website_news:2020080705

អ្នកទោសម្នាក់ត្រូវអាជ្ញាធរថៃដោះលែង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ០៩:១៦ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសវ័យក្មេងម្នាក់ត្រូវបានក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ កក្កដា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសវ័យក្មេងខាងលើឈ្មោះតំ ខេន ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២០ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកតាសឹម បានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ។មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសវ័យក្មេងម្នាក់ដែលក្រុមអាជ្ញាធរថៃដាក់ការចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ខាងលើនោះ ក្រោយពីសមត្ថកិច្ចទទួលបានហើយក៏ធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនដោយខុសច្បាប់ជាបន្តទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញនៅក្នុងថ្ងៃដដែល ។ គួរបញ្ជាក់ថា អ្នកទោសដែលជាប់គុកពីបទឆ្លងដែនកាប់ឈើគ្រញួងក្នុងទឹកដីថៃដោយខុសច្បាប់ ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងជាបន្តបន្ទាប់ផងដែរ នេះមិនមែនជាលើទីមួយនោះទេ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020080705.txt · Last modified: 2020/07/08 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki