខ្មែរមួយចំនួនធំនៅក្នុងកម្មវិធីនេះបានចេញមុខមកផ្តល់សក្ខីកម្មប្រឆាំងនឹងលោក សុធា អរុណនិងបក្ខពួករបស់គាត់។ បន្ទាប់ពីបញ្ឈប់បុគ្គលិកចាស់ៗ ក្រុមគ្រប់គ្រងថ្មីត្រូវបានបង្កើតឡើងនៅឯសុវណ្ណកុមាររដើម្បីការពារកុមារ។ នៅខែសីហា ឆ្នាំ២០១៩ អ្នកយាមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុធា អរុណ នៅក្នុងភូមិត្រូវបានបញ្ឈប់នៅដោយមានវត្តមានរបស់មេធាវីកម្ពុជា ហើយក្រុមសន្តិសុខថ្មីមួយត្រូវបានបង្កើតឡើង។ អតីតអ្នកយាមទាំងអស់ទទួលបានកញ្ចប់ផ្តាច់ប្រាក់ឈ្នួលសមស្របទៅតាមច្បាប់កម្ពុជា។ លោកសុធាអរុណ និងបក្ខពួកបានព្យាយាមបង្ខូចឈ្មោះបុគ្គលិកថ្មីជាលេសដើម្បីឱ្យអតីតបុគ្គលិកនិងឪពុកម្តាយចិញ្ចឹមហឹង្សាត្រឡប់ទៅភូមិវិញ ប៉ុន្តែវាមិនត្រូវបានអនុញ្ញាត។ បណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌបន្ថែមទៀតត្រូវបានដាក់នៅថ្ងៃទី ៨ ខែវិច្ឆិកា ទាក់ទងនឹងការក្លែងបន្លំហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងភូមិ ដែលក្នុងនោះលោកសុធា និងបុគ្គលដទៃទៀតត្រូវបានជាប់ពាក់ព័ន្ធ។

សុវណ្ណកុមារ អិលអិលស៉ី Sovann Komar, LLC និងក្រុមប្រឹក្សាកុមារមាស Golden Children Inc កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញសុខភាពផ្លូវចិ ត្តនិងបានដាក់ចេញនូវគោលការណ៍ការពារកុមារឱ្យបានពេញលេញ។ «ពួកយើងមានមោទនភាពចំពោះភាពអត់ធ្មត់របស់កូនៗយើង», លោក Kara Heide សមាជិកក្រុមប្រឹក្សាសុវណ្ណកុមារ បានថ្លែងបន្តថា «ក៏ដូចជាសុចរិតភាព និងការលះបង់របស់ក្រុមអ្នកគ្រប់គ្រងថ្មីរបស់ពួកយើង»។ អ្នកឧបត្ថម្ភធំៗនៅពីក្រោយសុវណ្ណកុមារនៅតែប្តេជ្ញាចំពោះចក្ខុវិស័យដើមសម្រាប់សុវណ្ណ កុមារដដែលគឺ៖ ដើម្បីបង្កើតគេហដ្ឋានប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅកម្ពុជាដើម្បីអាចអភិវឌ្ឍន៍ ទៅរកសក្តានុពលពេញលេញរបស់ពួកគេ៕

website_news/2020080610.txt · Last modified: 2020/06/08 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki